ការរស់នៅក្នុងសម័យទំនើបនាពេលបច្ចុប្បន្ន ងាយណាស់នឹងរុញច្រានយើងទៅកាន់ចំនុចមួយដែលហួសប្រមាណ។ យើងអាចនឹងខិតខំធ្វើការខ្លាំងពេក ហើយផ្ទុយទៅវិញ យើងក៏អាចមិនធ្វើអ្វីទាំងអស់តែម្តង។ ការខិតខំធ្វើការខ្លាំងជ្រុលនាំឲ្យយើងអស់កំលាំងខ្លាំង មានភាពតានតឹងផ្លូវអារម្មណ៍ និងបាត់បង់សុខុមាលភាពផ្ទាល់ខ្លួន។ ការដែលយើងមិនធ្វើអ្វីសោះនាំឲ្យយើងជួបបរាជ័យ និងខ្វះភាពរីកចម្រើនផងដែរ។ តែអ្វីដែលយើងកំពុងតែបាត់បង់ ឬកំពុងតែភ្លេចវា គឺ តុល្យភាព ឬផ្លូវកណ្តាល។ នៅក្នុងទ្រឹស្តីព្រះពុទ្ធសាសនា វាត្រូវបានគេហៅថា មជ្ឈមាបដិបទា។
១. តើអ្វីទៅជាមជ្ឈមាបដិបទា?
ដោយផ្អែកលើទ្រឹស្តីនៃព្រះពុទ្ធសាសនា៖
មជ្ឈមាបដិបទា គឺជា “ផ្លូវកណ្ដាល” ដែលព្រះពុទ្ធបានបង្រៀន ដើម្បីជៀសវាងពីចំណុចខ្លាំងទាំងពីរ គឺ
១) ការលង់លក់ក្នុងកាមសុខ (សុខតាមអារម្មណ៍) និង
២) ការបង្ខំខ្លួនឯងយ៉ាងតឹងរឹង (ទុក្ខកិច្ចអត្តកិលមថានុយោគ)
ផ្លូវកណ្ដាលនេះ ជាផ្លូវដែលនាំឲ្យកើតមាន បញ្ញា ការយល់ដឹងត្រឹមត្រូវ សេចក្ដីស្ងប់ និងការបញ្ចប់ទុក្ខ។ បើនិយាយឲ្យងាយយល់ មជ្ឈមាបដិបទា គឺជាផ្លូវរស់នៅដោយសមតុល្យ មិនលើស មិនខ្វះ ដែលនាំទៅរកប្រាជ្ញា និងការលែងមានទុក្ខ។
បើយើងបកស្រាយមកជាការអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ការធ្វើអ្វីមួយដែលនាំឲ្យកើតសេចក្តីសុខគឺត្រូវឋិតក្នុងកំរិតកណ្តាល មិនខ្លាំងពេក ហើយក៏មិនតិចពេក។ យើងគួរជៀសវាងនូវកំរិតខ្លាំងទាំងពីរគឺ ការបណ្តោយខ្លួនក្នុងសោយសុខ និងការដាក់កំរិតលើខ្លួនឯងជ្រុលពេក។ វាគឺសំដៅលើ តុល្យភាពប្រកបដោយបញ្ញា។
២. បញ្ហាដែលបង្កដោយកំរិតខ្លាំងទាំងពីរ
កាលណាយើងខិតខំធ្វើការពេក ដោយមិនមានពេលសំរាក គិតពីសុខភាពខ្លះ នោះវានឹងនាំមកនូវការហត់នឿយ ស្ត្រេស ឬអារម្មណ៍មិនស្ងប់។ ការនឿយហត់ ឬសំពាធផ្លូវចិត្តដោយស្ត្រេស បើបណ្តោយក្នុងរយៈពេលយូរ នឹងអាចបង្កជាបញ្ហាគេងមិនលក់ ការធ្លាក់ទឹកចិត្ត ឬការថប់អារម្មណ៍។ ការគេងមិនស្កប់ស្កាល់ ការធ្លាក់ទឹកចិត្ត ឬការថប់អារម្មណ៍នឹងបង្កើនបញ្ហាធ្ងន់ធ្ងរដល់សុខភាពអ្នក ដែលអាចធ្វើឲ្យអ្នកលែងធ្វើការបានល្អដូចមុន ឬក៏អាចបោះបង់ការងារនោះចោលតែម្តងក៏មាន ដោយសារការធ្លាក់ទឹកចិត្តអាចធ្វើឲ្យយើងលែងមានកំលាំងចិត្តក្នុងការធ្វើការងារណាមួយបានល្អ។ ការគេងមិនលក់ ការថប់អារម្មណ៍ក៏បង្កឲ្យយើងលែងមានសមាធិផ្តោតលើការងារបានល្អ ដែលធ្វើឲ្យផលិតកម្មការងាររបស់យើងកាន់តែធ្លាក់ចុះ។
