ផ្សារមូលបត្រកម្ពុជា (Cambodia Securities Exchange) ដែលហៅកាត់ថា CSX គឺជាផ្សារហ៊ុនតែមួយគត់ក្នុងប្រទេសកម្ពុជា។ ជាមួយ CSX លោកអ្នកអាចធ្វើការទិញនិងលក់នូវភាគហ៊ុននៃក្រុមហ៊ុនក្នុងស្រុក មានដូចជា ធនាគារ កំពង់ផែស្វយ័ត សេវាកម្មសាធារណៈ ជាដើម។ លោកអ្នកអាចធ្វើការទិញហ៊ុនយ៉ាងតិចត្រឹមមួយហ៊ុនក៏បាន ដោយមិនចាំបាច់មានដើមទុនអប្បបរមាដែលបានកំណត់នោះទេ។ នៅពេលដែលអ្នកចង់ទិញឬលក់ហ៊ុនក្នុងផ្សារហ៊ុន CSX ត្រូវចងចាំថា វានៅតែជាទីផ្សារហ៊ុនដែលតូចនៅឡើយ ជាមួយលំហូរសាច់ប្រាក់កំរិតទាប។ ដូចនេះលោកអ្នកគួរផ្តោតលើការវិនិយោគក្នុងរយៈពេលវែង មិនមែនជាការជួញដូរ ចេញចូលផ្សារបែបលឿនៗនោះទេ។
១. ការជ្រើសរើសភ្នាក់ងារជួញដូរហ៊ុន (Broker) ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ

លោកអ្នកមិនអាចធ្វើការជួញដូរដោយផ្ទាល់លើ CSX នោះទេ។ វាទាមទារឲ្យអ្នកធ្វើការជួញដូរតាមរយៈភ្នាក់ងារជួញដូរហ៊ុនមួយ (Broker)។ យើងមានភ្នាក់ងារជួញដូរហ៊ុនក្នុងប្រទេសជាង ១០ ដូចជា Cambodia Securities Plc, ACLEDA Securities Plc, Yuanta Securities (Cambodia) Plc, SBI Royal Securities Plc, RHB Securities (Cambodia) Plc ជាដើម។ ក្នុងការជ្រើសរើសភ្នាក់ងារជួញដូរហ៊ុន លោកអ្នកត្រូវគិតអំពីកត្តាមួយចំនួនដូចជា ការមានអាជ្ញាបណ្ណត្រឹមត្រូវ ថ្លៃឈ្នួលក្នុងការជួញដូរ កម្មវិធីទូរសព្ទដែលងាយប្រើប្រាស់ និងការជួយគាំទ្រ និងការផ្តល់ព័ត៌មានស្រាវជ្រាវអំពីក្រុមហ៊ុនដែលមានលើផ្សារជាដើម។
២. ការបើកគណនេយ្យជួញដូរ

បន្ទាប់ពីលោកអ្នកបានជ្រើសរើសក្រុមហ៊ុនភ្នាក់ងារជួញដូរហ៊ុនរួចហើយ លោកអ្នកត្រូវធ្វើការបើកគណនេយ្យមួយជាមួយភ្នាក់ងារជួញដូរហ៊ុននោះ។ បើសិនលោកអ្នកជាជនជាតិខ្មែរ ក្នុងការបើកគណនេយ្យ គឺតម្រូវឲ្យលោកអ្នកមាននូវ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ រូបថតរបស់អ្នក ហើយត្រូវបំពេញទម្រង់បែបបទអំពីព័ត៌មានផ្សេងៗទៀតដែលតម្រូវ។ ភាគច្រើនលោកអ្នកអាចធ្វើការបើកគណនេយ្យដោយប្រើប្រាស់កម្មវិធីទូរសព្ទដែលផ្តល់ឲ្យដោយភ្នាក់ងារជួញដូរហ៊ុននោះ ដោយគ្រាន់តែបំពេញទំរង់បែបបទ និងថតរូបអត្តសញ្ញាណបណ្ណ និងរូបថតរបស់អ្នក ដោយមិនចាំបាច់ទៅដល់ទីតាំងក្រុមហ៊ុនឡើយ។ ចំពោះជនបរទេស គឺគ្រាន់តែប្រើប្រាស់ប៉ាស្ព័រជំនួសអត្តសញ្ញាណបណ្ណ ហើយឆ្លងកាត់ដំណើរការដូចគ្នា។ បន្ទាប់មក លោកអ្នកអាចនឹងត្រូវរង់ចាំ ១ ទៅ ៣ ថ្ងៃដើម្បីឲ្យក្រុមហ៊ុនភ្នាក់ងារជួញដូរហ៊ុនធ្វើការអនុម័តយល់ព្រមគណនេយ្យរបស់អ្នក មុននឹងអាចជួញដូរបាន។
៣. ការដាក់លុយ និងការចាប់ផ្តើមទិញហ៊ុន
បន្ទាប់មក លោកអ្នកនឹងទទួលបាននូវកាបូបលុយអេឡិចត្រូនិចលើកម្មវិធីទូរសព្ទសំរាប់គណនេយ្យអ្នក ហើយលោកអ្នកអាចធ្វើការដាក់លុយចូលកាបូបនោះតាមរយៈធនាគាររបស់អ្នក ដូចជា ABA, ACLEDA, ជាដើម។ ភ្នាក់ងារជួញដូរហ៊ុនមិនមានកំណត់ចំនួនលុយតិចបំផុតសំរាប់ធ្វើការដាក់ចូលគណនេយ្យអ្នកនោះទេ ឲ្យតែគ្រប់គ្រាន់សំរាប់ការទិញហ៊ុន និងសំរាប់ការបង់ថ្លៃឈ្នួលលើប្រតិបត្តិការជួញដូរ។
ការទិញហ៊ុនគឺអាចធ្វើឡើងតាមរយៈកម្មវិធីទូរសព្ទរបស់ភ្នាក់ងារជួញដូរហ៊ុនតែម្តង ឬតាមរយៈការតេទូរសព្ទទៅកាន់ភ្នាក់ងារជួញដូរហ៊ុនដើម្បីដាក់បញ្ជាទិញ។ ក្នុងការបញ្ជាទិញ យើងមានប្រភេទបញ្ជាទិញ ២ ប្រភេទ៖ ការបញ្ជាទិញតាមតម្លៃកំណត់ (Limit Order) និងការបញ្ជាទិញតាមតម្លៃទីផ្សារជាក់ស្តែង (Market Order)។ ការបញ្ជាទិញតាមតម្លៃកំណត់ (Limit Order) គឺជាការបញ្ជាទិញដែលកំណត់ជាមុននូវតម្លៃណាមួយដែលលោកអ្នកចង់ទិញ ឬលក់ ហើយការបញ្ជាទិញមិនទាន់កើតមានប្រតិបត្តិការភ្លាមៗនោះទេ ទាល់តែតម្លៃហ៊ុនឡើងឬចុះដល់តម្លៃនោះ។ ការបញ្ជាទិញតាមតម្លៃទីផ្សារជាក់ស្តែង (Market Order) គឺជាការបញ្ជាទិញដែលប្រតិបត្តិការកើតឡើងភ្លាមៗដោយផ្អែកទៅលើតម្លៃទីផ្សារបច្ចុប្បន្ន ហើយលោកអ្នកអាចនឹងទទួលបានប្រតិបត្តិការនៅតម្លៃខុសពីតម្លៃដែលអ្នកកំពុងមើលឃើញ ដោយសារតែលំហូរសាច់ប្រាក់លើទីផ្សារហ៊ុនមានកំរិតទាប ដូចនេះប្រតិបត្តិការនៅតម្លៃដែលអ្នកមើលឃើញអាចនឹងមានការជ្រេតម្លៃតិចឬច្រើន អាស្រ័យទៅលើតម្លៃដែលមានលំហូរអ្នកទិញឬលក់ដែលអាចបំពេញប្រតិបត្តិការរបស់អ្នក។
