តើអ្នកត្រូវដឹងអ្វីខ្លះមុននឹងចាប់ផ្តើមវិនិយោគលើភាគហ៊ុនក្នុងប្រទេសកម្ពុជា?

csx insider

ផ្សារមូលបត្រកម្ពុជា (Cambodia Securities Exchange) ដែលហៅកាត់ថា CSX គឺជាផ្សារហ៊ុនតែមួយគត់ក្នុងប្រទេសកម្ពុជា។ ជាមួយ CSX លោកអ្នកអាចធ្វើការទិញនិងលក់នូវភាគហ៊ុននៃក្រុមហ៊ុនក្នុងស្រុក មានដូចជា ធនាគារ កំពង់ផែស្វយ័ត សេវាកម្មសាធារណៈ ជាដើម។ លោកអ្នកអាចធ្វើការទិញហ៊ុនយ៉ាងតិចត្រឹមមួយហ៊ុនក៏បាន ដោយមិនចាំបាច់មានដើមទុនអប្បបរមាដែលបានកំណត់នោះទេ។ នៅពេលដែលអ្នកចង់ទិញឬលក់ហ៊ុនក្នុងផ្សារហ៊ុន CSX ត្រូវចងចាំថា វានៅតែជាទីផ្សារហ៊ុនដែលតូចនៅឡើយ ជាមួយលំហូរសាច់ប្រាក់កំរិតទាប។ ដូចនេះលោកអ្នកគួរផ្តោតលើការវិនិយោគក្នុងរយៈពេលវែង មិនមែនជាការជួញដូរ ចេញចូលផ្សារបែបលឿនៗនោះទេ។

១. ការជ្រើសរើសភ្នាក់ងារជួញដូរហ៊ុន (Broker) ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ

sbi royal securities

លោកអ្នកមិនអាចធ្វើការជួញដូរដោយផ្ទាល់លើ CSX នោះទេ។ វាទាមទារឲ្យអ្នកធ្វើការជួញដូរតាមរយៈភ្នាក់ងារជួញដូរហ៊ុនមួយ (Broker)។ យើងមានភ្នាក់ងារជួញដូរហ៊ុនក្នុងប្រទេសជាង ១០ ដូចជា Cambodia Securities Plc, ACLEDA Securities Plc, Yuanta Securities (Cambodia) Plc, SBI Royal Securities Plc, RHB Securities (Cambodia) Plc ជាដើម។​ ក្នុងការជ្រើសរើសភ្នាក់ងារជួញដូរហ៊ុន លោកអ្នកត្រូវគិតអំពីកត្តាមួយចំនួនដូចជា ការមានអាជ្ញាបណ្ណត្រឹមត្រូវ ថ្លៃឈ្នួលក្នុងការជួញដូរ កម្មវិធីទូរសព្ទដែលងាយប្រើប្រាស់ និងការជួយគាំទ្រ និងការផ្តល់ព័ត៌មានស្រាវជ្រាវអំពីក្រុមហ៊ុនដែលមានលើផ្សារជាដើម។

២. ការបើកគណនេយ្យជួញដូរ

acleda securities

បន្ទាប់ពីលោកអ្នកបានជ្រើសរើសក្រុមហ៊ុនភ្នាក់ងារជួញដូរហ៊ុនរួចហើយ លោកអ្នកត្រូវធ្វើការបើកគណនេយ្យមួយជាមួយភ្នាក់ងារជួញដូរហ៊ុននោះ។ បើសិនលោកអ្នកជាជនជាតិខ្មែរ ក្នុងការបើកគណនេយ្យ គឺតម្រូវឲ្យលោកអ្នកមាននូវ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ រូបថតរបស់អ្នក ហើយត្រូវបំពេញទម្រង់បែបបទអំពីព័ត៌មានផ្សេងៗទៀតដែលតម្រូវ។ ភាគច្រើនលោកអ្នកអាចធ្វើការបើកគណនេយ្យដោយប្រើប្រាស់កម្មវិធីទូរសព្ទដែលផ្តល់ឲ្យដោយភ្នាក់ងារជួញដូរហ៊ុននោះ ដោយគ្រាន់តែបំពេញទំរង់បែបបទ និងថតរូបអត្តសញ្ញាណបណ្ណ និងរូបថតរបស់អ្នក ដោយមិនចាំបាច់ទៅដល់ទីតាំងក្រុមហ៊ុនឡើយ។ ចំពោះជនបរទេស គឺគ្រាន់តែប្រើប្រាស់ប៉ាស្ព័រជំនួសអត្តសញ្ញាណបណ្ណ ហើយឆ្លងកាត់ដំណើរការដូចគ្នា។ បន្ទាប់មក លោកអ្នកអាចនឹងត្រូវរង់ចាំ ១ ទៅ ៣ ថ្ងៃដើម្បីឲ្យក្រុមហ៊ុនភ្នាក់ងារជួញដូរហ៊ុនធ្វើការអនុម័តយល់ព្រមគណនេយ្យរបស់អ្នក មុននឹងអាចជួញដូរបាន។

