សំណួរអំពីន័យនៃជីវិត គឺជាបញ្ហាមួយដែលមានសារៈសំខាន់ និងមានអាយុកាលយូរអង្វែងបំផុតសម្រាប់មនុស្សជាតិ។ តាមរយៈវប្បធម៌ និងសម័យកាលផ្សេងៗ មនុស្សតែងតែស្វែងរកការយល់ដឹងអំពីហេតុផលនៃការរស់នៅ និងគោលបំណងចុងក្រោយនៃជីវិត។ ការស្វែងរកន័យនេះមានឫសគល់ជ្រៅក្នុងចិត្តសាស្ត្រមនុស្ស ដែលលេចឡើងនៅពេលមានការឆ្លុះបញ្ចាំង ភាពមិនប្រាកដប្រជា និងការចង់ដឹងអំពីពិភពលោក និងតួនាទីរបស់យើងក្នុងនោះ។
ទស្សនវិជ្ជា ជាវិស័យមួយដែលផ្អែកលើការគិតវិភាគ និងការសួរសំណួរ ហើយបានពិភាក្សាអំពីបញ្ហានេះអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។ ចាប់ពីទស្សនវិទូបុរាណរហូតដល់ទស្សនវិទូសម័យទំនើប ទស្សនវិទូបានផ្តល់ការបកស្រាយនានា ដែលធ្វើឡើងតាមបរិបទប្រវត្តិសាស្ត្រ ជំនឿ និងការយល់ដឹងអំពីធម្មជាតិនៃមនុស្ស។ ទស្សនវិទូមួយចំនួនអះអាងថា ន័យនៃជីវិតមានស្រាប់ក្នុងរចនាសម្ព័ន្ធនៃសកលលោក ខណៈដែលអ្នកផ្សេងទៀតជឿថា មនុស្សត្រូវបង្កើតន័យដោយខ្លួនឯងតាមរយៈជម្រើស និងសកម្មភាព។
ភាពចម្រុះនៃគំនិតទាំងនេះបង្ហាញថា មិនមានចម្លើយតែមួយច្បាស់លាស់ចំពោះន័យនៃជីវិតទេ។ ផ្ទុយទៅវិញ ទស្សនវិជ្ជាផ្សេងៗ ផ្តល់នូវការយល់ដឹងដែលផ្ទុយគ្នាប៉ុន្តែបំពេញគ្នាទៅវិញទៅមក ដែលលើកទឹកចិត្តឱ្យយើងគិតពិចារណា សួរសំណួរ និងបង្កើតការយល់ដឹងផ្ទាល់ខ្លួនអំពីគោលបំណងនៃជីវិត។
I. ទស្សនវិជ្ជាបុរាណ៖ គោលបំណង និងគុណធម៌
ទស្សនវិជ្ជាបុរាណបានផ្តល់នូវការពិចារណាដំបូងៗ និងមានឥទ្ធិពលខ្លាំងបំផុតអំពីន័យនៃជីវិត ដោយផ្តោតសំខាន់លើគំនិតអំពីគោលបំណង គុណធម៌ និងការរីកចម្រើនពេញលេញរបស់មនុស្ស។ ក្នុងចំណោមទស្សនវិទូដ៏លេចធ្លោបំផុតក្នុងសម័យនេះ មាន សូក្រាត ប្លាតូ និងអារីស្តូត ដែលគំនិតរបស់ពួកគេនៅតែមានឥទ្ធិពលលើការគិតទស្សនវិជ្ជារហូតដល់សព្វថ្ងៃ។
A. សូក្រាត និង ប្លាតូ
សូក្រាត ដែលជាអ្នកបង្កើតមូលដ្ឋានសំខាន់ម្នាក់នៃទស្សនវិជ្ជាលោកខាងលិច បានជឿថា ន័យនៃជីវិតស្ថិតនៅក្នុងការស្វែងរកសេចក្តីពិត និងបញ្ញា។ គាត់បានលើកស្ទួយសារៈសំខាន់នៃការពិនិត្យខ្លួនឯង និងការគិតវិភាគ ដោយបាននិយាយថា “ជីវិតដែលមិនបានពិនិត្យ មិនសមនឹងរស់ឡើយ”។ សម្រាប់សូក្រាត ជីវិតដែលមានន័យត្រូវការការសួរសំណួរជានិច្ចអំពីជំនឿ តម្លៃ និងសកម្មភាពរបស់ខ្លួន។
