ai for cambodian business

តើបញ្ញាសិប្បនិម្មិត (AI) អាចជួយអ្វីខ្លះដល់អាជីវកម្មរបស់អ្នក?

ក្នុងយុគសម័យនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន អ្នកប្រាកដជាធ្លាប់លឺដដែលៗនូវពាក្យថា AI ឬបញ្ញាសិប្បនិម្មិត។ បញ្ញាសិប្បនិម្មិតគឺជាបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបង្អស់ក្នុងពិភពលោក ដែលត្រូវបានដំណើរការដោយប្រព័ន្ធអនឡាញ ២៤ ម៉ោង លើ ២៤ ម៉ោង ដែលវាមានសមត្ថភាពក្នុងទាញយកចំនេះដឹងពីគ្រប់ប្រភពទាំងអស់ ហើយថែមទាំងអាចបង្កើតទិន្នន័យ ឬឯកសារបានដោយស្វ័យប្រវត្តិ។ បញ្ញាសិប្បនិម្មិតពិតជាមានសារសំខាន់និងសក្តានុពលខ្លាំងក្នុងការងារគ្រប់វិស័យ ជាពិសេសសំរាប់អាជីវកម្មទាំងធុនតូច ធុនមធ្យម និងក្រុមហ៊ុនអន្តរជាតិផងដែរ។ ចំពោះអាជីវកម្មក្នុងប្រទេសកម្ពុជា ការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ជួយដល់ការរីកចម្រើនអាជីវកម្មចាប់ផ្តើមមានសន្ទុះកើនឡើងកាន់តែខ្លាំងដោយសារការធ្វើទីផ្សារតាមអនឡាញកំពុងតែមានសន្ទុះកាន់តែខ្លាំង ស្របតាមការកើនឡើងនៃការប្រើប្រាស់អ៊ីនថឺណែត និងសម័យកាលស្មាតហ្វូន។ សំនួរនោះគឺថា តើបញ្ញាសិប្បនិម្មិតអាចជួយដល់អាជីវកម្មរបស់អ្នកតាមវិធីណាខ្លះ?

សេវាកម្មបំរើអតិថិជន

ផ្នែកមួយដ៏សំខាន់នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងអាជីវកម្មគឺការប្រើវាក្នុងសេវាកម្មបំរើអតិថិជនតាមរយៈឆាតបត់ (Chatbot) ដោយសារ Chatbot ត្រូវបានដំណើរការលើប្រព័ន្ធអនឡាញ មានន័យថា វាអាចដំណើរការឆ្លើយតបភ្លាមៗទៅកាន់អតិថិជនដែលទំនាក់ទំនងមក ដោយមិនចាំបាច់មនុស្សនោះទេ។ ការបង្កើត Chatbot ដែលស្មុគស្មាញអាចប្រើប្រាស់បានច្រើនក្នុងការឆ្លើយសំនួរចំគោលដៅដែលអតិថិជនចង់ដឹង។ ការឆ្លើយតបរហ័សជួយបង្កើនទំនុកចិត្តពីអតិថិជន ហើយថែមទាំងអាចកាត់បន្ថយការចំនាយលុយជួលបុគ្គលិកមនុស្សមកធ្វើការងារនេះ។ លោកអ្នកអាចបង្កើត Chatbot ផ្សេងៗដូចជា Chatbot សំរាប់ផេកហ្វេសប៊ុក Chatbot សំរាប់តេលេក្រាម ជាដើម។ ការបង្កើត Chatbot មិនចាំបាច់ចេះសរសេរកូដនោះទេ អ្នកអាចបង្កើតវាតាមរយៈបញ្ញាសិប្បនិម្មិតរបស់ ChatGPT ក៏បាន។

ការធ្វើទីផ្សារឌីជីថល (Digital Marketing)

