នៅលើផ្សារហ៊ុន CSX លោកអ្នកអាចវិនិយោគទៅលើមូលបត្រ ២ ប្រភេទសំខាន់ៗ៖ ភាគហ៊ុន (Stocks) និង បណ្ណបំណុល (Bonds)។ ក្រុមហ៊ុនមួយអាចធ្វើការបោះលក់ទាំងភាគហ៊ុន និងបណ្ណបំណុល តែពួកវាមានលក្ខណៈខុសគ្នាច្រើន ដូចនេះការយល់ដឹងពីភាពខុសគ្នារបស់វាជួយអ្នកឲ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវមុននឹងធ្វើការវិនិយោគ។ បើសិនលោកអ្នកចង់អានបន្ថែមពីភាពខុសគ្នារវាង ភាគហ៊ុន និងបណ្ណបំណុល សូមទៅកាន់តំណនៃអត្ថបទនេះ ភាពខុសគ្នារវាងភាគហ៊ុន (Stock) និង បណ្ណបំណុល (Bond)។ មានកត្តាសំខាន់ៗ ៦ យ៉ាងដែលអ្នកត្រូវដឹងដើម្បីធ្វើការសម្រេចចិត្តក្នុងវិនិយោគដូចខាងក្រោម៖
១. សក្តានុពលនៃប្រាក់ចំនេញ
ភាគច្រើនភាគហ៊ុនលើ CSX មានសក្តានុពលនៃប្រាក់ចំនេញខ្ពស់ជាង អាចបណ្តាលមកពី តម្លៃមានការកើនឡើងក្នុងរយៈពេលវែងខាងមុខ ហើយក្រុមហ៊ុនខ្លះផ្តល់នូវភាគលាភទៀងទាត់។ ឧទាហរណ៍ក្រុមហ៊ុនដែលល្អមួយអាចនឹងផ្តល់នូវភាគលាភមកវិញចំនួន 8-15% ក្នុងមួយឆ្នាំ ប៉ុន្តែមិនមានការធានានោះទេ។
ចំពោះបណ្ណបំណុលវិញ វាអាចនឹងផ្តល់នូវប្រាក់ចំនេញជាការប្រាក់តិចជាង ប៉ុន្តែមានស្ថិរភាពខ្ពស់ជាង ចន្លោះពី ៥ ទៅ ៩ ភាគរយក្នុងមួយឆ្នាំ ពិសេសសំរាប់បណ្ណបំណុលលើ CSX។ លើសពីនេះទៅទៀត ការប្រាក់នៃបណ្ណបំណុលមានចំនួនថេរដែលបានកំណត់ជាមុនក្នុងកិច្ចសន្យា ដោយមិនមានការឡើងឬចុះនោះទេ។
ដូចនេះបើនិយាយពីសក្តានុពលនៃប្រាក់ចំនេញ ភាគហ៊ុនមានឱកាសនៃការទទួលបានប្រាក់ចំនេញខ្ពស់ជាងបណ្ណបំណុល តែវាមានហានិភ័យខ្ពស់ជាងបណ្ណបំណុល។ តែបើធៀបនឹងអត្រាការប្រាក់ពីការដាក់លុយសន្សំយកការប្រាក់កំណត់នៅធនាគារ បណ្ណបំណុលនៅតែមានអត្រាការប្រាក់ខ្ពស់ជាងច្រើន គ្រាន់តែហានិភ័យខ្ពស់ជាងការដាក់សន្សំនៅធនាគារបន្តិច។
២. កំរិតនៃហានិភ័យ
តម្លៃរបស់ភាគហ៊ុនមានការកើនឡើង និងថយចុះ ដែលបណ្តាលមកពីលទ្ធផលប្រាក់ចំនេញរបស់អាជីវកម្ម កត្តាសេដ្ឋកិច្ច និងទំនោរនៃអ្នកវិនិយោគ។ អ្នកអាចនឹងខាតលុយនៅពេលដែលតម្លៃហ៊ុនមានការធ្លាក់ចុះ។
ចំពោះបណ្ណបំណុលវិញ វាមានស្ថិរភាពជាង។ អ្នកទទួលបាននូវការប្រាក់ថេរ ហើយវាមានហានិភ័យតែមួយគត់គឺនៅពេលដែលក្រុមហ៊ុនដែលបោះបណ្ណបំណុលក្ស័យធុន ឬបរាជ័យក្នុងការបង់ការប្រាក់ ឬសងលុយដើមមកវិញ (default) ដែលករណីនេះកម្រនឹងកើតឡើង តែវាអាចកើតឡើងបាន។
ដូចនេះ បើនិយាយពីកំរិតនៃហានិភ័យ បណ្ណបំណុលមានសុវត្ថិភាពជាង (ហានិភ័យទាបជាង)។
៣. បែបផែននៃប្រាក់ចំនូល
បើយើងនិយាយពីបែបផែននៃការទទួលប្រាក់ចំណូល ភាគហ៊ុនអាចផ្តល់នូវភាគលាភ ប៉ុន្តែវាមិនមានការធានានោះទេ។ ជួនកាល ក្រុមហ៊ុនខ្លះមិនផ្តល់នូវភាគលាភទាល់តែសោះ។
ចំពោះបណ្ណបំណុល អ្នកកាន់កាប់បណ្ណបំណុលទទួលនូវការប្រាក់ថេរដែលបានកំណត់ អាចរៀងរាល់ ៣ខែ ៦ខែ ឬ១ឆ្នាំ។ លំហូរនៃសាច់ប្រាក់មានលក្ខណៈសុវត្ថិភាពជាង ប្រកបដោយការរំពឹងទុកខ្ពស់។