សិស្សរបស់គាត់ ប្លាតូ បានអភិវឌ្ឍគំនិតទាំងនេះបន្ថែម ដោយសន្និដ្ឋានថា ចំណេះដឹងពិតប្រាកដកើតឡើងពីការយល់ដឹងអំពីសច្ចធម៌អចិន្រ្តៃយ៍ ដែលលើសពីពិភពរូបវន្ត។ ប្លាតូបានអះអាងថា ដោយការស្វែងរកបញ្ញា និងធ្វើឱ្យចិត្តដើរសមស្របជាមួយគោលការណ៍ខ្ពង់ខ្ពស់ មនុស្សអាចរស់នៅក្នុងជីវិតប្រកបដោយគោលបំណង និងភាពច្បាស់លាស់ខាងសីលធម៌។
B. អារីស្តូត
ដោយផ្អែកលើមូលដ្ឋានគំនិតរបស់អ្នកមុនៗ អារីស្តូតបានណែនាំវិធីសាស្ត្រដែលមានលក្ខណៈអនុវត្ត និងមានប្រព័ន្ធក្នុងការយល់ដឹងអំពីគោលបំណងនៃជីវិត។ មូលដ្ឋានសំខាន់នៃទស្សនវិជ្ជារបស់គាត់គឺគំនិតដែលគេហៅថា eudaimonia (យូដៃម៉ូនែរ) ដែលត្រូវបានបកប្រែថា “ការរីកចម្រើនពេញលេញ” ឬ “សុខុមាលភាព”។ មិនដូចនឹងសុភមង្គលធម្មតា eudaimonia បង្ហាញពីស្ថានភាពនៃការរស់នៅយ៉ាងល្អ និងការអភិវឌ្ឍសមត្ថភាពពេញលេញរបស់មនុស្សក្នុងរយៈពេលនៃអាយុកាលទាំងមូល។
អារីស្តូតបានជឿថា ស្ថានភាពនេះអាចសម្រេចបានតាមរយៈការបណ្តុះបណ្តាលគុណធម៌ ដែលពាក់ព័ន្ធនឹងការបង្កើតទម្លាប់ល្អ និងការប្រើប្រាស់ហេតុផលក្នុងជីវិតប្រចាំថ្ងៃ។ តាមរយៈគាត់ ជីវិតដែលមានន័យគឺជាជីវិតដែលប្រព្រឹត្តតាមគុណធម៌ ប្រកបដោយតុល្យភាពរវាងចំណង់ចំណូលចិត្ត និងការធ្វើជម្រើសដែលរួមចំណែកដល់ភាពល្អឥតខ្ជោះរបស់ខ្លួនជាមនុស្ស។
សរុបសេចក្តីមក ទស្សនវិទូបុរាណទាំងនេះបានបង្ហាញទស្សនៈមួយថា ន័យនៃជីវិតមិនមែនជារឿងដែលមានស្រាប់ពីខាងក្រៅទេ ប៉ុន្តែជារឿងដែលត្រូវបានបង្កើតឡើងតាមរយៈបញ្ញា ការឆ្លុះបញ្ចាំងខ្លួនឯង និងការរស់នៅស្របតាមគុណធម៌។
II. សាសនានិយម និងមជ្ឈិមសម័យ
ក្នុងមជ្ឈិមសម័យ សំណួរអំពីន័យនៃជីវិត ត្រូវបានភ្ជាប់យ៉ាងជិតស្និទ្ធជាមួយជំនឿសាសនា ជាពិសេសនៅក្នុងប្រពៃណីគ្រីស្ទសាសនា។ ទស្សនវិទូក្នុងសម័យនេះបានព្យាយាមយល់ដឹងអំពីការរស់នៅរបស់មនុស្សដោយភ្ជាប់ជាមួយព្រះ ដោយផ្តោតលើជំនឿ គោលបំណងដ៏បរិសុទ្ធ និងសេចក្តីសង្ឃឹមអំពីជីវិតទៅបរលោក។ ក្នុងចំណោមទស្សនវិទូដ៏មានឥទ្ធិពលបំផុត មាន សាំង អូហ្គុស្ទាំង (St. Augustine) និង ថូម៉ាស អាគីណាស (Thomas Aquinas) ដែលគំនិតរបស់ពួកគេនៅតែមានឥទ្ធិពលរហូតដល់សព្វថ្ងៃ។
A. សាំង អូហ្គុស្ទាំង (St. Augustine)
សាំង អូហ្គុស្ទាំង បានផ្តល់ទស្សនៈផ្លូវវិញ្ញាណយ៉ាងជ្រាលជ្រៅអំពីន័យនៃជីវិត ដោយអះអាងថា ការពេញចិត្តពិតប្រាកដអាចរកឃើញបានតែតាមរយៈការអធិដ្ឋាន និងការលះបង់ចំពោះព្រះប៉ុណ្ណោះ។ គាត់ជឿថា មនុស្សមានភាពមិនស្ងប់នៅក្នុងចិត្ត ប្រសិនបើពួកគេផ្តោតតែទៅលើការសប្បាយ និងវត្ថុបំណងក្នុងលោកិយ។
