បញ្ហាដែលលាក់កំបាំង
មនុស្សជាច្រើនកំពុងតែរស់នៅដោយការព្យាយាមក្នុងការបំពេញការរំពឹងទុករបស់អ្នកដទៃ ដូចជា គ្រួសារ មិត្តភក្តិ សាច់ញាតិ អ្នកជិតខាង អ្នករួមការងារ ឬ សង្គម ជាដើម តែជួនកាលអ្នកភ្លេចថា អ្នកកំពុងតែរស់នៅជាមួយភាពក្លែងក្លាយរបស់អ្នក។ អ្នកអាចនឹងលួចគិតថា នេះមិនមែនជាខ្ញុំទេ។ សំនួរដែលសំខាន់នោះគឺ តើអ្នកជានរណា នៅពេលដែលអ្នកនៅម្នាក់ឯង?
ការរស់នៅជាខ្លួនឯងមានន័យដូចម្តេច?
លក្ខណៈមួយដ៏សំខាន់នៃការរស់នៅជាខ្លួនឯងគឺ ភាពមិនល្អឥតខ្ជោះ។ ក្នុងជីវិតរស់នៅ ការតាមរកភាពល្អឥតខ្ជោះអាចក្លាយជាការព្យាយាមសំដែងទៅវិញ ហើយជីវិតមនុស្សម្នាក់ៗមិនមាននរណាម្នាក់ដែលអាចហៅបានថា ជាបុគ្គលល្អឥតខ្ជោះឡើយ ពីព្រោះនិយមន័យនៃភាពល្អឥតខ្ជោះប្រែប្រួលទៅតាមការយល់ឃើញរបស់បុគ្គលម្នាក់ៗ ឬសង្គមនីមួយៗ។ ដូចនេះការរស់នៅជាខ្លួនឯងមានន័យថា អ្នកកំពុងតែរស់នៅ ដោយការទទួលស្គាល់នូវភាពមិនល្អឥតខ្ជោះរបស់ខ្លួន តែប្រឹងប្រែងកែប្រែឲ្យប្រសើរជាងមុន ដោយមិនមែនយកភាពឥតខ្ជោះជាគោលដៅនោះទេ។ ដើម្បីរស់ជាខ្លួនឯង អ្នកត្រូវទទួលស្គាល់ថា តើអ្នកជានរណា តាមរយៈការទទួលយកនូវទាំងចំនុចខ្លាំង និងចំនុចខ្សោយរបស់ខ្លួន ហើយបោះបង់នូវភាពចាំបាច់នៃការសំដែងគ្រប់ពេលវេលា។ ភាពពិតរបស់អ្នកអាចជារបស់ដែលកំរ ហើយវាគឺជាភាពត្រូវគ្នារវាងផ្នែកខាងក្នុង និងជីវិតខាងក្រៅរបស់អ្នក ។
ហេតុអ្វីបានជាអ្នកបាត់បង់ខ្លួនឯង?

