ការវិនិយោគគឺជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពបំផុតក្នុងបង្កើនទ្រព្យក្នុងរយៈពេលវែង ហើយជម្រើសពីរយ៉ាងដ៏ពេញនិយមបំផុតគឺ ភាគហ៊ុន និងបណ្ណបំណុល។ ខណៈពេលដែលជម្រើសទាំង ២ នេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងទីផ្សារហិរញ្ញវត្ថុ ពួកវាបំរើឲ្យគោលបំណងផ្សេងគ្នា ហើយក៏មានលក្ខណៈខុសគ្នាដាច់ដោយឡែកផងដែរ។ ការយល់ដឹងពីភាពខុសគ្នាទាំងនេះមានសារសំខាន់សំរាប់ការកសាងយុទ្ធសាស្ត្រវិនិយោគប្រកបដោយតុល្យភាពមួយ។
១. តើអ្វីទៅជាភាគហ៊ុន?
ភាគហ៊ុនគឺតំណាងឲ្យកម្មសិទ្ធិនៅក្នុងក្រុមហ៊ុនមួយ។ នៅពេលដែលអ្នកទិញហ៊ុនមួយ នោះអ្នកកំពុងតែទិញនូវភាគដ៏តូចមួយនៃអាជីវកម្មនោះ។ ក្នុងនាមជាអ្នកកាន់ភាគហ៊ុនម្នាក់ អ្នកអាចទទួលនូវផលប្រយោជន៍ដូចជា៖
- ការចំនេញទៅលើដើមទុន (ការកើនឡើងនៃតម្លៃរបស់ហ៊ុន)
- ភាគលាភ (មួយភាគនៃប្រាក់ចំនេញរបស់ក្រុមហ៊ុនត្រូវបានចែកចាយទៅកាន់អ្នកកាន់ហ៊ុន)
ទោះជាយ៉ាងណាក៏ដោយ តម្លៃរបស់ហ៊ុនមានការប្រែប្រួលខ្លាំង ដោយសារតែលទ្ធផលរកស៊ីរបស់ក្រុមហ៊ុន ស្ថានភាពទីផ្សារ និងទំនោរនៃអ្នកវិនិយោគ។
លក្ខណៈសំខាន់ៗរបស់ភាគហ៊ុន
- សក្តានុពលនៃប្រាក់ចំនេញខ្ពស់
- ហានិភ័យខ្ពស់ជាង និងបំរែបំរួលតម្លៃខ្លាំងជាង
- សិទ្ធិនៃកម្មសិទ្ធិលើអាជីវកម្ម (មានករណីខ្លះ អ្នកអាចមានសិទ្ធិបោះឆ្នោតលើការសម្រេចចិត្តសំខាន់ៗរបស់អាជីវកម្ម)
- តម្លៃប្រែប្រួលជានិច្ចកំឡុងពេលម៉ោងជួញដូរទីផ្សារ
២. តើអ្វីទៅជាបណ្ណបំណុល?
បណ្ណបំណុលគឺជាកំចីរបស់អ្នកវិនិយោគទៅកាន់រដ្ឋាភិបាល ឬក្រុមហ៊ុន។ នៅពេលអ្នកទិញបណ្ណបំណុលមួយ នោះអ្នកកំពុងតែឲ្យកំចីដើម្បីទទួលបានមកវិញនូវ៖
- ការប្រាក់ជាទៀងទាត់ (គូប៉ុង)
- ការទទួលបានប្រាក់ដើមមកវិញនៅពេលផុតអាយុនៃបណ្ណបំណុល
បណ្ណបំណុលជាទូទៅត្រូវបានគេចាត់ទុកថាមានស្ថិរភាពជាងភាគហ៊ុន ប៉ុន្តែជាធម្មតាវាផ្តល់នូវប្រាក់ចំនេញតិចជាងភាគហ៊ុន។
លក្ខណៈសំខាន់ៗនៃបណ្ណបំណុល
- ប្រាក់ចំនូលថេរ (ការទទួលបានការប្រាក់ថេរ)
- ហានិភ័យទាបជាងបើប្រៀបធៀបនឹងភាគហ៊ុន
- កាលបរិច្ឆេទផុតអាយុច្បាស់លាស់ (Maturity)
- តម្លៃមានការប្រែប្រួលផ្អែកទៅលើអត្រាការប្រាក់ និងតម្រូវការទីផ្សារ
៣. ភាពខុសគ្នាសំខាន់ៗរវាងភាគហ៊ុន និងបណ្ណបំណុល
ជាបឋម ការកាន់ភាគហ៊ុនគឺស្មើនឹងកម្មសិទ្ធិ ចំនែកបណ្ណបំណុលគឺជាការឲ្យខ្ចីទុនប៉ុណ្ណោះជាមួយកិច្ចសន្យា។ ចំពោះភាគហ៊ុន អ្នកមានកម្មសិទ្ធិមួយផ្នែកទៅលើអាជីវកម្ម តែបណ្ណបំណុលគឺអ្នកផ្តល់កំចីទៅកាន់អ្នកបោះបណ្ណបំណុល។