តាមទស្សនៈរបស់គាត់ ជីវិតនៅលើផែនដី មិនមែនជាចុងបញ្ចប់នោះទេ ប៉ុន្តែជាការរៀបចំសម្រាប់ជីវិតទៅលោកខាងមុខជាមួយព្រះ។ គាត់បានបង្រៀនថា មនុស្សគួរតែសង្រួមខ្លួនឯងមើលទៅខាងក្នុង និងស្វែងរកសេចក្តីពិតតាមរយៈជំនឿ និងការឆ្លុះបញ្ចាំង។ ដោយការធ្វើឱ្យជីវិតស្របតាមចេតនារបស់ព្រះ មនុស្សអាចរកឃើញសន្តិភាព និងន័យពិតប្រាកដដែលលើសពីភាពបណ្ដោះអាសន្ននៃពិភពរូបវន្ត។
B. ថូម៉ាស អាគីណាស (Thomas Aquinas)
ដោយបន្តលើមូលដ្ឋានគំនិតរបស់អ្នកមុនៗ ថូម៉ាស អាគីណាស បានបង្កើតវិធីសាស្ត្របែបប្រព័ន្ធ និងមានលក្ខណៈទស្សនវិជ្ជាច្បាស់លាស់ក្នុងការពន្យល់អំពីជំនឿសាសនា។ ការរួមចំណែកមួយក្នុងចំណោមការរួមចំណែកសំខាន់របស់គាត់គឺគំនិតថា ជំនឿ និងហេតុផល មិនមែនជារឿងផ្ទុយគ្នានោះទេ ប៉ុន្តែអាចសម្របសម្រួលគ្នាបាន។
តាមរយៈអាគីណាស គោលបំណងចុងក្រោយនៃជីវិតមនុស្ស គឺការរស់នៅជាមួយព្រះ ដែលជាទម្រង់ខ្ពស់បំផុតនៃសុភមង្គល និងការពេញចិត្ត។ ខណៈដែលជីវិតនៅលើផែនដី ផ្តល់ឱកាសសម្រាប់ការអនុវត្តគុណធម៌ និងអភិវឌ្ឍការយល់ដឹង វានៅតែដឹកនាំទៅរកគោលដៅចុងក្រោយនោះ។ អាគីណាសបានបញ្ជាក់ថា ដោយការរស់នៅតាមគុណធម៌ និងដឹកនាំដោយជំនឿ និងហេតុផល មនុស្សអាចខិតជិតទៅរកគោលបំណងដ៏ខ្ពស់បំផុតរបស់ខ្លួន។
សរុបសេចក្តីមក សាំង អូហ្គុស្ទាំង និង ថូម៉ាស អាគីណាស បានបង្ហាញទស្សនៈមួយថា ន័យនៃជីវិតមានមូលដ្ឋានលើទំនាក់ទំនងជាមួយព្រះ។ ការបង្រៀនរបស់ពួកគេបានលើកស្ទួយសារៈសំខាន់នៃជំនឿ ការរស់នៅតាមសីលធម៌ និងការស្វែងរកគោលបំណងខ្ពស់លើសពីពិភពសម្ភារៈ។
III. អត្តនិយម៖ ការបង្កើតន័យដោយខ្លួនឯង (Existentialism)
ផ្ទុយពីទស្សនៈសាសនា និងទស្សនវិជ្ជាបុរាណ ទស្សនវិទូអត្តនិយមបានអះអាងថា ជីវិតមិនមានន័យដែលបានកំណត់ជាមុនឡើយ។ ជំនួសវិញ ពួកគេបានផ្តោតលើសេរីភាព ការទទួលខុសត្រូវ និងគំនិតថា មនុស្សត្រូវបង្កើតគោលបំណងរបស់ខ្លួនដោយខ្លួនឯង។ ការប្រែប្រួលនេះបានដាក់បន្ទុកនៃន័យជីវិត មិនមែនលើអំណាចដ៏បរិសុទ្ធ ឬសច្ចធម៌សកលទៀតទេ ប៉ុន្តែលើជម្រើសផ្ទាល់ខ្លួន និងបទពិសោធន៍ជាក់ស្តែង។ ក្នុងចំណោមទស្សនវិទូអត្តនិយមដ៏មានឥទ្ធិពលបំផុត មាន ហ្សង់-ប៉ូល សាត្រ និង អាល់បឺត កាម៊ូស ដែលបានផ្តល់ទស្សនៈខុសៗគ្នា ប៉ុន្តែមានទំនាក់ទំនងគ្នាអំពីស្ថានភាពមនុស្ស។
