១. ហេតុអ្វីបានជាយើងម្នាក់ៗត្រូវការគោលដៅជីវិត?
ក្នុងជីវិតរបស់យើងម្នាក់ៗ ការរស់នៅដែលគ្មានគោលដៅគឺជាការខាតបង់ពេលវេលាយ៉ាងធ្ងន់ធ្ងរ ហើយពេលវេលាដែលយើងមានគឺមានកំណត់ ដូចនេះពេលវេលាមានតម្លៃជាងប្រាក់កាស ឬទ្រព្យសម្បត្តិយើងទៅទៀត។ មនុស្សមួយចំនួនកំពុងរស់នៅដោយមិនដឹងថា ខ្លួនកំពុងឆ្ពោះទៅទីណា។ ការគ្មានគោលដៅពិតប្រាកដអាចឲ្យយើងបែកអារម្មណ៍ ខ្វះការផ្តោតសំខាន់ ហើយពួកយើងអាចខាតពេលក្នុងការធ្វើនេះ ធ្វើការនោះតាមតែអារម្មណ៍ ឬការអូសទាញពីកត្តាខាងក្រៅ ដែលចុងក្រោយយើងដឹងថា យើងបានប្រើពេលជាច្រើនឆ្នាំ តែដូចជាមិនបានចេញជាលទ្ធផលអ្វីជាដុំកំភួនសោះ។
មនុស្សមួយចំនួនចំនាយពេលវេលារវល់នឹងការងារខ្លាំង។ ពួកគេធ្វើការងារច្រើន តែដូចជាបានតែរវល់ មិនឃើញលទ្ធផលអ្វីឡើយ។ វាមានភាពខុសគ្នារវាង ការរវល់ និងការដើរឆ្ពោះទៅកាន់អ្វីមួយដែលមានន័យ។ ការរវល់ខ្លះគឺមិនមានគោលដៅច្បាស់លាស់ឡើយ បានតែរវល់តែជាការបែកខ្ញែកនៃសកម្មភាពខំប្រឹង។ ការដើរឆ្ពោះទៅកាន់គោលដៅនឹងបង្កឲ្យមានការរវល់ដូចគ្នា តែវាអាចបង្កើតលទ្ធផលច្បាស់លាស់ក្នុងពេលណាមួយ ហើយជួនកាល ការរវល់ដើម្បីឆ្ពោះទៅគោលដៅអាចធ្វើឲ្យយើងចំនេញពេលវេលា ឬរវល់តិចជាងការរវល់ដែលគ្មានគោលដៅ ដែលយើងមិនចាំបាច់ធ្វើអ្វីដែលមិនមែនជាផ្នែកមួយឆ្ពោះទៅកាន់គោលដៅរបស់យើង។
ដូចនេះ ការកំណត់គោលដៅជីវិតមានសារសំខាន់ណាស់ដោយសារគោលដៅផ្តល់ឲ្យយើងនូវ ទិសដៅនៃសកម្មភាព អទិភាពនៃការងារដែលចាំបាច់ត្រូវធ្វើ និងអារម្មណ៍នៃគោលបំណងពិតៗ។
២. ចាប់ផ្តើមជាមួយជីវិតដែលអ្នកចង់បាន មិនមែនត្រឹមតែរបស់ដែលអ្នកចង់បាននោះទេ
កត្តាដែលសំខាន់ដែលអ្នកត្រូវគិតក្នុងការកំណត់គោលដៅជីវិតគឺយើងត្រូវសួរខ្លួនឯងថា៖ “តើជីវិតបែបណាដែលខ្ញុំចង់បានពិតប្រាកដ?”។ ការកំណត់គោលដៅជីវិតគួរផ្តោតឲ្យលើសពី ប្រាក់កាស អាជីពការងារ និងទ្រព្យសម្បត្តិ។
អ្វីដែលអ្នកត្រូវគិតមានដូចជា៖
- សេរីភាព
- ទំនាក់ទំនង
- សុខភាព
- បែបបទនៃការរស់នៅ
- អត្ថន័យផ្ទាល់ខ្លួន។
គោលដៅជីវិតរបស់អ្នកគួរតែជួយគាំទ្រទៅកាន់ប្រភេទជីវិតដែលអ្នកចង់រស់នៅ មិនមែនត្រឹមតែការមានលុយ មានផ្ទះ មានឡាន ឬទ្រព្យសម្បត្តិនានានោះទេ។
