អ៊ីនថឺណែតបានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាទិញ លក់ ធ្វើទំនាក់ទំនង សិក្សា និងធ្វើអាជីវកម្ម។ សព្វថ្ងៃនេះ អ្នកមិនចាំបាច់មានហាងដែលមានអាស័យដ្ឋានច្បាស់លាស់ ឬដើមទុនដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីចាប់ផ្តើមអាជីវកម្មរបស់អ្នកនោះទេ។ ដោយគ្រាន់តែមានទូរសព្ទស្មាតហ្វូនមួយ ប្រព័ន្ធអ៊ីនថឺណែត និងគំនិតអាជីវកម្មដ៏ត្រឹមត្រូវមួយ អ្នកក៏អាចលក់ទៅកាន់អតិថិជនទូទាំងប្រទេសកម្ពុជាដោយផ្ទាល់ពីផ្ទះរបស់អ្នកតែម្តង។
សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជាកំពុងតែបន្តកើនឡើង។ នៅក្នុងឆ្នាំ ២០២៥ ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់អ៊ីនថឺណែតប្រមាណ ១០,៨ លានអ្នក ហើយមានអ្នកប្រើប្រាស់បណ្តាញសង្គមប្រមាណ ១២,៩ លានអ្នក។ ហ្វេសប៊ុក និងតិកតុកបានក្លាយជាបណ្តាញយ៉ាងសំខាន់សំរាប់អាជីវកម្មដែលចង់ទៅដល់អ្នកប្រើប្រាស់នៃប្រទេសកម្ពុជា។
ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) ក៏កំពុងមានការរីកលូតលាស់ផងដែរ។ ផ្អែកទៅតាមទិន្នន័យរបស់រដ្ឋបាលពាណិជ្ជកម្មអន្តរជាតិរបស់អាមេរិកបានឲ្យដឹងថា ទំហំទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) របស់ប្រទេសកម្ពុជាបានបង្កើតប្រាក់ចំណូលប្រមាណ ១,៥១ ប៊ីលាន ដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ ហើយរំពឹងថានឹងកើនដល់ ១,៧៨ ប៊ីលាន ដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥ ដែលទំនិញភាគច្រើនគឺពាក់ព័ន្ធនឹងសំលៀកបំពាក់ម៉ូតទាន់សម័យ គ្រឿងអេឡិចត្រូនិច សម្ផស្ស និងផលិតផលថែរក្សារាងកាយ។
ដូចនេះ តើអាជីវកម្មអនឡាញអ្វីខ្លះដែលពេញនិយមខ្លាំងក្នុងប្រទេសកម្ពុជា?
១. ការលក់ឥវ៉ាន់អនឡាញ និងពាណិជ្ជកម្មតាមបណ្តាញសង្គម
ប្រភេទអាជីវកម្មមួយដែលងាយធ្វើបំផុតក្នុងប្រទេសកម្ពុជាគឺការលក់ផលិតផលតាមរយៈហ្វេសប៊ុក តិកតុក តេលេក្រាម ឬបណ្តាញអនឡាញផ្សេងទៀត។
ជំនួសឲ្យការជួលហាងផ្ទាល់ អ្នកលក់អាចថតរូប ឬវីដេអូអំពីផលិតផល ផូសវាអនឡាញ ធ្វើទំនាក់ទំនងជាមួយអតិថិជនតាមរយៈ Messenger ឬតេលេក្រាម ហើយរៀបចំដឹកទំនិញបន្ទាប់ពីទទួលបានការកម្មង់។
ប្រភេទផលិតផលពេញនិយមមានដូចជា៖
- សំលៀកបំពាក់ទាន់សម័យ