ផ្នែកមួយដែលបញ្ញាសិប្បនិម្មិតអាចជួយបានខ្លាំងផងដែរគឺ ការធ្វើទីផ្សារឌីជីថល។ អ្នកអាចប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីជួយវិភាគទិន្នន័យអតិថិជនរបស់អាជីវកម្មអ្នក ដើម្បីបង្កើនការលក់ តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មតាមអនឡាញប្រកបដោយប្រសិទ្ធភាព ចំនាយអស់តិច តែទទួលបានការលក់ដាច់ច្រើន។ លើសពីនេះ បញ្ញាសិប្បនិម្មិតជួយបានច្រើនក្នុងការបង្កើតមាតិកាអនឡាញ ដូចជាការបង្កើតវីដេអូ រូបភាព អត្ថបទ ជាដើម។ បញ្ញាសិប្បនិម្មិតក្លាយជាប្រភពចំនេះដឹងដ៏សំខាន់សំរាប់ឲ្យអ្នកប្រើប្រាស់ដើម្បីបង្កើតមាតិកាគ្រប់ប្រភេទ។ សព្វថ្ងៃនេះអ្នកមិនចាំបាច់ចំនាយពេលច្រើនក្នុងការអានសៀវភៅ ការអានអត្ថបទតាមអ៊ីនថែណែត ដើម្បីបង្កើតមាតិកានោះទេ ហើយអ្នកក៏កសាងចំនេះដឹងក្នុងជំនាញណាមួយបានយ៉ាងឆាប់រហ័សផងដែរ។ តែនេះមិនមានន័យថា អ្នកត្រូវជឿលើព័ត៌មានបានពី បញ្ញាសិប្បនិម្មិតទាំងស្រុងនោះទេ អ្នកអាចយោងទៅតាមឯកសារបន្ថែម។ យ៉ាងណាក៏បញ្ញាសិប្បនិម្មិតអាចផ្តល់ព័ត៌មានត្រឹមត្រូវ ជាក់លាក់សឹងតែ ៩៥ ភាគរយទៅហើយ។

ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម

លោកអ្នកក៏អាចប្រើប្រាស់ បញ្ញាសិប្បនិម្មិត ដើម្បីជួយដល់ការងារគ្រប់គ្រងប្រតិបត្តិការរបស់អាជីវកម្មអ្នកផងដែរ ដោយសារបញ្ញាសិប្បនិម្មិតអាចជួយបានច្រើនក្នុងការងារស្វ័យប្រវត្តិកម្មការងារ (Automation) ដោយមិនពឹងពាក់លើមនុស្ស។ បញ្ញាសិប្បនិម្មិតក៏អាចជួយអ្នកក្នុងការងារគ្រប់គ្រងស្តុក (Inventory Management) ការព្យាករណ៍តម្រូវការ (Demand Forecasting) ផងដែរ។ អ្វីដែលសំខាន់គឺ បញ្ញាសិប្បនិម្មិតអាចវិភាគទិន្នន័យធំៗ (Big Data) បានយ៉ាងឆាប់រហ័ស និងត្រឹមត្រូវ។

វិស័យហិរញ្ញវត្ថុ និងគណនេយ្យ

បញ្ញាសិប្បនិម្មិតក៏មាននាទីជួយដល់វិស័យហិរញ្ញវត្ថុ និងគណនេយ្យផងដែរ ជាពិសេស បញ្ញាសិប្បនិម្មិតអាចធ្វើការវិភាគទៅលើការចំនាយ និងការចំនេញ បានយ៉ាងឆាប់រហ័ស ដែលមនុស្សត្រូវប្រើប្រាស់ពេលច្រើនដើម្បីធ្វើវា។ បញ្ញាសិប្បនិម្មិតក៏អាចត្រូវបានប្រើប្រាស់ដើម្បីវិភាគទៅលើការក្លែងបន្លំផ្សេងៗ (Fraud Detection)។ លើសពីនេះ វាថែមទាំងអាចជួយបង្កើតរបាយការណ៍ដោយស្វ័យប្រវត្តិ ដែលមនុស្សគ្រាន់តែទាញយកវាប៉ុណ្ណោះ។