៤. ការតាមដាន និងគ្រប់គ្រងការវិនិយោគរបស់លោកអ្នក

នៅពេលដែលអ្នកបានទិញហ៊ុនហើយ លោកអ្នកអាចធ្វើការតាមដានតម្លៃហ៊ុនរបស់អ្នកតាមរយៈគេហទំព័ររបស់ CSX ឬតាមរយៈកម្មវិធីទូរសព្ទរបស់ភ្នាក់ងារជួញដូរហ៊ុន។ លើសពីនេះ លោកអ្នកក៏ត្រូវការតាមដាន និងពិនិត្យនូវរបាយការណ៍ហិរញ្ញវត្ថុផ្សេងៗ និងកាលវិភាគនៃការចែកភាគលាភពីក្រុមហ៊ុនដែលលោកអ្នកបានវិនិយោគផងដែរ។ បើលោកអ្នកចង់លក់ហ៊ុនវិញ លោកអ្នកអាចធ្វើការលក់ក្នុងកំឡុងម៉ោងជួញដូរដែលកំណត់ដោយ CSX ដែលម៉ោងជួញដូរជាទូទៅគឺចាប់ពីម៉ោង ៩ ព្រឹក ដល់ ម៉ោង ២:៥០ រសៀល រៀងរាល់ថ្ងៃធ្វើការ។
៥. រឿងសំខាន់ដែលអ្នកត្រូវដឹងអំពីទីផ្សារហ៊ុនខ្មែរ
ទីមួយគឺកំរិតលំហូរសាច់ប្រាក់ទាប (Low Liquidity) ហើយវាអាចបង្កឲ្យលោកអ្នកពិបាកក្នុងការបញ្ជាទិញ ឬលក់លឿនៗ នៅពេលខ្លះ ហើយចំពោះតម្លៃមានការធ្វើចលនាយឺត បើប្រៀបទៅនឹងទីផ្សារនិស្សន៍ ឬទីផ្សារគ្រីបតូ។
ទីពីរគឺត្រូវគិតអំពីការវិនិយោគក្នុងរយៈពេលវែងច្រើនជាងការជួញដូរចង់ចំនេញលឿនៗ។ ចំពោះទីផ្សារលើ CSX ការកាន់ភាគហ៊ុនក្នុងរយៈពេលវែងមានភាពអំនោយផលជាងការជួញដូរប្រចាំថ្ងៃ។
ចុងក្រោយ ហានិភ័យមិនបានបាត់ទៅណានោះទេ។ វានៅតែមានវត្តមាន បើទោះបីក្រុមហ៊ុនទាំងនោះជាក្រុមហ៊ុនពិត មានការទទួលស្គាល់ មានច្បាប់ត្រឹមត្រូវក៏ដោយ ដែលហានិភ័យចែកចេញជាពីរប្រភេទ គឺហានិភ័យពីទីផ្សារ និងហានិភ័យពីខាងក្នុងក្រុមហ៊ុន។ តម្លៃភាគហ៊ុនអាចនឹងចុះ ឬអាចនឹងឡើង ជាធម្មតា។
ជាដំបូន្មានល្អ ការវិនិយោគលើភាគហ៊ុនលើផ្សារ CSX គួរតែចាត់ទុកជាវិធីសាស្ត្រក្នុងការកសាងទ្រព្យសម្បត្តិបែបយឺតៗ មិនមែនជាការជួញដូរ ចេញចូលផ្សារលឿនៗដូចផ្សារនិស្សន្ទ៍នោះទេ។ ម្យ៉ាងវិញទៀត បើសិនអ្នកមិនមានចំនេះដឹង ឬបទពិសោធន៍ក្នុងវិស័យនេះច្រើនទេ គួរចាប់ផ្តើមវិនិយោគក្នុងទំហំតិចៗសិន ដូចជា ៥០០ ទៅ ១០០០ ដុល្លារ ជាដើម។ ក្នុងការវិនិយោគភាគហ៊ុនខ្មែរនេះ អ្នកគួរផ្តោតលើក្រុមហ៊ុនដែលចែកភាគលាភទៀងទាត់ និងអាជីវកម្មដែលមានស្ថិរភាព ដូចជា ធនាគារ ក្រុមហ៊ុនហេដ្ឋានរចនាសម្ព័ន្ធជាដើម។