A. ហ្សង់-ប៉ូល សាត្រ (Jean-Paul Sartre)
ហ្សង់-ប៉ូល សាត្រ បាននិយាយឃ្លាមួយដ៏ល្បីល្បាញថា “វត្តមានកើតមុនគោលបំណង” (existence precedes essence) ដែលជាគំនិតស្នូលនៃអត្តនិយម។ តាមសាត្រ មនុស្សមិនត្រូវបានកំណត់អត្តសញ្ញាណ ឬគោលបំណងជាមុនឡើយ ប៉ុន្តែពួកគេកើតមានសិន ហើយបន្ទាប់មកកំណត់ខ្លួនឯងតាមរយៈសកម្មភាព និងជម្រើសរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ សេរីភាពនេះភ្ជាប់មកជាមួយនូវការទទួលខុសត្រូវដ៏ធំធេង។ សាត្រ បានអះអាងថា រាល់ជម្រើសដែលមនុស្សធ្វើ មិនត្រឹមតែកំណត់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញអំពីអ្វីដែលមានន័យសម្រាប់មនុស្សទាំងពួងផងដែរ។ ដូច្នេះ មនុស្សមិនអាចគេចផុតពីការទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនបានទេ។ សូម្បីតែការមិនធ្វើអ្វីក៏ជាជម្រើសមួយដែរ។ សម្រាប់សាត្រ ន័យនៃជីវិតកើតឡើងតាមរយៈការសម្រេចចិត្តដោយមានការយល់ដឹង ការរស់នៅយ៉ាងស្មោះត្រង់ និងភាពក្លាហានក្នុងការទទួលស្គាល់សេរីភាពរបស់ខ្លួន។
B. អាល់បឺត កាម៊ូស (Albert Camus)
ទោះបីជាមានគំនិតស្រដៀងគ្នាជាមួយអត្តនិយមក៏ដោយ អាល់បឺត កាម៊ូស បាននាំមកនូវគំនិត “ភាពចម្លែកឬគ្មានន័យ” (absurd) ដើម្បីពិពណ៌នាអំពីស្ថានភាពមនុស្ស។ គាត់បានអះអាងថា ជីវិតគ្មានន័យដោយសារតែទំនាស់រវាង បំណងប្រាថ្នារបស់មនុស្សក្នុងការស្វែងរកន័យ និងពិភពលោកដែលស្ងៀមស្ងាត់ និងមិនអើពើ។ ភាពតានតឹងនេះត្រូវបានគាត់ហៅថា “ភាពចម្លែក ឬគ្មានន័យ”។
យ៉ាងណាក៏ដោយ កាម៊ូស មិនបានលើកទឹកចិត្តឱ្យមានការអស់សង្ឃឹមឡើយ។ ផ្ទុយទៅវិញ គាត់ជឿថា មនុស្សគួរតែទទួលយកភាពគ្មានន័យនេះ និងបន្តរស់នៅយ៉ាងពេញលេញ និងមានចិត្តក្លាហាន។ តាមរយៈគាត់ ន័យមិនត្រូវបានរកឃើញទេ ប៉ុន្តែត្រូវបានបង្កើតឡើងតាមរយៈការប្រឆាំងនឹងភាពគ្មានន័យ។ ដោយទទួលស្គាល់ថាជីវិតគ្មានគោលបំណងជាមុន ប៉ុន្តែនៅតែជ្រើសរើសរស់នៅដោយមានកិត្តិយស និងថាមពល មនុស្សអាចបញ្ជាក់ពីអត្ថិភាពរបស់ខ្លួនបាន។
សរុបសេចក្តីមក សាត្រ និង កាម៊ូស បានបង្ហាញទស្សនៈដ៏មានឥទ្ធិពលអំពីសេរីភាព និងការកំណត់ខ្លួនឯងរបស់មនុស្ស។ ទស្សនវិជ្ជារបស់ពួកគេបង្ហាញថា ទោះបីជាជីវិតមិនមានន័យដែលបានកំណត់ជាមុនក៏ដោយ ការខ្វះន័យនេះផ្ទាល់នេះ បានផ្តល់ឱកាសឱ្យមនុស្សបង្កើតគោលបំណង តម្លៃ និងអត្តសញ្ញាណរបស់ខ្លួនដោយខ្លួនឯង។