៣. កំណត់នូវផ្នែកសំខាន់ៗនៃជីវិតរបស់អ្នក
មនុស្សម្នាក់ៗមានផ្នែកសំខាន់នៃជីវិតមិនដូចគ្នានោះទេ។ ក្នុងការកំណត់គោលដៅជីវិត យើងអាចពិចារណាទៅលើផ្នែកសំខាន់ៗសំរាប់ជីវិតដែលអ្នកចង់កំណត់គោលដៅអំពីមានដូចជា៖
- សុខភាព
- អាជីពការងារ
- ហិរញ្ញវត្ថុ
- គ្រួសារ និងទំនាក់ទំនង
- ការរីកចម្រើនខ្លួនឯង
- បែបបទនៃការរស់នៅ
- ការជួយទៅកាន់អ្នកដទៃ
- ភាពស្ងប់សុខពីខាងក្នុង ឬសុខុមាលភាពផ្ទាល់ខ្លួន។
គោលដៅជីវិតដែលល្អគួរតែផ្តោតទៅលើផ្នែកសំខាន់ៗនៃជីវិតរបស់អ្នក ដែលជួយឲ្យអ្នកទទួលបានភាពពេញចិត្តចំពោះជីវិតរបស់ខ្លួន។
៤. បង្កើតចក្ខុវិស័យសំរាប់រយៈពេលវែងមួយ
គោលដៅជីវិតគឺជាគោលដៅធំមួយដែលត្រូវសម្រេចបានក្នុងរយៈពេលវែង ហើយក្នុងដំណើរនៃការសម្រេចគោលដៅធំនេះ គឺវាកើតមានដោយសារតែការសម្រេចបាននូវគោលដៅតូចៗ ដែលជាធាតុផ្សំនៃគោលដៅធំ។
ក្នុងបង្កើតគោលដៅជីវិត អ្នកគួរស្រម៉ៃមើលថាតើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណាក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំពីពេលនេះទៅ? តើអ្នកចង់រស់នៅកន្លែងណា? តើការងារប្រភេទណាដែលអ្នកចង់ធ្វើ? តើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនឹងទៅជាបែបណា? តើអ្នកចង់មាននរណាខ្លះនៅជុំវិញអ្នក? តើអ្នកចង់ចំនាយពេលវេលារបស់អ្នករបៀបណា? តើអ្នកចង់ក្លាយជាមនុស្សបែបណា?
៥. ប្រែក្លាយចក្ខុវិស័យរបស់អ្នកទៅជាគោលដៅជាក់លាក់
បន្ទាប់ពីអ្នកបានកំណត់នូវចក្ខុវិស័យនៃគោលដៅជីវិតក្នុងរយៈពេលវែងរបស់អ្នកហើយ អ្នកត្រូវបំបែកចក្ខុវិស័យធំនោះទៅជាគោលដៅក្នុងរយៈពេលខ្លីតូចៗដើម្បីគាំទ្រដល់ការសម្រេចគោលដៅធំនោះ។ អ្នកអាចបំបែកជាគោលដៅប្រចាំឆ្នាំ ប្រចាំខែ និងប្រចាំសប្តាហ៍។
ក្នុងការកំណត់គោលដៅតូចៗនេះ វាសំខាន់ណាស់ដែលអ្នកត្រូវសរសេរគោលដៅទាំងនោះឲ្យបានជាក់លាក់ ពីព្រោះកាលណាគោលដៅរបស់អ្នកមានភាពមិនជាក់លាក់ វាធ្វើឲ្យអ្នកមិនដឹងថាត្រូវធ្វើអ្វីឲ្យបានច្បាស់លាស់។
ឧទាហរណ៍ គោលដៅដែលស្រពិចស្រពិល៖ ខ្ញុំចង់មានសុខភាពល្អជាងមុន។ ការសរសេរគោលដៅទូទៅបែបនេះធ្វើឲ្យអ្នកមិនដឹងថា ត្រូវធ្វើអ្វីឡើយ។ ដូចនេះដើម្បីឲ្យវាជាក់លាក់ យើងអាចកែទៅជា៖ ហាត់ប្រាណឲ្យបាន ៣០ នាទី ហើយ ៤ ដងក្នុងមួយសប្តាហ៍។
៥. ត្រូវដឹងមូលហេតុដែលអ្នកចង់សម្រេចគោលដៅនីមួយៗ
ក្នុងដំណើរការនៃការសម្រេចគោលដៅ អ្នកនឹងជួបប្រទះនូវពេលវេលាដែលអ្នកចង់បោះបង់ដោយសារតែជួបនូវការលំបាក ឬឧបសគ្គនានា។ ការលើកទឹកចិត្តមិនអាចជំរុញអ្នកបានគ្រប់ពេលនោះទេ។ អ្នកត្រូវតែដឹងពី មូលហេតុដែលអ្នកចង់សម្រេចគោលដៅនីមួយៗ។ មូលហេតុដែលខ្លាំងក្លាជួយជំរុញអ្នកឲ្យបន្តដំណើរការ នៅពេលដែលការជំរុញទឹកចិត្តត្រូវបានបាត់បង់។ សំនួរដែលអ្នកត្រូវសួរសំរាប់គោលដៅនីមួយៗគឺ៖ “ហេតុអ្វីបានជាគោលដៅនេះមានសារសំខាន់ចំពោះខ្ញុំ?”
៧. កុំកំណត់គោលដៅច្រើនក្នុងពេលតែមួយ
ការមានគោលដៅជីវិតច្រើនពេកក្នុងពេលតែមួយធ្វើឲ្យអ្នកមិនអាចផ្តល់ការយកចិត្តទុកដាក់គ្រប់គ្រាន់ដើម្បីសម្រេចគោលដៅទាំងនោះ។ ជាដំបូន្មានល្អ លោកអ្នកគួរជ្រើសរើសគោលដៅជីវិតជាអទិភាពពី ១ ទៅ ៣ គោលដៅធំៗ។ ផ្តោតលើអ្វីដែលអ្នកមានការចាប់អារម្មណ៍ខ្លាំង ហើយមានជំនាញ និងធនធានគ្រប់គ្រាន់ដើម្បីសម្រេចគោលដៅទាំងនោះ។
ក្នុងការធ្វើដំណើរទៅកាន់គោលដៅរបស់អ្នក អ្នកចាំបាច់ត្រូវរៀននិយាយថា ទេ ចំពោះការងារដែលមិនចាំបាច់ជាច្រើនទៀត។ គោលដៅជីវិតនីមួយៗទាមទារនូវភាពជាប់លាប់ក្នុងការធ្វើវា ដើម្បីសំរេចលទ្ធផលបាន។ បើសិនអ្នកមានគោលដៅដែលអ្នកមិនអាចផ្តល់ឲ្យវានូវការខិតខំប្រឹងប្រែងបានគ្រប់គ្រាន់នោះទេ វាអាចក្លាយជាការខាតបង់ដ៏ធំទៅវិញ។
៨. ផ្តោតលើការធ្វើការងារជាប្រព័ន្ធ មិនមែនត្រឹមតែលទ្ធផលទេ
គោលដៅប្រាប់អ្នកពីកន្លែងដែលអ្នកត្រូវទៅ ប៉ុន្តែមិនបានប្រាប់ថា អ្នកត្រូវធ្វើអ្វីនោះទេ។ អ្នកត្រូវការប្រព័ន្ធសំរាប់ការធ្វើការទៅកាន់គោលដៅរបស់អ្នក។ ប្រព័ន្ធប្រាប់អ្នកពីអ្វីដែលអ្នកត្រូវធ្វើដដែលៗដើម្បីទៅដល់គោលដៅនោះ។