៣. ការដាក់លុយ និងការចាប់ផ្តើមទិញហ៊ុន

បន្ទាប់មក លោកអ្នកនឹងទទួលបាននូវកាបូបលុយអេឡិចត្រូនិចលើកម្មវិធីទូរសព្ទសំរាប់គណនេយ្យអ្នក ហើយលោកអ្នកអាចធ្វើការដាក់លុយចូលកាបូបនោះតាមរយៈធនាគាររបស់អ្នក ដូចជា ABA, ACLEDA, ជាដើម។ ភ្នាក់ងារជួញដូរហ៊ុនមិនមានកំណត់ចំនួនលុយតិចបំផុតសំរាប់ធ្វើការដាក់ចូលគណនេយ្យអ្នកនោះទេ ឲ្យតែគ្រប់គ្រាន់សំរាប់ការទិញហ៊ុន និងសំរាប់ការបង់ថ្លៃឈ្នួលលើប្រតិបត្តិការជួញដូរ។

ការទិញហ៊ុនគឺអាចធ្វើឡើងតាមរយៈកម្មវិធីទូរសព្ទរបស់ភ្នាក់ងារជួញដូរហ៊ុនតែម្តង ឬតាមរយៈការតេទូរសព្ទទៅកាន់ភ្នាក់ងារជួញដូរហ៊ុនដើម្បីដាក់បញ្ជាទិញ។ ក្នុងការបញ្ជាទិញ យើងមានប្រភេទបញ្ជាទិញ ២ ប្រភេទ៖ ការបញ្ជាទិញតាមតម្លៃកំណត់ (Limit Order) និងការបញ្ជាទិញតាមតម្លៃទីផ្សារជាក់ស្តែង (Market Order)។ ការបញ្ជាទិញតាមតម្លៃកំណត់ (Limit Order) គឺជាការបញ្ជាទិញដែលកំណត់ជាមុននូវតម្លៃណាមួយដែលលោកអ្នកចង់ទិញ ឬលក់ ហើយការបញ្ជាទិញមិនទាន់កើតមានប្រតិបត្តិការភ្លាមៗនោះទេ ទាល់តែតម្លៃហ៊ុនឡើងឬចុះដល់តម្លៃនោះ។ ការបញ្ជាទិញតាមតម្លៃទីផ្សារជាក់ស្តែង (Market Order) គឺជាការបញ្ជាទិញដែលប្រតិបត្តិការកើតឡើងភ្លាមៗដោយផ្អែកទៅលើតម្លៃទីផ្សារបច្ចុប្បន្ន ហើយលោកអ្នកអាចនឹងទទួលបានប្រតិបត្តិការនៅតម្លៃខុសពីតម្លៃដែលអ្នកកំពុងមើលឃើញ ដោយសារតែលំហូរសាច់ប្រាក់លើទីផ្សារហ៊ុនមានកំរិតទាប ដូចនេះប្រតិបត្តិការនៅតម្លៃដែលអ្នកមើលឃើញអាចនឹងមានការជ្រេតម្លៃតិចឬច្រើន អាស្រ័យទៅលើតម្លៃដែលមានលំហូរអ្នកទិញឬលក់ដែលអាចបំពេញប្រតិបត្តិការរបស់អ្នក។