មនុស្សជាច្រើនបានបាត់បង់ខ្លួនឯងក្នុងកំរិតណាមួយដោយមិនដឹងខ្លួន នៅពេលពួកគេចាប់ផ្តើមប្រឡូកក្នុងសង្គមខាងក្រៅ។ កត្តាទីមួយដែលបង្កការបាត់បង់នេះគឺ ភាពភ័យខ្លាចចំពោះការកាត់សេចក្តី ឬការបដិសេធរបស់អ្នកដទៃ។ អ្នកព្យាយាមធ្វើសកម្មភាព ឬឥរិយាបថដែលហាក់ដូចមានអ្នកដទៃនៅជុំវិញខ្លួន កំពុងតែឃ្លាំមើល ឬកាត់សេចក្តីថា សកម្មភាពរបស់អ្នកត្រឹមត្រូវដែរឬទេ ឬអ្នកកំពុងធ្វើអ្វីមួយដើម្បីជៀសវាងការបដិសេធរបស់នរណាម្នាក់។ តែធាតុពិតគឺអ្នកដទៃមិនដែលខ្វល់ពីអ្នកឡើយ គេអាចមានការគិតអំពីអ្នកតែមួយភ្លែត តែពួកគេនឹងផ្តោតសំខាន់លើជីវិតរបស់ខ្លួនគេវិញ។ ដូចនេះ ការគិតបែបនេះគឺជាការគិតមិនចាំបាច់។ ការគិតបែបនេះអាចបង្កើតសំពាធសំរាប់ខ្លួនឯង។ ចូរចាំថា បើសិនសកម្មភាពរបស់អ្នកមិនប៉ះពាល់សិទ្ធិរបស់អ្នកដទៃ អ្នកគួរតែចាប់ផ្តើមបោះបង់ចោលនូវភាពភ័យខ្លាចឥតប្រយោជន៍ទាំងនេះទៅ ដើម្បីអភិវឌ្ឍខ្លួនអ្នកឲ្យបានល្អប្រសើរ។
កត្តាទី ២ ដែលធ្វើឲ្យបាត់បង់ខ្លួនអ្នកគឺសំពាធសង្គម ដូចជា គ្រួសារ វប្បធម៌ ទំនៀមទំលាប់ ឬភាពពេញនិយមជាដើម។ ការរស់នៅក្នុងសង្គមគឺជៀសមិនផុតពីការត្រូវអនុលោមតាមសង្គមតាមបែបផែនណាមួយ។ បើអ្នកមិនស្របតាមសង្គម វប្បធម៌ អ្នកអាចក្លាយជាមនុស្សក្រៅសង្គមហើយអាចទទួលទណ្ឌកម្មតាមបែបផែនណាមួយពីសង្គម។ ការដើរតាមគន្លងវប្បធម៌មិនមែនជារឿងអ្វីធ្ងន់ធ្ងរនោះទេ ភាគច្រើនវាផ្តល់នូវផលវិជ្ជមាន ឬការចុះសម្រុងនឹងអ្នកជុំវិញខ្លួន តែអ្វីដែលជាបញ្ហាគឺការដើរតាមភាពពេញនិយមដែលមិនល្អ ឬមិនចាំបាច់ ដូចជា ការដេញតាមជីវភាពទំនើប ស៊ីវិល័យ ទាំងដែលអ្នកមិនមានលទ្ធភាពគ្រប់គ្រាន់។ វាអាចធ្វើឲ្យអ្នកបាត់បង់ភាពជាខ្លួនឯងក្នុងដំណើរការនេះ។
កត្តាទី ៣ ដែលជាកត្តាចុងក្រោយគឺការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ។ នៅពេលដែលអ្នកប្រឹងប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ វាមានន័យថា អ្នកកំពុងតែយកជីវិតអ្នកដទៃមកវាស់វែងជីវិតខ្លួនឯង ហើយក្នុងដំណើរការនេះ អ្នកអាចនឹងបាត់បង់នូវអ្វីដែលជាភាពពិតរបស់ខ្លួនឯង ដោយសារអ្នកប្រឹងប្រែងធ្វើអ្វីៗ ឬចង់បានអ្វីៗឲ្យដូចគេ។ អ្នកអាចនឹងភ្លេចអ្វីទៅដែលជាចំនូលចិត្តរបស់ខ្លួនឯង អ្វីទៅជាភាពខ្លាំងរបស់ខ្លួនឯង អ្វីទៅជាលក្ខណៈពិសេសរបស់ខ្លួនឯង។ ឧទាហរណ៍ អ្នកចាប់យកជំនាញមួយដោយសារតែតាមមិត្តភក្តិជាដើម។