- ផលិតផលថែសម្ផស្ស និងថែរក្សាស្បែក
- ឧបករណ៍ប្រើប្រាស់សំរាប់ទូរសព្ទដៃ
- ផលិតផលប្រើប្រាស់ក្នុងផ្ទះ
- ចំណីអាហារ និងអាហារសម្រាន់
- ផលិតផលសំរាប់ក្មេងៗ
- គ្រឿងអេឡិចត្រូនិច
ការលក់ដូរតាមបណ្តាញសង្គមមានភាពទាក់ទាញខ្លាំងដោយសារអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាភាគច្រើនចំនាយពេលច្រើនក្នុងបណ្តាញសង្គម។
អ្វីដែលជាមេរៀនសំខាន់គឺលោកអ្នកមិនចាំបាច់មានអ្នកតាមដានផេករាប់ម៉ឺននាក់ដើម្បីចាប់ផ្តើមអាជីវកម្មរបស់អ្នកទេ។ អាជីវកម្មតូចមួយអាចចាប់ផ្តើមជាមួយផលិតផលជាក់លាក់មួយ មាតិកាល្អៗ និងសេវាកម្មអតិថិជនដែលអាចទុកចិត្តបាន។
២. អាជីវកម្មដែលផ្អែកលើបណ្តាញតិកតុក
តិកតុកលែងត្រឹមតែជាវេទិកាសំរាប់ការកំសាន្តទៀតហើយ។ វាបានក្លាយទៅជាបណ្តាញសំរាប់ការធ្វើទីផ្សារ និងការលក់ផលិតផល និងសេវាកម្ម។
បុគ្គលម្នាក់អាចកសាងអាជីវកម្មដោយការបង្កើតវីដេអូខ្លីៗ ជុំវិញផលិតផលជាក់លាក់ណាមួយ ឬប្រភេទទីផ្សារណាមួយ ហើយទាញយកការលក់ដោយផ្ទាល់ពីអ្នកមើល។
ឧទាហរណ៍ លោកអ្នកដែលលក់ផលិតផលសំរាប់ចង្រ្កាន្តបាយអាចបង្កើតវីដេអូបង្ហាញពី៖
- របៀបប្រើផលិតផល
- បញ្ហាដែលផលិតផលអាចដោះស្រាយ
- ការបង្ហាញមុន និងក្រោយពេលប្រើ
- ការប្រៀបធៀបផលិតផល
- មតិយោបល់អតិថិជន
- ដំបូន្មានទាក់ទងនឹងផលិតផល
អ្វីដែលសំខាន់នោះគឺតិកតុកជួយមាតិកាដែលល្អទៅដល់មនុស្សដែលមិនទាន់តាមដានគណនេយ្យរបស់អ្នកផងដែរ។
នេះជាឳកាសដ៏គួរឲ្យចាប់អារម្មណ៍មួយសំរាប់អាជីវកម្មធុនតូចក្នុងប្រទេសកម្ពុជា៖ ជំនួសឲ្យការចំនាយលុយទាំងអស់លើការផ្សាយពាណិជ្ជកម្ម ពួកគេអាចប្រើប្រាស់វីដេអូមានប្រយោជន៍ ឬកំសាន្តដើម្បីទាក់ទាញអតិថិជនតាមលក្ខណៈធម្មតាៗ។
៣. អាជីវកម្មចំណីអាហារអនឡាញ
ចំណីអាហារគឺជាឳកាសអាជីវកម្មអនឡាញសំខាន់មួយទៀត។ ភោជនីយដ្ឋានធម្មតាមួយអាចប្រើប្រាស់ Facebook TikTok Telegram Google Maps និងបណ្តាញចែកចាយចំណីអាហារដូចជា Food Panda Grab ជាដើម ដើម្បីទាក់ទាញអតិថិជនដោយមិនចាំបាច់ពឹងពាក់តែលើអតិថិជនមកផ្ទាល់។ អ្នកមិនចាំបាច់ត្រូវការភោជនីយដ្ឋានដ៏ធំមួយទេ។ អាជីវកម្មអាហារតាមផ្ទះតូចមួយអាចលក់ដូចជា៖
- បង្អែមពិសេស
- នំ
- កាហ្វេ
- អាហារសម្រន់បែបខ្មែរ
- កញ្ចប់អាហារថ្ងៃត្រង់
- អាហារសុខភាព
- ភេសជ្ជៈពិសេស