ការរៀបចំជាប្រព័ន្ធជួយឲ្យអ្នកអាចកំណត់នូវផែនការច្បាស់លាស់ថា ត្រូវធ្វើអ្វី នៅពេលណា នៅកន្លែងណា ជាមួយនរណា។ ប្រព័ន្ធជួយបង្កើតវិន័យនៃការអនុវត្ត ហើយវិន័យជួយបង្កើតភាពជាប់លាប់ ហើយចុងក្រោយវាក្លាយជាទំលាប់ដែលអ្នកធ្វើដោយមិនចាំបាច់ត្រូវគិតពីអ្វីដែលត្រូវធ្វើ។ ទម្លាប់ជួយឲ្យការធ្វើបានទៀងទាត់ និងមិនចាំបាច់ពឹងលើការជំរុញទឹកចិត្ត។
ឧទាហរណ៍ ជំនួសឲ្យការកំណត់គោលដៅថា សំរកគីឡូឲ្យបាន ៥ គីឡូ អ្នកអាចបង្កើតប្រព័ន្ធមួយនៃការហាត់ប្រាណឲ្យបាន ៣០ នាទី ៤ ថ្ងៃក្នុងមួយសប្តាហ៍។
ឧទាហរណ៍ ជំនួសឲ្យការកំណត់គោលដៅអានសៀវភៅឲ្យបាន ១២ ក្បាលក្នុងឆ្នាំនេះ អ្នកបង្កើតទំលាប់ថា ត្រូវអានឲ្យបាន ១០ ទំព័រជារៀងរាល់យប់មុនចូលគេង។
ឧទាហរណ៍ ក្នុងការសន្សំលុយ ជំនួសឲ្យការកំណត់គោលដៅនៃការសន្សំឲ្យបាន ១២០០ ដុល្លារ នៅឆ្នាំនេះ អ្នកត្រូវបង្កើតប្រព័ន្ធដាក់សន្សំ ១០០ ដុល្លារជារៀងរាល់ខែដោយស្វ័យប្រវត្តិ។
៩. រំពឹងទុកមុននូវឧបសគ្គនិងបរាជ័យដែលនឹងកើតមាន
ក្នុងដំណើរនៃការឆ្ពោះទៅកាន់គោលដៅ វាមិនតែងតែរលូននោះទេ។ អ្វីៗដែលអ្នកបានដាក់ផែនការអាចនឹងមិនប្រព្រឹត្តទៅតាមផែនការដែលគ្រោងទុក។ ដូចនេះ ដើម្បីជៀសវាងការបាក់ទឹកចិត្តនៅពេលដែលអ្វីៗមិនបានដំណើរការទៅតាមផែនការ អ្នកគួររំពឹងទុកមុននូវបញ្ហានានា ការរំខានផ្សេងៗ កំហុសដែលអាចកើតមាន និងស្ថានភាពដែលលើសពីការរំពឹងទុក។ អ្វីដែលសំខាន់គឺ អ្នកមិនត្រូវចាត់ទុកបរាជ័យជាភស្តុតាងដែលបញ្ជាក់ថា គោលដៅរបស់អ្នកគឺមិនអាចទៅរួចនោះឡើយ។ អ្វីដែលអ្នកត្រូវធ្វើគឺមិនត្រូវបោះបង់គោលដៅភ្លាមៗនោះទេ តែត្រូវធ្វើការកែតម្រូវយុទ្ធសាស្ត្ររបស់អ្នកឡើងវិញ ពីព្រោះផ្លូវទៅកាន់គោលដៅគឺពិតជាមានបញ្ហា និងឧបសគ្គ ហើយវាជារឿងធម្មតា។
១០. ពិនិត្យនិងកែតម្រូវគោលដៅរបស់អ្នក
ការត្រួតពិនិត្យគោលដៅរបស់អ្នកជាប្រចាំមានសារសំខាន់ណាស់។ អ្នកអាចធ្វើការពិនិត្យវារៀងរាល់មួយខែម្តង ៣ខែម្តង ឬមួយឆ្នាំម្តងជាដើម។ នៅពេលដែលអ្នកធ្វើការពិនិត្យគោលដៅរបស់អ្នក អ្នកត្រូវសួរសំនួរដូចជា៖
- តើអ្វីទៅដែលដំណើរការប្រកបដោយប្រសិទ្ធភាព?
- តើអ្វីដែលមិនមានប្រសិទ្ធភាព?
- តើខ្ញុំបានរៀនសូត្រអ្វីខ្លះ?
- តើខ្ញុំគួរផ្លាស់ប្តូរអ្វីដើម្បីឲ្យប្រសើរឡើង?