តាមរយៈកត្តាទាំង ៣ នេះ អ្នកអាចនឹងបាត់បង់ខ្លួនឯង ដោយសារតែអ្នកព្យាយាមធ្វើតាមការចង់បានរបស់កត្តាខាងក្រៅ ឬអាចនិយាយម្យ៉ាងទៀតថា អ្នកកំពុងតែដោះដូរនូវភាពពិតរបស់ខ្លូនឯងដើម្បីទទួលបានការទទួលយកពីអ្នកដទៃ។
៤. គុណវិបត្តិនៃការបាត់បង់ខ្លួនឯង
ការដែលអ្នកមិនរស់នៅជាខ្លួនឯងអាចបង្កឲ្យមានគុណវិបត្តិមួយចំនួនដែលអ្នកគួរដឹង។ ទី ១ គឺអ្នកអាចមានអារម្មណ៍ថា ខ្លួនឯងទទេរ។ អ្នកមានអារម្មណ៍ថា អ្នកមិនមែនជាខ្លួនឯង អ្នកមិនបានទទួលអ្វីដែលអ្នកចង់បាន ឬមានអារម្មណ៍ថា អ្នកបានផ្តាច់ខ្លួនពីគោលដៅដ៏មានន័យសំរាប់ជីវិតអ្នក។ លើសពីនេះ ការមិនរស់ជាខ្លួនឯងអាចធ្វើឲ្យអ្នកមានអារម្មណ៍ហត់នឿយដោយសារតែការព្យាយាមសំដែងគ្រប់ពេលវេលា។ អ្នកអាចបាត់បង់នូវថាមពលដ៏ខ្លាំងក្លាដែលកើតមានចំពោះតែមនុស្សដែលធ្វើអ្វីចេញពីធាតុពិតរបស់ខ្លួន អ្នកអាចនឹងបាត់នូវទឹកចិត្តក្នុងការចូលរួមជាមួយអ្នកដទៃ ដោយសារតែវាក្លាយជាបន្ទុកដ៏ធ្ងន់របស់អ្នកក្នុងការព្យាយាមធ្វើពុត ឬសំដែង។ មួយវិញទៀត ការទទួលបានភាពជោគជ័យដែលបានមកពីការមិនមែនជាខ្លួនឯងអាចធ្វើឲ្យភាពជោគជ័យនោះហាក់គ្មានអត្ថន័យសំរាប់អ្នក គ្រាន់តែជាការធ្វើដើម្បីទទួលបានការទទួលស្គាល់ពីអ្នកដទៃ។ ផលវិបាកទាំងនេះធ្វើឲ្យជីវិតរបស់អ្នកហាក់មិនត្រូវបានបំពេញ គ្មានន័យ និងហត់នឿយ។
៥. ការជ្រើសរើសផ្លូវនៃការរស់នៅជាខ្លួនឯងពិតៗ
ដំណឹងល្អនោះគឺអ្នកអាចចាប់ផ្តើមរស់នៅជាខ្លួនឯងម្តងទៀត ហើយវាមិនមែនជាអ្វីដែលពិបាកនឹងធ្វើនោះទេ ប៉ុន្តែវាទាមទារនូវការអនុវត្តក្នុងរយៈពេលយូរដែរ។ អ្នកអាចចាប់ផ្តើមជាមួយជម្រើសតូចៗក្នុងជីវិតអ្នក។ ឧទាហរណ៍ អ្នកអាចរៀននិយាយអ្វីដែលជាការពិតចេញពីការគិតរបស់អ្នក ប៉ុន្តែក្នុងន័យរម្យទម្យសុភាពរាបសារ និងសន្តានចិត្តល្អ។ អ្នកអាចចាប់ផ្តើមធ្វើអ្វីៗដែលអ្នកគិតថា ត្រឹមត្រូវ មិនមែនដើម្បីឲ្យអ្នកដទៃមើលមកថាត្រឹមត្រូវនោះទេ។ ការអនុវត្តភាពជាខ្លួនឯងគឺជាការអនុវត្តប្រចាំថ្ងៃ មិនមែនជាការសម្រេចចិត្តតែម្តងនោះទេ។ អ្នកកាន់តែអនុវត្ត អ្នកកាន់តែប្រែក្លាយខ្លួនឯងបានប្រសើរជាងមុន។