IV. អនិច្ចនិយម និងសង្ស័យនិយម (Nihilism and Skepticism)
អនិច្ចនិយម និងសង្ស័យនិយម គឺជាទស្សនៈមួយចំនួនដែលបង្កើតការប្រឈមដ៏ធំបំផុតចំពោះសំណួរអំពីន័យនៃជីវិត។ ផ្ទុយពីទស្សនវិជ្ជាប្រពៃណីដែលព្យាយាមកំណត់គោលបំណងតាមរយៈហេតុផល គុណធម៌ ឬជំនឿ ទស្សនៈទាំងនេះបានសួរថា តើមានន័យដែលមានស្រាប់ណាមួយឬទេ។ វាបង្ខំឱ្យមនុស្សប្រឈមមុខនឹងភាពមិនប្រាកដប្រជា និងការសង្ស័យ ដោយលើកឡើងសំណួរដ៏ជ្រាលជ្រៅអំពីតម្លៃ ភាពពិត និងវិធីដែលយើងគួររស់នៅក្នុងពិភពលោកដែលហាក់មិនអើពើ។
A. ហ្វ្រីដ្រីច នីច្សេ (Friedrich Nietzsche)
ហ្វ្រីដ្រីច នីច្សេ គឺជាទស្សនវិទូដ៏មានឥទ្ធិពលបំផុតម្នាក់ដែលពាក់ព័ន្ធនឹងអនិច្ចនិយម ប៉ុន្តែទស្សនវិជ្ជារបស់គាត់លើសពីទុទិដ្ឋិនិយមធម្មតា។ គាត់ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយសម្រាប់ប្រយោគដ៏ល្បីមួយថា “ព្រះបានស្លាប់ហើយ” ដែលបង្ហាញពីការរិះគន់របស់គាត់ចំពោះតម្លៃសាសនា និងសីលធម៌ប្រពៃណី។ នីច្សេ បានអះអាងថា ក្នុងពិភពសម័យទំនើប ការជឿលើសេចក្តីពិតដាច់ខាត និងអំណាចដ៏បរិសុទ្ធ បានធ្លាក់ចុះ បង្កើតឱ្យមានចន្លោះមួយ ដែលមុននេះធ្លាប់មានន័យ និងគោលបំណង។
ជំនួសឱ្យការមើលឃើញវាដូចជារឿងអវិជ្ជមាន នីច្សេ បានឃើញវាជាឱកាសមួយ។ គាត់លើកទឹកចិត្តឱ្យមនុស្សគិតលើសពីជំនឿដែលទទួលបានមកពីសង្គម ហើយបង្កើតតម្លៃផ្ទាល់ខ្លួន។ តាមរយៈគាត់ មនុស្សគួរតែព្យាយាមក្លាយជាអ្នកបង្កើតន័យ ដោយបង្កើតជីវិតតាមរយៈកម្លាំង ការច្នៃប្រឌិត និងសមត្ថភាពកំណត់ខ្លួនឯង។ គំនិត “លើសពីបុគ្គលសាមញ្ញ” (Übermensch) របស់គាត់ តំណាងឱ្យមនុស្សល្អឥតខ្ជោះម្នាក់ ដែលអាចដើរឲ្យផុតពីសីលធម៌ប្រពៃណី និងកំណត់គោលបំណងដោយខ្លួនឯង។
B. ទស្សនៈអនិច្ចនិយម
នៅចំណុចគោល អនិច្ចនិយមបានបញ្ជាក់ថា ជីវិតអាចមិនមានន័យ តម្លៃ ឬគោលបំណងណាមួយដែលមានស្រាប់ឡើយ។ ទស្សនៈនេះអាចបង្កើតអារម្មណ៍មិនស្រួលចិត្ត ព្រោះវាប្រឈមនឹងជំនឿដែលបានចាក់ឬសជ្រៅអំពីសីលធម៌ សេចក្តីពិត និងអត្ថិភាព។ ប្រសិនបើអ្វីៗគ្មានន័យដាច់ខាត នោះគំនិតប្រពៃណីអំពីត្រូវ និងខុស ជោគជ័យ និងបរាជ័យ ក៏អាចបាត់បង់សារៈសំខាន់ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ អនិច្ចនិយមមិនបញ្ចប់ត្រឹមការអស់សង្ឃឹមនោះទេ។ វាដាក់សំណួរដ៏សំខាន់មួយថា ប្រសិនបើជីវិតមិនមានន័យដែលបានកំណត់ជាមុន តើយើងគួររស់នៅយ៉ាងដូចម្តេច? សំណួរនេះបង្ខំឱ្យមនុស្សពិចារណាលើជំនឿ និងជម្រើសរបស់ខ្លួន។ មនុស្សខ្លះអាចឆ្លើយតបដោយភាពមិនអើពើ ខណៈដែលអ្នកផ្សេងទៀតអាចរកឃើញសេរីភាពនៅក្នុងការខ្វះតម្លៃដែលបានកំណត់ជាមុន។
សង្ស័យនិយម ដែលពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយអនិច្ចនិយម ក៏បានសួរថា មនុស្សអាចដឹងអ្វីមួយដោយប្រាកដបានឬទេ? វាលើកទឹកចិត្តឱ្យមានការគិតបែបស៊ីជម្រៅ និងការសង្ស័យ ដើម្បីពិនិត្យមើលគំនិតនៃជំនឿផ្សេងៗ ជាជាងទទួលយកវាដោយងងឹតងងុល។
សរុបសេចក្តីមក អនិច្ចនិយម និងសង្ស័យនិយម បានជំរុញឱ្យយើងប្រឈមមុខនឹងដែនកំណត់នៃន័យ និងចំណេះដឹង។ ទោះបីជាវាអាចបង្កើតអារម្មណ៍មិនស្រួលក៏ដោយ វាក៏បើកផ្លូវឱ្យមានការពិចារណាខ្លួនឯងយ៉ាងជ្រាលជ្រៅ ការទទួលខុសត្រូវផ្ទាល់ខ្លួន និងឱកាសក្នុងការបង្កើតន័យនៅក្នុងពិភពលោកដែលមិនផ្តល់ន័យជាមុន។
V. ទស្សនៈសម័យទំនើប (Modern perspectives)
ក្នុងសម័យទំនើប ការគិតបែបទស្សនវិជ្ជាអំពីន័យនៃជីវិត បានផ្លាស់ប្តូរទៅរកការយល់ដឹងដែលផ្តោតលើមនុស្ស និងការអនុវត្តជាក់ស្តែងជាងមុន។ ជំនួសឱ្យការពឹងផ្អែកលើអំណាចដ៏បរិសុទ្ធ ឬសច្ចធម៌ថេរដែលមិនផ្លាស់ប្តូរ អ្នកគិតសម័យថ្មីភាគច្រើនបានផ្តោតលើបទពិសោធន៍ផ្ទាល់ខ្លួន ទំនាក់ទំនងសង្គម និងលទ្ធផលជាក់ស្តែងនៃជំនឿ។ ក្នុងចំណោមទស្សនៈទាំងនេះ មនុស្សនិយម និងប្រតិបត្តិនិយម គឺមានសារៈសំខាន់ ដោយសារតែវាផ្តោតលើតួនាទីរបស់មនុស្ស និងគំនិតថា ន័យអាចត្រូវបានបង្កើតតាមរយៈជីវិតប្រចាំថ្ងៃ។
A. មនុស្សនិយម (humanism)
មនុស្សនិយម គឺជាទស្សនវិជ្ជាមួយដែលដាក់មនុស្សជាចំណុចកណ្តាលនៃន័យ និងតម្លៃ។ វាលើកស្ទួយសារៈសំខាន់នៃទំនាក់ទំនងមនុស្ស ការច្នៃប្រឌិត និងការរួមចំណែកចំពោះសង្គម ថាជាដើមកំណើតនៃគោលបំណងជីវិត។ ជំនួសឱ្យការស្វែងរកន័យនៅក្នុងកំលាំងអបិយជំនឿ ឬលទ្ធិសាសនា មនុស្សនិយមលើកទឹកចិត្តឱ្យមនុស្សស្វែងរកការពេញចិត្តតាមរយៈទំនាក់ទំនង ការសិក្សា និងការកែលម្អស្ថានភាពមនុស្ស។