ជួនកាល ការផ្លាស់ប្តូរគោលដៅមិនមែនសុទ្ធតែមានន័យថាជាការបរាជ័យនោះទេ។ វាអាចមានន័យថា អ្នកទើបតែយល់ពីខ្លួនឯងបានច្បាស់ជាងមុន។
១១. កុំឲ្យគោលដៅក្លាយជាប្រភពនៃសំពាធ
ក្នុងការដើរទៅកាន់គោលដៅ អ្នកត្រូវដឹងថា វាត្រូវការពេលវេលា និងភាពអត់ធ្មត់។ គោលដៅត្រឹមតែជាឧបករណ៍សំរាប់អ្នកប្រើប្រាស់ប៉ុណ្ណោះ វាមិនមែនជាអ្នកកំណត់វាស់វែងពីតម្លៃផ្ទាល់ខ្លួនរបស់អ្នកឡើយ។ អ្នកមិនចាំបាច់ត្រូវសម្រេចបានគ្រប់យ៉ាងឲ្យបានលឿនតាមតែអាចធ្វើបាន។ ការសម្រាកកាយនិងចិត្ត និងការរីករាយក្នុងជីវិតក៏មានសារសំខាន់ដែរសំរាប់ជីវិតអ្នក។ អ្នកត្រូវជៀសវាងនូវការប្រែក្លាយជីវិតទៅជាការរត់ប្រណាំងឥតឈប់ឥតឈរដើម្បីសម្រេចលទ្ធផល និងស្នាដៃ។
១២. សំនួរសំខាន់សំរាប់ការអនុវត្តបង្កើតគោលដៅរបស់អ្នក
ខាងក្រោមនេះជាសំនួរសំខាន់ៗដែលអ្នកអាចប្រើដើម្បីអនុវត្តបង្កើតគោលដៅដ៏ពិតប្រាកដរបស់អ្នក៖
- តើខ្ញុំចង់ក្លាយជាមនុស្សបែបណា?
- តើខ្ញុំចង់បានប្រភេទជីវិតបែបណាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ?
- តើផ្នែកណាខ្លះនៃជីវិតរបស់ខ្ញុំដែលទាមទារការកែប្រែឲ្យប្រសើរឡើង?
- តើអ្វីខ្លះទៅជាគោលដៅពី ១ ទៅ ៣ សំខាន់បំផុតសំរាប់ឆ្នាំនេះ?
- តើខ្ញុំអាចធ្វើអ្វីខ្លះនៅខែនេះ?
- តើខ្ញុំអាចធ្វើអ្វីខ្លះនៅអាទិត្យនេះ?
- តើអ្វីទៅជាជំហានដ៏តូចមួយដែលខ្ញុំអាចធ្វើនៅថ្ងៃនេះ?
សេចក្តីសន្និដ្ឋាន
សរុបសេចក្តីមក អ្នកពិតជាមិនអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងដែលនឹងកើតឡើងនៅពេលអនាគតនោះទេ ប៉ុន្តែគោលដៅផ្តល់ឲ្យអ្នកនូវទិសដៅដែលត្រូវដើរទៅ តែគោលដៅមិនមែនជាផែនទីដែលល្អឥតខ្ជោះនោះទេ។ គោលដៅរបស់អ្នកអាចនឹងផ្លាស់ប្តូរ នៅពេលអ្នកកាន់តែលូតលាស់។ អ្វីដែលសំខាន់បំផុតគឺការមានទិសដៅច្បាស់លាស់ និងការធ្វើសកម្មភាពប្រកបដោយភាពជាប់លាប់ដើម្បីទៅដល់គោលដៅ។ ខណៈដែលគោលដៅជាអ្វីដែលយើងចង់សម្រេចបាន យើងក៏ត្រូវគិតពីតុល្យភាពនៃការរីករាយនឹងពេលបច្ចុប្បន្នផងដែរ។ ជីវិតដែលមានអត្ថន័យមិនមែនតែសំដៅលើជីវិតដែលទៅដល់គោលដៅជីវិតបានច្រើនជាងនោះទេ តែវាគឺជាការក្លាយជាមនុស្សម្នាក់ដែលអ្នកចង់បាន ខណៈពេលដែលអ្នកកំពុងធ្វើដំណើរ។





