គោលគំនិតនៃទ្រឹស្តីនៃការស៊ាំនឹងភាពរីករាយ (Hedonic Adaptation Theory) បានពោលថា មនុស្សមានទំនោរនឹងវិលត្រលប់ទៅកាន់កំរិតធម្មតានៃភាពរីករាយរបស់ពួកគេឡើងវិញ ក្រោយពេលនៃព្រឹត្តិការណ៍វិជ្ជមាន ឬអវិជ្ជមាននៅក្នុងជីវិតរបស់ពួកគេ។
ជាឧទាហរណ៍៖
- អ្នកបានជាប់នូវការប្រលងដ៏សំខាន់មួយ ហើយមានអារម្មណ៍រីករាយខ្លាំងក្នុងរយៈពេលតែ ២ ទៅ ៣ ថ្ងៃ។
- អ្នកបានសម្រេចគោលដៅហិរញ្ញវត្ថុមួយ ហើយមានអារម្មណ៍មោទនភាព ហើយក៏មានអារម្មណ៍ធម្មតាមកវិញ។
- អ្នកសម្រេចបាននូវគោលដៅអាជីពការងារសំខាន់មួយ ប៉ុន្តែបន្ទាប់ពីប៉ុន្មានសប្តាហ៍ វាចាប់ផ្តើមមានអារម្មណ៍ធម្មតាៗ។
- អ្នកចាប់ផ្តើមចង់បានការសម្រេចជោគជ័យបន្ទាប់ដើម្បីបង្កើតភាពរំភើបរីករាយដូចមុនម្តងទៀត។
ការសម្រេចជោគជ័យគឺជារឿងពិត ប៉ុន្តែការឆ្លើយតបនៃអារម្មណ៍របស់អ្នកកាន់តែខ្សោយទៅៗ។
មេរៀនដ៏សំខាន់៖ យើងតែងវាយតម្លៃហួសអំពីរយៈពេលដែលការសម្រេចជោគជ័យមួយធ្វើឲ្យពួកយើងរីករាយ។
ហេតុអ្វីការយល់ដឹងពីទ្រឹស្តីនេះមានសារសំខាន់?
បញ្ហាគឺនៅត្រង់ថា ការសម្រេចជោគជ័យមិនមែនគ្មានន័យនោះទេ។ វាគឺនៅត្រង់ថា ភាពរំភើបរីករាយបណ្តោះអាសន្ន និងសេចក្តីសុខយូរអង្វែងមិនដូចគ្នានោះទេ។
បើសិនជាអ្នកពឹងតែលើការសម្រេចគោលដៅដើម្បីទទួលបានភាពរីករាយ ជីវិតអាចនឹងក្លាយជាវដ្តមួយដែលមិនមានទីបញ្ចប់ដូចជា៖ កំណត់គោលដៅ — ១. ប្រឹងប្រែងធ្វើការ និងសម្រេចគោលដៅនោះ — ២. មានអារម្មណ៍រំភើបរីករាយ និងពេញចិត្តវា — ៣. ចាប់ផ្តើមស៊ាំនឹងភាពជោគជ័យ ហើយភាពរំភើបរីករាយថយចុះ — ៤. កំណត់គោលដៅថ្មីដើម្បីទទួលបានភាពរីករាយម្តងទៀត។
នេះជាមូលហេតុមួយដែលមនុស្សអាចទទួលបានភាពជោគជ័យ ប៉ុន្តែនៅតែមានអារម្មណ៍ថា នៅខ្វះអ្វីមួយជានិច្ច។
វិធីបែបស៊ីជម្រៅជាងក្នុងការដឹកនាំជីវិត
ជំនួសឲ្យការពឹងលើភាពរីករាយដែលបានមកពីការទៅដល់គោលដៅណាមួយ អ្នកអាចរៀនផ្តល់តម្លៃទៅកាន់របៀបដែលអ្នករស់នៅ ក្នុងខណៈពេលដែលអ្នកកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់គោលដៅដ៏មានន័យមួយ។
ជាឧទាហរណ៍ ចូរពិចារណាអំពីភាពខុសគ្នារវាងផ្នត់គំនិតទាំង ២ នេះ៖
- ភាពរីករាយដែលពឹងលើលទ្ធផល៖ ខ្ញុំនឹងរីករាយនៅពេលដែលខ្ញុំសម្រេចបានគោលដៅរបស់ខ្ញុំ។
- ភាពពេញចិត្តផ្អែកទៅលើដំណើរការ៖ ខ្ញុំអាចស្វែងរកអត្ថន័យនៅក្នុងរបៀបដែលខ្ញុំធ្វើការ រៀនសូត្រ និងរស់នៅ ថ្វីបើមុនពេលខ្ញុំសម្រេចគោលដៅ។
ផ្នត់គំនិតទី ២ មិនមែនមានន័យ ជាការបោះបង់មហិច្ឆិតា ឬគោលបំណងជីវិតនោះទេ។ វាមានន័យ ជាការមិនពន្យារពេលដែលអ្នកទទួលបានភាពពេញចិត្តរហូតដល់ពេលអនាគត។
ជាក់ស្តែង អ្នកអាចប្រារព្ធភាពជោគជ័យមួយ ផ្តល់តម្លៃដល់វា ហើយបន្ទាប់មក អនុញ្ញាតិឲ្យភាពរំភើបនោះបាត់បង់បន្តិចម្តងៗតាមធម្មជាតិរបស់វា ដោយមិនចាំបាច់ដេញតាមការសម្រេចជោគជ័យថ្មីភ្លាមៗនោះទេ។
ខ្លឹមសារស្នូល៖ ការសម្រេចជោគជ័យអាចធ្វើឲ្យស្ថានភាពរបស់អ្នកប្រសើរឡើង ប៉ុន្តែពួកវាមិនអាចធានានូវភាពរំភើបរីករាយជារៀងរហូតនោះទេ។ ការរៀនផ្តល់តម្លៃដល់ជីវិតសាមញ្ញៗ ការខិតខំប្រឹងប្រែងដ៏មានន័យ និងវឌ្ឍនភាពអាចផ្តល់នូវមូលដ្ឋានគ្រឹះដ៏មានស្ថិរភាពជាងសំរាប់សុខុមាលភាព ជាងការដេញតាមគោលដៅដែលឥតឈប់ឈរ។