ការសំរេចចិត្តក្នុងអាជីវកម្ម

ការសម្រេចចិត្តអាជីវកម្មសុទ្ធតែមានហានិភ័យនៃការខាតបង់។ បញ្ញាសិប្បនិម្មិតអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការវិភាគទិន្នន័យធំ (Big Data) ហើយការវិភាគទិន្នន័យដែលឆាប់រហ័ស និងត្រឹមត្រូវពិតជាអាចជួយដល់ការសម្រេចចិត្តផ្សេងៗក្នុងអាជីវកម្មប្រកបដោយភាពប្រាកដ និងត្រឹមត្រូវ។ បញ្ញាសិប្បនិម្មិតក៏អាចប្រើប្រាស់ការវិភាគទាំងនោះ រួចផ្តល់ជាយោបល់ក្នុងការដោះស្រាយបញ្ហា ឬការបង្កើននូវប្រសិទ្ធភាពអាជីវកម្ម។

វិស័យដែលអាចទទួលផលច្រើននៅកម្ពុជា

វិស័យមួយចំនួនក្នុងប្រទេសកម្ពុជាអាចនឹងទទួលផលច្រើនពីបញ្ញាសិប្បនិម្មិត។ ក្នុងនោះមាន អាជីវកម្មតូច និងមធ្យម (SMEs)។ អាជីវកម្មធុនតូចនិងមធ្យមនឹងទទួលបានផលច្រើនពីបញ្ញាសិប្បនិម្មិត បើសិនពួកគេចាប់ផ្តើមប្រើប្រាស់វាបានល្អ ជាពិសេសអាជីវកម្មទាំងនេះនឹងទទួលផលច្រើនពីការធ្វើទីផ្សារអនឡាញដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត។ ទេសចរណ៍ និងសណ្ឋាគារក៏ទទួលផលច្រើនពីបញ្ញាសិប្បនិម្មិត។ កំណើននៃការធ្វើទីផ្សារអនឡាញនឹងជួយបង្កើននូវចំនួនភ្ញៀវទេសចរណ៍កាន់តែច្រើន។ អាជីវកម្មអនឡាញឈរនៅលំដាប់ទីមួយពីបញ្ញាសិប្បនិម្មិត គឺវិស័យពាណិជ្ជកម្មអនឡាញ (E-Commerce) ដោយសារការធ្វើទីផ្សារអនឡាញ ការបង្កើតមាតិកាកាន់តែមានភាពងាយស្រួល ហើយសំបូរនូវអតិថិជនដែលប្រើប្រាស់អ៊ីនថឺណែត។ វិស័យកសិកម្មក៏អាចទទួលផលពីបញ្ញាសិប្បនិម្មិតផងដែរ តាមរយៈការធ្វើកសិកម្មបែបឆ្លាតវ័យ (Smart Farming)។

បញ្ហាប្រឈម និងដំណោះស្រាយ

បើទោះបីជាបញ្ញាសិប្បនិម្មិតមានសក្តានុពលខ្លាំងក្នុងការជួយដល់ការរីកចម្រើននៃអាជីវកម្មក្នុងប្រទេសកម្ពុជា យើងក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ។ ជាបឋម អ្នកប្រើប្រាស់នូវតែមានការខ្វះខាតនូវចំនេះដឹងផ្នែកបញ្ញាសិប្បនិម្មិតនេះនៅឡើយ ដែលការប្រើប្រាស់បញ្ញាសិប្បនិម្មិតបានល្អក៏ទាមទារនូវចំនេះដឹងផ្នែកភាសាអង់គ្លេស និងចំនេះដឹងនៃការច្នៃប្រឌិតផ្សេងៗ។ បញ្ញាសិប្បនិម្មិតអាចជួយជាជំនួយការសំរាប់ការងារ ដូចនេះចំនេះដឹងជំនាញជាស្នូលនៅតែសំខាន់ដែរ។ បញ្ហាមួយទៀតគឺថ្លៃចំនាយក្នុងការប្រើប្រាស់សេវាកម្មបញ្ញាសិប្បនិម្មិត។ បើទោះការប្រើបញ្ញាសិប្បនិម្មិតអាចធ្វើបានក្នុងលទ្ធភាពមួយដែលមិនចាំបាច់ប្រើប្រាស់លុយ ការប្រើប្រាស់ដែលស្មុគ្រស្មាញ ដូចជាការបង្កើតវីដេអូវែងៗ ជាដើមនៅតែទាមទារការបង់ថ្លៃសេវាកម្មតាមអនឡាញ។ បញ្ហាមួយវិញទៀតគឺបញ្ហាទិន្នន័យ និងសុវត្ថិភាព។ ការប្រើប្រាស់បញ្ញាសិប្បនិម្មិតតាមអ៊ីនថែណែតនៅតែចោទជាបញ្ហាជាមួយសុវត្ថិភាពនៃទិន្នន័យ ពិសេសក្នុងករណីអ្នកប្រើប្រាស់មិនសូវមានចំនេះដឹងខ្លាំងក្នុងការពារខ្លួនឯងតាមអនឡាញ។