ផ្ទុយទៅវិញ ភាពស្រណុកស្រួលពេកក៏ធ្វើឲ្យអ្នកឋិតក្នុងស្ថានភាពនឹងថ្កល់ដែរ មិនមានការរីកចម្រើនទៅមុខ។ យូរៗទៅ អ្នកទទួលលទ្ធផលនៃភាពបរាជ័យ អ្នកបាត់បង់ក្តីសង្ឃឹម ហើយវាអាចនាំទៅរកការធ្លាក់ទឹកចិត្តផងដែរ ដោយសារតែអ្នកកាន់តែបាត់បង់នូវទំនុកចិត្តលើខ្លួនឯង លែងចង់ចូលរួមក្នុងការប្រាស្រ័យទាក់ទងក្នុងសង្គម។
លើសពីនេះ ការគិតពិចារណាក្នុងកំរិតមួយមានសារសំខាន់ណាស់ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវសំរាប់ការរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែកាលណាការគិតមានបរិមាណច្រើនពេក វាអាចបង្កជាជម្ងឺថប់អារម្មណ៍ទៅវិញ មានន័យថា អ្នកព្យាយាមគិតពីអ្វីៗដែលមិនទាន់កើតឡើងនៅពេលអនាគតខ្លាំងពេក។ ផ្ទុយទៅវិញ ការមិនអើពើ មិនគិតសោះក៏ក្លាយជាការសម្រេចចិត្តដែលមិនល្អ ដែលនាំទៅរកបញ្ហាផ្សេងៗក្នុងជីវិតដូចគ្នា។
ដូចដែលបានរៀបរាប់ខាងលើ អ្វីៗដែលខ្លាំងពេកតែងបង្កើតនូវទុក្ខសៅហ្មង ហើយផ្លូវកណ្តាលតែងបង្កើតនូវតុល្យភាពដែលនាំទៅរកជីវិតដែលមានក្តីសុខ។
៣. ភាពបរាជ័យនៃកំរិតខ្លាំងពេកក្នុងជីវិតសម័យទំនើប
បញ្ហានៃកំរិតខ្លាំងពេកពិតឆ្លុះបញ្ចាំងយ៉ាងខ្លាំងមកជីវិតរបស់យើងនាសម័យទំនើបបច្ចុប្បន្ន ខណៈមនុស្សកំពុងប្រកួតប្រជែងគ្នា ខិតខំរកប្រាក់ និងកេរ្តិ៍ឈ្មោះជាដើម។ បើយើងក្រឡេកមើលទៅកាន់វិស័យការងារនិងផលិតកម្មការងាររបស់យើង កាលណាយើងប្រឹងធ្វើការរកលុយមិនឈប់មិនឈរ ដោយគ្មានពេលសំរាក អ្នកនឹងឆាប់មានបញ្ហាអស់កំលាំង លែងមានកំលាំងចិត្ត ក្នុងការធ្វើការបន្ត ប៉ុន្តែបើសិនអ្នកមិនខិតខំធ្វើការសោះ នោះអ្នកនឹងមិនសម្រេចបានលទ្ធផលអ្វីដូចគ្នា។ ដូចនេះ ការធ្វើតុល្យភាពរវាងការងារ និងការសំរាក លំហែកាយមានសារសំខាន់។ ការដើរក្នុងផ្លូវកណ្តាលទីនេះមានន័យថា ខណៈដែលអ្នកកំពុងខិតខំធ្វើការ អ្នកនៅតែមានពេលសំរាប់ការរីករាយនឹងជីវិត ដូចជា ការគេងបានគ្រប់គ្រាន់ ការហូបអាហារទៀងទាត់ពេលវេលា ការហាត់ប្រាណ ការជួបជុំជាមួយមនុស្សជាទីស្រលាញ់ជាដើម។ តាមពិតទៅ អ្វីដែលជួយអ្នកឲ្យសំរេចគោលដៅបានល្អ មិនមែនជាការចំនាយពេលច្រើន ដោយគ្មានការសំរាក ដើម្បីធ្វើការនោះទេ ប៉ុន្តែវាគឺជាការចំនាយពេលធ្វើការមានពេលកំណត់ ប៉ុន្តែប្រកបដោយសមាធិ ការផ្តោតអារម្មណ៍បានល្អលើការងារដែលអ្នកកំពុងធ្វើ។