៦. តុល្យភាព៖ មិនមែនអត្មានិយម ឬភាពក្លែងក្លាយឡើយ
តាមរយៈគោលគំនិតនេះ ការអនុវត្តនូវការរស់នៅជាខ្លួនឯងទាមទារនូវតុល្យភាព មិនមែនជាការលើកទឹកចិត្តឲ្យធ្វើអ្វីតាមតែខ្លួនឯងចង់ធ្វើនោះទេ ដោយសារទង្វើខ្លះប៉ះពាល់ដល់អ្នកដទៃ។ ការរស់នៅជាខ្លួនឯងមិនមែនមានន័យថា អ្នកមិនខ្វល់ខ្វាយពីអ្នកដទៃនោះឡើយ។ អ្នកនៅតែគិតពីផលអាក្រក់លើអ្នកជុំវិញខ្លួនដដែល ប៉ុន្តែការអនុវត្តភាពជាខ្លួនឯងទាមទារនូវការដើរតាមផ្លូវកណ្តាលដូចនឹងទស្សនៈមជ្ឈមាបដិបទាអញ្ចឹង ដែលមានន័យថា អ្នកមានការគោរពចំពោះអ្នកដទៃ ប៉ុន្តែក្នុងដំណើរការនេះ អ្នកក៏មិនបានបាត់បង់ខ្លួនឯងដែរ។ អ្នកអាចរស់នៅជាមួយការពិតរបស់អ្នកតែអ្នកនៅតែមានសន្តានចិត្តល្អចំពោះគ្រប់គ្នា។ ផ្ទុយពីការគិតខុសរបស់អ្នក ការរស់នៅជាខ្លួនឯងដែលមិនប៉ះពាល់ដល់អ្នកដទៃបែរជាទាក់ទាញអ្នកដទៃមកកាន់អ្នកកាន់តែច្រើនទៅវិញទេ ដោយសារមនុស្សឲ្យតម្លៃទៅលើភាពស្មោះត្រង់របស់អ្នក ភាពពិតរបស់អ្នក ហើយភាពពិតរបស់អ្នកអាចក្លាយជាចំនុចខ្លាំងរបស់អ្នកដែលអ្នកដទៃមិនបានដឹងនៅពេលអ្នកកំពុងរស់នៅជាមួយភាពក្លែងក្លាយរបស់អ្នក។ ការបញ្ចេញភាពពិតអាចធ្វើឲ្យអ្នកដទៃអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកកាន់តែជិតស្និត ហើយនឹងទទួលបានសេចក្តីសុខយ៉ាងពិតប្រាកដ។
សរុបសេចក្តីមក ដើម្បីរស់នៅប្រកបដោយសេចក្តីសុខពិត និងភាពជោគជ័យ អ្នកមិនចាំបាច់ក្លាយខ្លួនជានរណាម្នាក់ដទៃនោះទេ តែអ្នកគ្រាន់តែត្រលប់មកកាន់ខ្លួនអ្នកឡើងវិញ។ វាហត់នឿយខ្លាំងណាស់ក្នុងការព្យាយាមសំដែងជាអ្នកដទៃ។ មនុស្សម្នាក់ៗមានភាពខ្លាំងនិងលក្ខណៈពិសេសដែលគួរឲ្យចាប់អារម្មណ៍របស់ខ្លួន ប៉ុន្តែការប្រឡូកក្នុងសង្គមអាចធ្វើឲ្យមនុស្សម្នាក់បាត់បង់នូវចំនុចខ្លាំង បាត់បង់ភាពពិតរបស់ខ្លួន ឬមិនអាចយកវាមកប្រើប្រាស់ដើម្បីភាពរីកចម្រើនរបស់ខ្លួនបាន។ ជីវិតដែលពោរពេញដោយភាពស្ងប់សុខបំផុតមិនមែនជាជីវិតដែលល្អឥតខ្ជោះឡើយ តែវាគឺជាជីវិតដែលរស់នៅជាមួយភាពពិតរបស់ខ្លួន។