អាជីវកម្មបែបនេះអាចដំណើរការពីចង្រ្កាន្តដ៏តូចមួយ ហើយផ្តោតលើការដឹកជូនអតិថិជន ជាជាងការបង្កើតកន្លែងអង្គុយញ៉ាំអាហារធំៗ។
ការកម្មង់អនឡាញ និងការចាយលុយដោយមិនប្រើលុយក្រដាសកាន់តែមានភាពពេញនិយមក្នុងប្រទេសកម្ពុជា។ កម្មវិធីសំរាប់ហៅតាក់ស៊ី និងដឹកជញ្ជូនអាហារអាចអនុញ្ញាតិឲ្យអតិថិជនធ្វើការកម្មង់ និងចាយលុយតាមរយៈប្រព័ន្ធប្រតិបត្តិការឌីជីថល។
៤. ការផ្តល់សេវាកម្មឯករាជ្យ
អ្នកមិនចាំបាច់ត្រូវតែលក់ផលិតផលផ្ទាល់នោះទេ ដើម្បីរកលុយអនឡាញ។ បើសិនអ្នកមានជំនាញដែលមានប្រយោជន៍មួយ អ្នកអាចលក់ជំនាញនោះបានដូចជា៖
- ក្រាហ្វិចឌីហ្សាញ
- កាត់តវីដេអូ
- បង្កើតគេហទំព័រ
- បកប្រែភាសា
- សរសេរទំព័រលក់ផលិតផល
- គ្រប់គ្រងផេកបណ្តាញសង្គម
- សេវាកម្មបង្កើនអ្នកចូលមើលទៅលើគេហទំព័រ
- ការផ្សព្វផ្សាយអនឡាញ
- សេវាកម្មថតរូប និងកែរូប
- ជំនួយការពីចំងាយ
- សេវាកម្មគណនេយ្យ
- ការបញ្ចូលទិន្នន័យ
ប្រភេទអាជីវកម្មនេះមិនប្រើប្រាស់ដើមទុនច្រើននោះទេ។ ជំនួសឲ្យការប្រើដើមទុនរាប់ពាន់ដុល្លារទៅលើការស្តុកទំនិញ ការវិនិយោគដែលសំខាន់គឺមានតែការអភិវឌ្ឍនូវជំនាញមួយដែលមានតម្លៃប៉ុណ្ណោះ។
៥. ភ្នាក់ងារធ្វើទីផ្សារឌីជីថល
ខណៈដែលអាជីវកម្មក្នុងប្រទេសកម្ពុជាកំពុងចូលក្នុងពិភពអនឡាញកាន់តែច្រើន ពួកគេក៏កំពុងត្រូវការមនុស្សដែលយល់ពីការធ្វើទីផ្សារអនឡាញ។ ភ្នាក់ងារធ្វើទីផ្សារឌីជីថលតូចមួយអាចផ្តល់សេវាកម្មដូចជា៖
- ការផ្សព្វផ្សាយលើហ្វេសប៊ុក
- ការធ្វើទីផ្សារលើតិកតុក
- ការកែលម្អប្រូហ្វាលហ្គូកហ្គល
- ការបង្កើនអ្នកមើលសំរាប់វេបសាយ
- ការបង្កើតគេហទំព័រ
- ការបង្កើតមាតិកា
- ការគ្រប់គ្រងផេកបណ្តាញសង្គម
- ការគ្រប់គ្រងកេរ្តិ៍ឈ្មោះអាជីវកម្មលើអនឡាញ
ប្រភេទអាជីវកម្មនេះមានអត្ថប្រយោជន៍សំខាន់មួយ៖ វាអាចទាញយកចំណូលជាប្រចាំខែ។
ឧទាហរណ៍ លើសពីការត្រឹមតែបង្កើតផេកហ្វេសប៊ុកមួយ អ្នកអាចផ្តល់សេវាកម្មបន្ថែមដូចជា ការគ្រប់គ្រងផេកប្រចាំខែ និងសេវាកម្មផ្សាយពាណិជ្ជកម្ម។ អាជីវកម្មប្រពៃណីជាច្រើនដឹងថា គេត្រូវការនូវវត្តមានអនឡាញ ប៉ុន្តែជួនកាលពួកគេមិនមានចំនេះដឹង និងជំនាញ ឬមិនមានបុគ្គលិកដែលអាចកាន់ការងារនេះបាន។
៦. ការបង្រៀនតាមអនឡាញ
វិស័យអប់រំគឺជាផ្នែកមួយទៀតដែលអ៊ីនថឺណែតបានបង្កើតឳកាស។ ប្រជាជនកម្ពុជាអាចលក់នូវចំនេះដឹងតាមរយៈ៖