ពាក់ព័ន្ធនឹងវិន័យ និងការស្វែងរកការសប្បាយ វាក៏ត្រូវការតុល្យភាពផងដែរ។ កាលណាអ្នកកំណត់នូវវិន័យខ្លួនឯងតឹងរ៉ឹងពេកចំពោះខ្លួនឯង នោះអ្នកក៏ប្រឈមនឹងបញ្ហាផ្លូវចិត្តផងដែរ ដូចជា ការស្ត្រេស ការថប់អារម្មណ៍ និងសំពាធពីការប្រឹងខ្លាំងពេក។ ផ្ទុយទៅវិញ បើអ្នកបណ្តោយខ្លួននឹងការស្វែងរកការសប្បាយ ដោយមិនគិតពីការងារវិន័យដែលអ្នកត្រូវធ្វើពេក អ្នកក៏អាចក្លាយជាមនុស្សដែលបាត់បង់នូវគោលដៅរបស់ខ្លួនផងដែរ។ គន្លឹះសំខាន់គឺការដើរផ្លូវកណ្តាល មានន័យថា អ្នកនៅតែអនុវត្តវិន័យរបស់អ្នក តែបោះបង់នូវការចង់បានភាពល្អឥតខ្ជោះក្នុងជីវិត អ្នកនៅតែស្វែងរកការសប្បាយខ្លះ ខណៈដែលអ្នកកំពុងធ្វើការទៅកាន់គោលដៅរបស់អ្នក។
ចំពោះការគិត និងអារម្មណ៍ក៏ដូចគ្នា ការគិតច្រើនពេកក៏មិនល្អ ប៉ុន្តែការមិនគិតសោះក៏មិនល្អដូចគ្នា។ ការគិតច្រើនពេកអាចនាំឲ្យអ្នកមានអារម្មណ៍ស្ត្រេស និងថប់អារម្មណ៍ ដែលអ្នកព្យាយាមគិត និងព្រួយបារម្ភពីរឿងដែល អាចនឹងកើតឡើងនៅពេលអនាគត ទាំងដែលអ្នកមិនដឹងថា វានឹងកើតឡើងឬអត់ផង។ ការមិនអើពើនឹងអារម្មណ៍អ្នកសោះក៏មិនល្អដូចគ្នា ជួនកាលចិត្តរបស់អ្នកចង់ប្រាប់អ្នកឲ្យឈប់សំរាក។ បើសិនជាអ្នកមានអាការៈគិតច្រើនជ្រុល ចូរចាប់ផ្តើមសង្កេតលើគំនិតរបស់អ្នក ហើយកុំឆ្លើយតបទៅកាន់ពួកវា។
៤. ផ្លូវកណ្តាលគឺសំដៅលើការរលឹក
ពាក្យថាតុល្យភាពមិនមែនមានន័យថា វានៅនឹងថ្កល់នោះទេ មានន័យថា វាផ្លាស់ប្តូរពីពេលមួយទៅពេលមួយទៀត ហើយវាទាមទារនូវ ការចេះរលឹកដឹងដោយខ្លួនឯង និងការសង្កេតយ៉ាងស្មោះត្រង់។ អ្នកអាចសួរខ្លួនឯងជារឿយៗថា តើនេះវាច្រើនពេកហើយ ឬតើនេះវាតិចពេកហើយ? ការដើរក្នុងផ្លូវកណ្តាលគឺជាការអនុវត្តសុទ្ធសាធ ហើយវាមិនមែនជាច្បាប់នោះទេ។ វាមិនសំដៅលើគោលការណ៍ដាច់ខាតណាមួយឡើយ វាគឺអ្វីមួយដែលអ្នកអាចធ្វើការផ្លាស់ប្តូរ ខណៈពេលដែលអ្នកកំពុងអនុវត្តវា។
៥. របៀបអនុវត្តមជ្ឈមាបដិបទាក្នុងជីវិតប្រចាំថ្ងៃ
ដើម្បីឆ្ពោះទៅរកការដើរផ្លូវកណ្តាល ដែលជាគន្លឹះនៃភាពជោគជ័យប្រកបដោយនិរន្តរភាព និងសេចក្តីសុខ អ្នកអាចចាប់ផ្តើមអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖
ក. វិធីសាស្ត្រនៃការឈប់សិន៖ មុនពេលដែលអ្នកធ្វើសកម្មភាពអ្វីមួយ អ្នកត្រូវឈប់សិន ហើយពិនិត្យលើខ្លួនឯង ដោយសួរសំនួរថា តើខ្ញុំកំពុងតែតបតភ្លាមៗ ឬឆ្លើយតបប្រកបដោយវិចារណញាណ?