ជាដំណោះស្រាយទៅលើបញ្ហាខាងលើ វាទាមទារនៅការបណ្តុះបណ្តាលច្បាស់លាស់ ត្រឹមត្រូវ ការរៀនបន្ថែមជានិច្ច ។ ចំពោះបញ្ហាការចំនាយ សំរាប់អ្នកដំបូង អ្នកគួរចាប់ផ្តើមប្រើប្រាស់ Tools ដែលថោក ឬឥតគិតថ្លៃសិន សឹមអ្នកទទួលបានប្រាក់ចំនេញពីវា ទើបអ្នកពិចារណាវិនិយោគក្នុងការប្រើប្រាស់ Tools ដែលទាមទារការចំនាយប្រាក់នៅពេលក្រោយ។ ជាចុងក្រោយ ការយល់ដឹងពីបញ្ញាសិប្បនិម្មិតមានសារសំខាន់ណាស់ ក្នុងការការពារខ្លួន និងភាពច្នៃប្រឌិតក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនេះ។

អនាគតនៃបញ្ញាសិប្បនិម្មិតនៅកម្ពុជា

នាពេលបច្ចុប្បន្ន ការប្រើប្រាស់បញ្ញាសិប្បនិម្មិតទើបតែចាប់ផ្តើមប៉ុណ្ណោះក្នុងប្រទេសកម្ពុជា សក្តានុពលនៃបញ្ញាសិប្បនិម្មិតក្នុងសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងកាន់តែច្រើនក្នុងប្រទេស។ អាជីវកម្មដែលចេះប្រើប្រាស់ បញ្ញាសិប្បនិម្មិត នឹងជួយអាជីវកម្មពួកគេឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ហើយរីកចម្រើនកាន់តែលឿន។ វាជាឳកាសដ៏ល្អប្រសើរសំរាប់សហគ្រិនក្នុងប្រទេសកម្ពុជាក្នុងការចាប់ផ្តើមប្រើប្រាស់ បញ្ញាសិប្បនិម្មិត ក្នុងអាជីវកម្មរបស់ពួកគេ។ មិនត្រឹមតែវិស័យអាជីវកម្ម បញ្ញាសិប្បនិម្មិតមានសក្តានុពលក្នុងការប្រើប្រាស់ក្នុងវិស័យផ្សេងៗជាច្រើនទៀត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។


យោងតាមការរៀបរាប់ខាងលើ បញ្ញាសិប្បនិម្មិតអាចត្រូវបានប្រើប្រាស់តាមវិធីសាស្ត្រជាច្រើន ដូចជា សេវាកម្មបំរើអតិថិជន​ ការធ្វើទីផ្សារឌីជីថល (Digital Marketing)​ ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម វិស័យហិរញ្ញវត្ថុ និងគណនេយ្យ​ ការសំរេចចិត្តក្នុងអាជីវកម្ម និងវិស័យជាច្រើនទៀត។ អាជីវកម្មគួរចាប់ផ្តើមទាញយកផលពីបញ្ញាសិប្បនិម្មិតនេះតាមតែអាចធ្វើបាន។ បើទោះបីមានបញ្ហាប្រឈមខ្លះៗ ការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងប្រទេសកម្ពុជានឹងមានការរីកចម្រើនកាន់តែច្រើននាពេលអនាគត។

Leave a Comment

Your email address will not be published. Required fields are marked *