- ថ្នាក់ភាសាអង់គ្លេសអនឡាញ
- ការបង្រៀនលក្ខណៈឯកជន
- ការត្រៀមប្រលង IELTS
- វគ្គសិក្សាអំពីអាជីវកម្ម
- ការបង្រៀនអំពីការប្រើប្រាស់កម្មវិធីកុំព្យូទ័រ
- ការបង្រៀនអំពីការធ្វើទីផ្សារឌីជីថល
- ការបង្រៀនអំពីការជួញដូរទីផ្សារ
- ការបណ្តុះបណ្តាលជំនាញអាជីព
- វគ្គសិក្សាដែលថតជាវីដេអូ
កាលពីមុន គ្រូម្នាក់អាចបង្រៀនសិស្សត្រឹមតែមួយថ្នាក់ តែឥឡូវគាត់អាចបង្រៀនសិស្សពេញប្រទេសតែម្តង ដោយប្រើប្រាស់ Zoom Telegram Facebook ជាដើម។ អ្វីដែលសំខាន់គឺជំនាញឯកទេសច្បាស់លាស់។ អ្នកគួរបង្កើតវគ្គសិក្សាដែលផ្តោតលើជំនាញជាក់លាក់។ ឧទាហរណ៍ កុំបង្កើតវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសទូទៅ តែគួរបង្កើតដូចជា វគ្គសិក្សាជំនាញនិយាយភាសាអង់គ្លេសសំរាប់បុគ្គលិកក្រុមហ៊ុន ជាដើម។
៧. ការបង្កើតមាតិកា និងការបង្កើតប្រែនខ្លួនឯង
ការបង្កើតមាតិកាក៏អាចក្លាយជាអាជីវកម្មមួយដែរ។ អ្នកអាចបង្កើតមាតិកាអំពីប្រធានបទជាក់លាក់ផ្សេងៗដូចជា៖
- ហិរញ្ញវត្ថុបុគ្គល
- អាជីវកម្ម
- បច្ចេកវិទ្យា
- ដំណើរកំសាន្ត
- អាហារ
- ការថែរក្សារាងកាយ
- ការអភិវឌ្ឍខ្លួនឯង
- ការអប់រំ
- វប្បធម៌ប្រទេសកម្ពុជា
- ការអភិវឌ្ឍអាជីពការងារ
មាតិកាប្រហែលមិនអាចរកលុយបានភ្លាមៗនោះទេ ប៉ុន្តែចំនួនអ្នកតាមដានច្រើនអាចក្លាយជាទ្រព្យសម្បត្តិមួយប្រភេទនៅពេលខាងមុខ។ នៅពេលដែលអ្នកបានកសាងទំនុកចិត្តជាមួយទស្សនិកជនរបស់អ្នកហើយ អ្នកអាចនឹងរកលុយបានពី៖
- ការផ្សាយពាណិជ្ជកម្ម
- អ្នកឧបត្ថម្ភ
- ទីផ្សារណែនាំ
- ផលិតផលឌីជីថល
- វគ្គសិក្សា
- ការប្រឹក្សាយោបល់
- ការចូលជាសមាជិក
- ផលិតផល ឬសេវាកម្មរបស់អ្នកផ្ទាល់
ការបង្កើតប្រែនខ្លួនឯងកាន់តែមានតម្លៃនាពេលបច្ចុប្បន្ន។ អ្នកមិនត្រឹមតែកសាងនូវគណនេយ្យបណ្តាញសង្គមរបស់អ្នកប៉ុណ្ណោះទេ។ អ្នកក៏កំពុងតែកសាងនូវទស្សនិកជនផ្ទាល់ខ្លួន ដែលចុងក្រោយអាចនឹងផ្តល់ជាចំណូលច្រើនប្រភពសំរាប់អ្នក។
៨. ការធ្វើទីផ្សារណែនាំ
ការធ្វើទីផ្សារណែនាំមានន័យថា ការផ្តល់ជាយោបល់ឲ្យទិញផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនណាមួយ ហើយទទួលបានកុម្មីស្យុង នៅពេលដែលនរណាម្នាក់បានទិញតាមរយៈការណែនាំរបស់អ្នក។ ឧទាហរណ៍ថា អ្នកផលិតមាតិកាម្នាក់អាចផ្តល់ទស្សនៈអំពី៖