លក្ខណៈសំខាន់មួយនៃមនុស្សនិយម គឺការផ្តោតលើសីលធម៌ដោយមិនចាំបាច់ពឹងផ្អែកលើសាសនា។ អ្នកគាំទ្រមនុស្សនិយមជឿថា តម្លៃសីលធម៌អាចត្រូវបានបង្កើតឡើងតាមរយៈហេតុផល ការយល់ពីអ្នកដទៃ និងបទពិសោធន៍រួមរបស់មនុស្ស។ វានាំឱ្យមានការលើកទឹកចិត្តដល់ មេត្តាករុណា ការទទួលខុសត្រូវ និងការគោរពចំពោះអ្នកដទៃ។ ដោយចូលរួមក្នុងការងារច្នៃប្រឌិត ការកសាងទំនាក់ទំនង និងការព្យាយាមធ្វើឱ្យសង្គមកាន់តែល្អប្រសើរ មនុស្សអាចបង្កើតន័យជីវិតដែលផ្អែកទៅលើមូលដ្ឋាននៃបទពិសោធន៍មនុស្ស។
B. ប្រតិបត្តិនិយម (Pragmatism)
ប្រតិបត្តិនិយម ផ្តល់នូវទស្សនៈមួយផ្សេងទៀត ដោយផ្តោតលើលទ្ធផលជាក់ស្តែងនៃគំនិត និងជំនឿ។ ទស្សនវិទូដូចជា វីលៀម ជេមស៍ បានអះអាងថា ន័យមិនមែនជារឿងដែលនៅថេរ ឬសកលឡើយ ប៉ុន្តែជារឿងផ្ទាល់ខ្លួន ដែលបង្កើតឡើងតាមបទពិសោធន៍នីមួយៗ។ តាមទស្សនៈនេះ អ្វីដែលផ្តល់តម្លៃដល់ជីវិត មិនមែនជាសេចក្តីពិតអរូបីទេ ប៉ុន្តែជាអ្វីដែលមានប្រយោជន៍ក្នុងការដឹកនាំនូវសកម្មភាព និងធ្វើឱ្យជីវិតកាន់តែល្អប្រសើរ។
សម្រាប់អ្នកគាំទ្រប្រតិបត្តិនិយម ជំនឿគួរតែត្រូវបានវាយតម្លៃតាមភាពមានប្រយោជន៍ និងឥទ្ធិពលរបស់វា។ ប្រសិនបើជំនឿមួយអាចជួយឱ្យមនុស្សរស់នៅបានពេញលេញ ធ្វើសេចក្តីសម្រេចចិត្តបានល្អ និងរកឃើញការពេញចិត្ត នោះវាអាចត្រូវបានចាត់ទុកថាមានន័យ។ ទស្សនៈនេះផ្តល់ភាពបត់បែន ដោយទទួលស្គាល់ថា មនុស្សនីមួយៗអាចរកឃើញន័យខុសៗគ្នា អាស្រ័យលើបរិបទ និងគោលដៅរបស់ពួកគេ។
សរុបសេចក្តីមក មនុស្សនិយម និងប្រតិបត្តិនិយម បង្ហាញពីការផ្លាស់ប្តូរទស្សនៈសម័យទំនើបទៅរកការយល់ដឹងថា ន័យគឺជារឿងផ្ទាល់ខ្លួន និងអាចផ្លាស់ប្តូរបាន។ វាបង្ហាញថា គោលបំណងនៃជីវិត មិនមែនជារឿងដែលត្រូវរកឃើញនៅកន្លែងឆ្ងាយ ឬជាសេចក្តីពិតដាច់ខាតនោះទេ ប៉ុន្តែជារឿងដែលត្រូវបានបង្កើតឡើងតាមរយៈអន្តរកម្មមនុស្ស ជម្រើសជាក់ស្តែង និងការបន្តស្វែងរកជីវិតដែលមានន័យ។
សេចក្តីសន្និដ្ឋាន
សំនួរអំពីន័យនៃជីវិតត្រូវបានសិក្សាដោយទស្សនវិទូជាច្រើនមកពីសម័យកាល វប្បធម៌ និងទំនៀមទំលាប់ផ្សេងៗគ្នា ប៉ុន្តែមិនទាន់រកឃើញនូវចម្លើយតែមួយដែលត្រូវបានទទួលស្គាល់ជាសកលនោះទេ។ តាំងពីទស្សនវិទូបុរាណដែលផ្តោតលើគុណធម៌និងគោលបំណង រហូតដល់ ទស្សនវិទូបែបសាសនាដែលផ្តោតន័យលើការបូជាចំពោះព្រះ រហូតដល់ទស្សនៈសម័យទំនើបដែលផ្តោតលើបទពិសោធន៍មនុស្ស និងជម្រើសបុគ្គល ទស្សនៈនីមួយៗសុទ្ធតែបានផ្តល់នូវទិដ្ឋភាពដោយលែករបស់ខ្លួនដើម្បីយល់ពីការកើតមានរបស់ជីវិតមនុស្ស។ ភាពផ្សេងគ្នានៃគំនិតនេះបញ្ជាក់ថា ការស្វែងរកអត្ថន័យមិនមែនជាបញ្ហាដែលត្រូវដោះស្រាយតែម្តងរួចនោះទេ ប៉ុន្តែវាជាដំណើរតាមផ្លូវដ៏វែងឆ្ងាយ ដែលកំណត់ដោយការឆ្លុះបញ្ចាំង និងបរិបទរបស់បុគ្គលម្នាក់ៗ។