ចំពោះហានិភ័យ និងការចំនេញវិញ ភាគហ៊ុនមានហានិភ័យខ្ពស់ជាង តែក៏មានសក្តានុពលនៃផលចំនេញខ្ពស់ជាងដែរ។ ចំពោះបណ្ណបំណុល វាមានហានិភ័យទាបជាង ប៉ុន្តែវាមានប្រាក់ចំនេញដែលមានភាពទៀងទាត់ និងស្ថិរភាពជាងផងដែរ។
បើយើងគិតពីប្រភេទនៃចំនូលពីមូលបត្រទាំងពីរ ភាគហ៊ុនអាចផ្តល់នូវភាគលាភ ប៉ុន្តែមិនមានការធានានោះទេ។ ចំពោះបណ្ណបំណុល វាផ្តល់នូវការប្រាក់ដែលថេរ និងទៀងទាត់ ត្បិតមិនមានការធានាដូចគ្នា ការប្រាក់ពីបណ្ណបំណុលមានក្តីរំពឹងទុកខ្ពស់ជាងក្នុងការទទួលបានការទូទាត់។
ចំពោះចលនានៃតម្លៃ ភាគហ៊ុនមានតម្លៃប្រែប្រួលជាប់ជានិច្ច ហើយអាចនឹងមានអត្រាបំរែបំរួលខ្លាំងជាង។ ចំពោះបណ្ណបំណុល តម្លៃក៏អាចផ្លាស់ប្តូរដូចគ្នា ប៉ុន្តែជាធម្មតាអត្រាប្រែប្រួលមិនខ្លាំងនោះទេ។
ចំពោះអទិភាពក្នុងករណីក្រុមហ៊ុនក្ស័យធន អ្នកកាន់បណ្ណបំណុលនឹងទទួលបានការទូទាត់មុនអ្នកកាន់ភាគហ៊ុន។ អ្នកកាន់ភាគហ៊ុនអាចនឹងបាត់បង់នូវប្រាក់វិនិយោគទាំងស្រុង។
៤. ការប្រៀបធៀបតម្លៃរវាងបណ្ណបំណុលនិងភាគហ៊ុន
ខណៈដែលភាគហ៊ុន និងបណ្ណបំណុលអាចធ្វើការជួញដូរនៅលើទីផ្សារដូចគ្នា ឥរិយាបថតម្លៃរបស់ពួកវាមានភាពខុសគ្នា៖
- តម្លៃភាគហ៊ុនមានប្រតិកម្មរហ័សទៅនឹងព័ត៌មាន របាយការណ៍ប្រាក់ចំនេញ និងទំនោរទីផ្សារ។
- តម្លៃបណ្ណបំណុលទទួលឥទ្ធិពលខ្លាំងដោយសារអត្រាការប្រាក់ គឺថា នៅពេលការប្រាក់កើនឡើង នោះតម្លៃបណ្ណបំណុលនឹងធ្លាក់ចុះ។ នៅពេលដែលអត្រាការប្រាក់ថយចុះ នោះតម្លៃបណ្ណបំណុលនឹងកើនឡើង។
នេះធ្វើឲ្យបណ្ណបំណុលមានស្ថិរភាពជាង ប៉ុន្តែមិនមែនគ្មានហានិភ័យសោះនោះទេ។
៥. តើការវិនិយោគមួយណាប្រសើរជាង?
វាគ្មានចម្លើយមួយដែលត្រឹមត្រូវសំរាប់ទាំងអស់គ្នានោះទេ។ វាអាស្រ័យទៅលើគោលដៅរបស់អ្នក។
- ជ្រើសរើសយកភាគហ៊ុនបើសិនអ្នកចង់បានការចំនេញក្នុងរយៈពេលវែង ហើយអ្នកអាចគ្រប់គ្រងហានិភ័យបាន។
- ជ្រើសរើសយកបណ្ណបំណុលបើសិនអ្នកចូលចិត្តប្រាក់ចំនូលដែលនឹងនរ និងមានការប្រែប្រួលតិច។
អ្នកវិនិយោគភាគច្រើនប្រើប្រាស់នូវយុទ្ធសាស្ត្ររួមបញ្ចូលគ្នា ដើម្បីតុល្យភាពនៃហានិភ័យ និងប្រាក់ចំនេញ។
សរុបសេចក្តី
ភាគហ៊ុន និងបណ្ណបំណុលដើរតួនាទីផ្សេងគ្នាតែបំពេញឲ្យគ្នាទៅវិញទៅមកក្នុងការវិនិយោគ។ ភាគហ៊ុនផ្តល់នូវការលូតលាស់ និងកម្មសិទ្ធិ ខណៈដែលបណ្ណបំណុលផ្តល់នូវស្ថិរភាព និងចំនូល។ ដោយការយល់ដឹងពីមូលបត្រនីមួយៗច្បាស់លាស់ អ្នកវិនិយោគអាចធ្វើការសម្រេចចិត្តប្រកបដោយភាពឆ្លាតវ័យ និងកសាងនូវផលប័ត្រវិនិយោគចម្រុះ (diversified portfolio) ដែលស្របតាមគោលដៅហិរញ្ញវត្ថុរបស់ខ្លួន។