ខ. ក្បួននៃការផ្លាស់ប្តូរតែ ១ ភាគរយ៖ នៅពេលដែលអ្នកចង់ផ្លាស់ប្តូរអ្វីដែលអាចមានហានិភ័យ សូមកុំចាប់ផ្តើមឡើងផ្លាស់ប្តូរគ្រប់យ៉ាង ឬទាំងស្រុងតែម្តង ចូរផ្លាស់ប្តូរម្តងបន្តិចៗ រហូតដល់អ្នកទទួលបានតុល្យភាព។
គ. សង្កេតឥរិយាបថខ្លួនឯង៖ ក្នុងវិធីសាស្ត្រនេះ អ្នកត្រូវធ្វើការសង្កេតលើខ្លួនឯងជារឿយៗដើម្បីរកនូវ កន្លែងណាដែលអ្នកកំពុងតែធ្វើសកម្មភាពខ្លាំងពេក ដូចជា ការងារ ការប្រើប្រាស់បណ្តាញសង្គម ការហូបអាហារ ជាដើម។
ឃ. កសាងទំលាប់ដែលមាននិរន្តរភាព៖ អ្នកត្រូវសួរខ្លួនថា តើខ្ញុំអាចធ្វើសកម្មភាពនេះបានជាប់លាប់ ដោយមិននឿយហត់ដែរឬទេ?
៦. អត្ថប្រយោជន៍នៃការរស់នៅក្នុងផ្លូវកណ្តាល
ការអនុវត្តមជ្ឈមាបដិបទាពិតជាផ្តល់នូវតុល្យភាពសំរាប់ការរស់នៅប្រកបដោយសុភមង្គលនាពេលបច្ចុប្បន្ន។ ក្នុងបរិបទសម័យកាលនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា វាងាយណាស់នឹងនាំឲ្យមនុស្សដើរប្រាសចាកពីគន្លងនៃផ្លូវកណ្តាល ដោយសារការចង់បានឥតឈប់ឈរ។ ដោយលែកការអនុវត្តមជ្ឈមាបដិបទាផ្តល់ផលប្រយោជន៍ជាច្រើនដល់យើង ដូចជា ភាពស្ងប់ក្នុងផ្លូវចិត្ត ការកាត់បន្ថយការថប់អារម្មណ៍ ឬការនឿយណាយពីការងារ ការសម្រេចចិត្តបានល្អប្រសើរជាងមុន ភាពជោគជ័យមួយប្រកបដោយនិរន្តរភាព និងស្ថេរភាពនៃផ្លូវចិត្ត។
សេចក្តីសន្និដ្ឋាន
ការដើរផ្លូវកណ្តាលនៃមជ្ឈមាបដិបទា មិនមែនជាការខិតខំពុះពារពេក ហើយក៏មិនមែនជាការបោះបង់ដែរ។ វាជាផ្លូវមួយដែលជួយឲ្យអ្នកធ្វើអ្វីមួយបានយូរ និងជោគជ័យប្រកបដោយចីរភាព ដោយមិនដាក់បន្ទុកបញ្ហាមកកាន់សុខុមាលភាពរបស់អ្នក។ ការដើរផ្លូវកណ្តាលនេះក៏មិនមែនជាតម្លៃនៃការធ្វើតាមបែបថេរ ឬដាច់ខាតដែរ តែវាគឺជាការកែតម្រូវបន្តិចម្តងៗ ឆ្ពោះទៅកាន់តុល្យភាពក្នុងការរស់នៅ។ ការដើរផ្លូវកណ្តាលមានលក្ខណៈស្ងប់ស្ងាត់ ប៉ុន្តែមានឥទ្ធិពលអស្ចារ្យ ជាគន្លឹះនៃភាពជោគជ័យយូរអង្វែង។ ក្នុងពិភពលោកដែលពោរពេញដោយការដើរក្នុងកំរិតលើសហួសប្រមាណ តុល្យភាពបានក្លាយជាចំនុចខ្លាំងដ៏សំខាន់សំរាប់មនុស្សសម័យថ្មី។