៤. ការតាមដាន និងគ្រប់គ្រងការវិនិយោគរបស់លោកអ្នក

khmer stock trading app

នៅពេលដែលអ្នកបានទិញហ៊ុនហើយ លោកអ្នកអាចធ្វើការតាមដានតម្លៃហ៊ុនរបស់អ្នកតាមរយៈគេហទំព័ររបស់ CSX ឬតាមរយៈកម្មវិធីទូរសព្ទរបស់ភ្នាក់ងារជួញដូរហ៊ុន។ លើសពីនេះ លោកអ្នកក៏ត្រូវការតាមដាន និងពិនិត្យនូវរបាយការណ៍ហិរញ្ញវត្ថុផ្សេងៗ និងកាលវិភាគនៃការចែកភាគលាភពីក្រុមហ៊ុនដែលលោកអ្នកបានវិនិយោគផងដែរ។ បើលោកអ្នកចង់លក់ហ៊ុនវិញ លោកអ្នកអាចធ្វើការលក់ក្នុងកំឡុងម៉ោងជួញដូរដែលកំណត់ដោយ CSX ដែលម៉ោងជួញដូរជាទូទៅគឺចាប់ពីម៉ោង ៩ ព្រឹក ដល់ ម៉ោង ២:៥០ រសៀល រៀងរាល់ថ្ងៃធ្វើការ។

៥. រឿងសំខាន់ដែលអ្នកត្រូវដឹងអំពីទីផ្សារហ៊ុនខ្មែរ

ទីមួយគឺកំរិតលំហូរសាច់ប្រាក់ទាប (Low Liquidity) ហើយវាអាចបង្កឲ្យលោកអ្នកពិបាកក្នុងការបញ្ជាទិញ ឬលក់លឿនៗ នៅពេលខ្លះ ហើយចំពោះតម្លៃមានការធ្វើចលនាយឺត បើប្រៀបទៅនឹងទីផ្សារនិស្សន៍ ឬទីផ្សារគ្រីបតូ។

ទីពីរគឺត្រូវគិតអំពីការវិនិយោគក្នុងរយៈពេលវែងច្រើនជាងការជួញដូរចង់ចំនេញលឿនៗ។ ចំពោះទីផ្សារលើ CSX ការកាន់ភាគហ៊ុនក្នុងរយៈពេលវែងមានភាពអំនោយផលជាងការជួញដូរប្រចាំថ្ងៃ។

ចុងក្រោយ ហានិភ័យមិនបានបាត់ទៅណានោះទេ។ វានៅតែមានវត្តមាន បើទោះបីក្រុមហ៊ុនទាំងនោះជាក្រុមហ៊ុនពិត មានការទទួលស្គាល់ មានច្បាប់ត្រឹមត្រូវក៏ដោយ ដែលហានិភ័យចែកចេញជាពីរប្រភេទ គឺហានិភ័យពីទីផ្សារ និងហានិភ័យពីខាងក្នុងក្រុមហ៊ុន។ តម្លៃភាគហ៊ុនអាចនឹងចុះ ឬអាចនឹងឡើង ជាធម្មតា។

ជាដំបូន្មានល្អ ការវិនិយោគលើភាគហ៊ុនលើផ្សារ CSX គួរតែចាត់ទុកជាវិធីសាស្ត្រក្នុងការកសាងទ្រព្យសម្បត្តិបែបយឺតៗ មិនមែនជាការជួញដូរ ចេញចូលផ្សារលឿនៗដូចផ្សារនិស្សន្ទ៍នោះទេ។ ម្យ៉ាងវិញទៀត បើសិនអ្នកមិនមានចំនេះដឹង ឬបទពិសោធន៍ក្នុងវិស័យនេះច្រើនទេ គួរចាប់ផ្តើមវិនិយោគក្នុងទំហំតិចៗសិន ដូចជា ៥០០ ទៅ ១០០០ ដុល្លារ ជាដើម។ ក្នុងការវិនិយោគភាគហ៊ុនខ្មែរនេះ អ្នកគួរផ្តោតលើក្រុមហ៊ុនដែលចែកភាគលាភទៀងទាត់ និងអាជីវកម្មដែលមានស្ថិរភាព ដូចជា ធនាគារ ក្រុមហ៊ុនហេដ្ឋានរចនាសម្ព័ន្ធជាដើម។

Leave a Comment

Your email address will not be published. Required fields are marked *