ជំនួសឱ្យការមើលឃើញការខ្វះខាតនៃចម្លើយតែមួយដែលច្បាស់លាស់ និងបញ្ចប់ថាជាចំណុចខ្សោយ យើងអាចយល់ឃើញវាថាជាកម្លាំងមួយ។ ភាពចម្រុះនៃទស្សនវិជ្ជា ផ្តល់នូវឧបករណ៍សំរាប់ការគិតដ៏សម្បូរបែបសម្រាប់ការគិតពិចារណាអំពីគោលបំណងនៃជីវិត។ មូលដ្ឋានគំនិតនីមួយៗ មិនថាជាការផ្តោតលើសេរីភាពផ្ទាល់ខ្លួនរបស់អត្តនិយម (Existentialism) ការប្រឆាំងនឹងតម្លៃបែបប្រពៃណីរបស់អនិច្ចនិយម (Nihilism) ឬការផ្តោតលើការភ្ជាប់ទំនាក់ទំនង និងការចូលរួមរបស់មនុស្សនិយម (Humanism) ទេ សុទ្ធសឹងតែផ្តល់នូវការយល់ដឹងដែលអាចធ្វើឱ្យការយល់ដឹងរបស់យើងអំពីខ្លួនឯង និងពិភពលោកជុំវិញកាន់តែជ្រាលជ្រៅ។ គំនិតទាំងនេះលើកទឹកចិត្តឱ្យយើងសួរសំណួរចំពោះការសន្និដ្ឋានឬជំនឿនានាពីមុន ស្វែងរកលទ្ធភាពផ្សេងៗ និងចូលរួមប្រកបដោយវិចារណញ្ញាណជាមួយជំនឿផ្ទាល់ខ្លួនរបស់យើង។
នៅទីបំផុត ន័យនៃជីវិត ប្រហែលមិនមែនជារឿងមួយដែលត្រូវបានរកឃើញក្នុងន័យអព្យាក្រឹត ឬជាសកលទេ ប៉ុន្តែជារឿងមួយដែលត្រូវបានបង្កើតឡើងតាមរយៈសកម្មភាព ទំនាក់ទំនង និងជម្រើសរបស់យើង។ នេះដាក់បន្ទុកទំនួលខុសត្រូវលើបុគ្គលនីមួយៗឱ្យធ្វើការឆ្លុះបញ្ចាំងអំពីអ្វីដែលមានសារៈសំខាន់ពិតប្រាកដសម្រាប់ពួកគេ ហើយរស់នៅតាមរបៀបដែលសមស្របនឹងតម្លៃទាំងនោះ។ ទោះបីជាវាអាចជាកិច្ចការលំបាកមួយ ក៏វាផ្តល់នូវអារម្មណ៍នៃសេរីភាព និងអំណាចក្នុងការគ្រប់គ្រងជីវិតផ្ទាល់ខ្លួន ដោយអនុញ្ញាតឱ្យមនុស្សនីមួយៗកំណត់ន័យនៃគោលបំណងរបស់ខ្លួនឯង។
តាមរយៈវិធីនេះ ទស្សនវិជ្ជាមិនបានផ្តល់ចម្លើយតែមួយទេ ប៉ុន្តែ វាចង់ឲ្យយើងចូលរួមក្នុងការពិភាក្សាដែលស៊ីជម្រៅ។ វាលើកទឹកចិត្តឱ្យយើងគិតវិភាគ រស់នៅដោយភាពស្មោះត្រង់ចំពោះខ្លួនឯង និងបន្តបើកចិត្តទទួលយកគំនិតថ្មីៗ។ ដូច្នេះ ការស្វែងរកន័យមិនមែនជាទិសដៅចុងក្រោយនោះទេ ប៉ុន្តែជាដំណើរការបន្តដែលអភិវឌ្ឍទៅតាមការលូតលាស់ និងការចូលរួមរបស់យើងជាមួយពិភពលោក។ តាមរយៈការយល់ដឹងពីទស្សនវិទូផ្សេងៗ យើងអាចរៀបចំការយល់ដឹងផ្ទាល់ខ្លួនអំពីន័យនៃជីវិត និងរស់នៅប្រកបដោយគោលបំណង និងការយល់ដឹងកាន់តែច្បាស់។