- ឧបករណ៍អេឡិចត្រូនិច
- កម្មវិធីកុំព្យូទ័រ
- វគ្គសិក្សាអនឡាញ
- សណ្ឋាគារ
- សេវាកម្មធ្វើដំណើរ
- ឧបករណ៍ប្រើក្នុងអាជីវកម្ម
- គេហទំព័រ និងការបង្ហោះ
- ផលិតផលប្រើប្រាស់ផ្សេងទៀត
រឿងដែលពិបាកគឺ ទំនុកចិត្ត។ មនុស្សម្នាក់ៗមិនចេះទទួលការណែនាំពីអ្នកហើយសម្រេចចិត្តទិញងាយៗនោះទេ។ ពួកគេអាចនឹងទិញនៅពេលដែលពួកគេជឿថា ការណែនាំរបស់អ្នកមានភាពស្មោះត្រង់ និងមានប្រយោជន៍។ ដូចនេះ ការធ្វើទីផ្សារណែនាំអាចជោគជ័យជាង នៅពេលដែលអ្នកគួបផ្សំនឹងការបង្កើតមាតិកាដែលមានតម្លៃ ដូចជា ការផ្តល់មតិ ការបង្រៀនរបៀបប្រើ ការប្រៀបធៀប និងបទពិសោធន៍ផ្ទាល់ខ្លួន។
៩. សេវាកម្មការធ្វើដំណើរនិងស្នាក់នៅ
វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាបានបង្កើតឳកាសសំរាប់អាជីវកម្មអនឡាញផងដែរ។ សហគ្រិនឥឡូវអាចបង្កើតជាវេទិកា ឬសេវាកម្មទាក់ទងនឹងភ្ញៀវទេសចរណ៍ជាមួយ៖
- សណ្ឋាគារ
- ផ្ទះសំណាក់
- ភូមិគ្រឹះ
- អ្នកបង្កើតដំណើរចរ
- អ្នកបើកឡាន
- បទពិសោធន៍ក្នុងតំបន់
- ភោជនីយដ្ឋាន
- ម្ចាស់អចលនវត្ថុ
សេវាកម្មតាំងបញ្ជីអាជីវកម្មអាចដំណើរការអនឡាញ ដោយការជួយដល់ម្ចាស់អាចផ្សព្វផ្សាយផ្ទះ អាផាតមិន វីឡា ឬអចលនវត្ថុពាណិជ្ជកម្ម។ វាជួយបង្កើតតម្លៃសំរាប់ទាំងសងខាងនៃទីផ្សារ៖ ម្ចាស់អចលនទ្រព្យចង់បានអតិថិជនបន្ថែម ខណៈដែលអតិថិជនចង់បានព័ត៌មានដែលងាយស្រួល និងអាចជឿទុកចិត្តបាន។
១០. ការលក់ផលិតផលឌីជីថល
គំរូអាជីវកម្មដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺប្រហែលជាការលក់វត្ថុដែលមិនចាំបាច់កាន់បានដោយដៃ (ផលិតផលឌីជីថល) មានដូចជា៖
- សៀវភៅអេឡិចត្រូនិច (E-books)
- ទម្រង់បែបបទជាថឹមភ្លេត (Templates)
- ឯកសារទម្រង់ Excel (Excel spreadsheets)
- ឯកសារសំរាប់អាជីវកម្ម
- វគ្គសិក្សាអនឡាញ
- រូបថត
- ហ្វាល Assets សំរាប់ការឌីហ្សាញ
- ឯកសាររៀន
- បញ្ជីផ្ទៀងផ្ទាត់ការងារសំរាប់អាជីវកម្ម (Business checklists)
- ឯកសារណែនាំឌីជីថលផ្សេងៗ
ប្រយោជន៍ដ៏សំខាន់នោះគឺអ្នកបង្កើតផលិតផលតែម្តងតែអាចលក់បានរហូត ហើយការចំនាយលើការយកផលិតផលដល់អតិថិជនបន្ទាប់ពីបានទិញគឺមានតម្លៃស្មើៗគ្នា ហើយអស់ចំនាយតិចបំផុត។
តើអាជីវកម្មណាដែលល្អបំផុតសំរាប់អ្នក?