ក្នុងបរិបទនេះ បណ្ណបំណុលមានភាពជាប់លាប់ជាងភាគហ៊ុន ចំពោះការទទួលបានប្រាក់ចំនូល។
៤. លំហូរសាច់ប្រាក់ Liquidity (ភាពងាយស្រួលក្នុងទិញ/លក់)
បើយើងនិយាយពីភាពងាយស្រួលក្នុងទិញឬលក់វិញ មូលបត្រទាំងពីរសុទ្ធតែមានកំរិតលំហូរនៃសាច់ប្រាក់ពីការជួញដូរទាប ប៉ុន្តែភាគហ៊ុនមានភាពងាយស្រួលជាងបន្តិចក្នុងទិញឬលក់។ ភាគហ៊ុនលើ CSX នៅតែមានអត្រាលំហូរសាច់ប្រាក់ពីការជួញដូរទាបនៅឡើយ ដោយសារទីផ្សារភាគហ៊ុននៅកម្ពុជានៅតូចនៅឡើយ ដូចនេះពេលខ្លះ លោកអ្នកអាចនឹងជួបប្រទះនឹងការលំបាកក្នុងលក់ហ៊ុនលឿនៗ។
ចំពោះបណ្ណបំណុលវិញ អត្រាលំហូរសាច់ប្រាក់ពីការជួញដូរគឺកាន់តែទាបជាងភាគហ៊ុនទៅទៀត ភាគច្រើនអ្នកកាន់កាប់បណ្ណបំណុលតែងតែកាន់កាប់វារហូតដល់ថ្ងៃផុតអាយុកាលរបស់បណ្ណបំណុល។
៥. ការស្របទៅនឹងគោលដៅនៃការវិនិយោគ
យ៉ាងណាគោលដៅនៃការវិនិយោគផ្ទាល់ខ្លួនរបស់អ្នកនៅតែជាកត្តាកំណត់ធំក្នុងការសម្រេចចិត្ត។
ការជ្រើសរើសយកការវិនិយោគលើភាគហ៊ុនគឺពិតជាសាកសមសំរាប់អ្នក បើសិនអ្នកចង់បាន៖
- ការកើនឡើងក្នុងរយៈពេលវែង
- ការបង្កើនប្រាក់ដើម
- ភាពអត់ធ្មត់នឹងហានិភ័យខ្ពស់ជាង
- អ្នកអាចទទួលយកនូវការឡើងចុះនៃទីផ្សារខ្ពស់ជាង។
ការជ្រើសរើសយកការវិនិយោគលើបណ្ណបំណុលគឺពិតជាសាកសមសំរាប់អ្នក បើសិនអ្នកចង់បាន៖
- ចំណូលមានស្ថិរភាព
- ហានិភ័យទាបជាង
- ការថែរក្សាប្រាក់ដើម
- ការចំនេញដែលរំពឹងទុកជាមុនខ្ពស់។
៦. បរិបទពិតនៃទីផ្សារកម្ពុជា
ទីផ្សារប្រទេសកម្ពុជានៅក្មេងខ្ចីនៅឡើយ ដូចនេះចំពោះភាគហ៊ុន នៅមានចំនួនក្រុមហ៊ុនឡើងផ្សារតិច ដែលអាចធ្វើឲ្យផលប័ត្រវិនិយោគចម្រុះនៅមានកំរិត។ ចំពោះបណ្ណបំណុលវិញ វាមានភាពពេញនិយមកាន់តែច្រើន ដោយសារក្រុមហ៊ុនផ្សេងៗបានបោះលក់បណ្ណបំណុលដែលផ្តល់នូវអត្រាការប្រាក់ដែលគួរឲ្យទាក់ទាញ ដែលខ្ពស់ជាងអត្រាការប្រាក់នៃការដាក់បញ្ញើមានកាលកំណត់តាមធនាគារនានា។ អ្នកវិនិយោគជាច្រើនក្នុងប្រទេសកម្ពុជាតាមពិតចូលចិត្តបណ្ណបំណុលជាអទិភាពទីមួយដោយសារតែស្ថិរភាពរបស់វា។
សរុបសេចក្តី
សរុបមក ភាគហ៊ុនមានសក្តានុពលនៃការកើនឡើងប្រាក់ចំនេញខ្ពស់តែមានហានិភ័យខ្ពស់ជាង ចំនែកបណ្ណបំណុលមានស្ថិរភាពខ្ពស់ តែសក្តានុពលកើនឡើងនៃប្រាក់ចំនេញទាបជាង។ យើងមិនអាចនិយាយថាមួយណាល្អជាងមួយណានោះទេ គឺវាអាស្រ័យលើការអត់ធ្មត់នឹងហានិភ័យ និងគោលដៅនៃការវិនិយោគរបស់លោកអ្នក។ វិធីសាស្ត្រដែលមានតុល្យភាពមួយគឺ ការរួមបញ្ចូលគ្នានៃការវិនិយោគលើមូលបត្រទាំងពីរ ដើម្បីប្រាក់ចំនេញកើនឡើងរហ័សផង និងដើម្បីសុវត្ថិភាពផង ដោយការវិនិយោគ ៦០ ទៅ ៧០ ភាគរយនៃដើមទុនរបស់អ្នកទៅលើបណ្ណបំណុល និង ៣០ ទៅ ៤០ ភាគរយទៅលើភាគហ៊ុន ដើម្បីសក្តានុពលនៃការចំនេញច្រើន។ បន្ទាប់មក លោកអ្នកអាចធ្វើការផ្លាស់ប្តូរបន្តិចម្តងៗ ស្របទៅតាមបទពិសោធន៍ផ្ទាល់នៃការកាន់មូលបត្រទាំងពីរ។