វាមិនមានអាជីវកម្មណាល្អជាងអាជីវកម្មណានោះទេ គឺវាអាស្រ័យទៅលើអ្នក។ ជម្រើសត្រឹមត្រូវអាស្រ័យទៅលើដើមទុន ជំនាញ បទពិសោធន៍ និងការតាំងចិត្តក្នុងការរៀនសូត្រ។ អ្នកអាចពិចារណាតាមតារាងខាងក្រោម៖
| អាជីវកម្ម | ដើមទុនចាប់ផ្តើម | តម្រូវការសំខាន់ |
|---|---|---|
| ការលក់អនឡាញ | ទាប – មធ្យម | ផលិតផល + ការធ្វើទីផ្សារ |
| អាជីវកម្មលើតិកតុក | ទាប | មាតិកា + ភាពជាប់លាប់ |
| ការដឹកអាហារ | ទាប – មធ្យម | អាហារ + ប្រតិបត្តិការ |
| ការផ្តល់សេវាបែបឯករាជ្យ | ទាបបំផុត | ជំនាញដែលមានតម្លៃ |
| ការធ្វើទីផ្សារឌីជីថល | ទាប | ជំនាញទីផ្សារ |
| ការបង្រៀនអនឡាញ | ទាបបំផុត | ចំនេះដឹង + ការបង្រៀន |
| ការបង្កើតមាតិកា | ទាប | ភាពជាប់លាប់ + ទស្សនិកជន |
| ការធ្វើទីផ្សារណែនាំ | ទាបបំផុត | មាតិកា + ទំនុកចិត្ត |
| វេទិកាបញ្ជីអចលទ្រព្យ | មធ្យម | បណ្តាញ + បច្ចេកវិទ្យា |
| ផលិតផលឌីជីថល | ទាបបំផុត | ចំនេះដឹង + ការបង្កើតផលិតផល |
ការរួមបញ្ចូលគ្នា
កំហុសដែលមនុស្សជាច្រើនមានគឺគិតថា អាជីវកម្មអនឡាញមួយគឺគ្រាន់តែដាក់ផលិតផលលក់លើហ្វេសប៊ុក ហើយចាំអតិថិជនមកទិញ។ វាមិនបែបហ្នឹងនោះទេ។ អត្ថប្រយោជន៍ពិតនៃអ៊ីនថឺណែតគឺវាអនុញ្ញាតិឲ្យអាជីវកម្មតូចមួយអាចទៅដល់អតិថិជន កសាងទំនុកចិត្ត ធ្វើទំនាក់ទំនងដោយផ្ទាល់ ប្រមូលមតិយោបល់ និងកសាងប្រែនដែលល្បីឡើង។ អាជីវកម្មតូចមួយអាចរួមបញ្ចូលគ្នាដូចខាងក្រោម៖
តិកតុក → ហ្វេសប៊ុក → តេលេក្រាម/Messenger → គេហទំព័រ → ការបង់លុយ → ការដឹកជញ្ជូន
បណ្តាញនីមួយៗអាចធ្វើតួនាទីផ្សេងគ្នា។ តិកតុកអាចទាក់ទាញចំនាប់អារម្មណ៍។ ហ្វេសប៊ុកអាចកសាងភាពជឿទុកចិត្ត។ Messenger ឬតេលេក្រាមអាចជួយធ្វើទំនាក់ទំនងជាមួយអតិថិជន។ គេហទំព័របង្ហាញព័ត៌មានបន្ថែម និងពង្រឹងប្រែន។ ការបង់លុយដោយឌីជីថលធ្វើឲ្យការទិញមានភាពងាយស្រួល។ សេវាកម្មដឹកជញ្ជូនជាអ្នកបញ្ចប់ប្រតិបត្តិការនៃការទិញ លក់។ បែបនេះជួយបង្កើតនូវបទពិសោធន៍ពាណិជ្ជកម្មបែបឌីជីថលយ៉ាងពេញលេញ។
ការចាប់ផ្តើមពីតូច ជាជាងរង់ចាំនូវអាជីវកម្មដែលល្អឥតខ្ជោះ
លោកអ្នកមិនចាំបាច់បង្កើតក្រុមហ៊ុនមួយនៅថ្ងៃដំបូងនោះទេ។ វិធីសាស្ត្រដែលល្អគឺការចាប់ផ្តើមជាមួយការពិសោធន៍តូចមួយ។ រើសយកបញ្ហាមួយ។ រើសយកប្រភេទអតិថិជនមួយ។ បង្កើតផលិតផល ឬសេវាកម្មសាមញ្ញមួយ។ បន្ទាប់មក ព្យាយាមរកឲ្យបាន ៥ អតិថិជនដំបូង ហើយបន្ទាប់មក រៀនពីពួកគេ។ តើពួកគេចូលចិត្តអ្វី? តើពួកគេមិនពេញចិត្តនឹងអ្វី? តើពួកគេបំរុងនឹងចាយលុយប៉ុន្មាន? តើអ្វីដែលធ្វើឲ្យពួកគេទុកចិត្តលើអ្នក? បន្ទាប់មក ចាប់ផ្តើមកែលម្អអាជីវកម្មរបស់អ្នក។
អ៊ីនថឺណែតអនុញ្ញាតិឲ្យអ្នកធ្វើតេស្តគំនិតអាជីវកម្មបានរហ័សជាងពេលណាៗទាំងអស់។ អ្នកមិនចាំបាច់ត្រូវការការិយាល័យធំៗ ហាងនៅផ្លូវធំ ឬការស្តុកទំនិញច្រើននោះទេ។ អ្វីដែលអ្នកត្រូវការគឺជាបញ្ហាមួយដែលគួរនឹងដោះស្រាយនិងរបៀបទៅដល់មនុស្សដែលមានបញ្ហានោះ។
ចុងក្រោយ
សេដ្ឋកិច្ចអនឡាញរបស់ប្រទេសកម្ពុជាកំពុងតែរីកលូតលាស់ ដែលមានន័យថា វាមានទាំងឧបសគ្គ និងឳកាស។ ពាណិជ្ជកម្មអនឡាញកំពុងមានការកើនឡើង ការប្រើប្រាស់បណ្តាញសង្គមមានការរីកសុះសាយ ហើយស្មាតហ្វូនបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃ។ ចំនួនអ្នកប្រើប្រាស់ដ៏ច្រើនលើបណ្តាញសង្គមផ្តល់ដល់អាជីវកម្មនូវវិធីសាស្ត្រកាន់តែមានប្រសិទ្ធភាពក្នុងការទៅដល់អតិថិជនគោលដៅ។
ឳកាសនោះគឺមិនមែនចាំបាច់តែបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនោះទេ តែវាជាការចាប់ផ្តើមដ៏សាមញ្ញមួយ។ សហគ្រិនកម្ពុជាម្នាក់ដែលរកឃើញបញ្ហាជាក់លាក់ដែលត្រូវដោះស្រាយ រួចបង្កើតផលិតផល ឬសេវាកម្មដែលមានប្រយោជន៍ កសាងទំនុកចិត្តអនឡាញ និងបំរើអតិថិជនដោយភាពជាប់លាប់ អាចបង្កើតអាជីវកម្មដែលរកចំណូលច្រើនសន្ធឹកសន្ធាប់ ដោយមិនចាំបាច់មានដើមទុនដ៏ច្រើននោះទេ។





