Bitcoin និង គ្រីបតូ គឺជាអ្វី?

what is bitcoin and crypto

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពាក្យ Bitcoin, Cryptocurrency, Blockchain និង Crypto បានក្លាយជាពាក្យដែលគេនិយាយជាញឹកញាប់នៅក្នុងពិភពហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ មនុស្សមួយចំនួនមើលឃើញ Bitcoin ជាឱកាសវិនិយោគដ៏ធំ ខណៈអ្នកខ្លះទៀតមើលឃើញថាវាជាទ្រព្យសកម្មដែលមានហានិភ័យខ្ពស់ និងមានភាពប្រែប្រួលខ្លាំង។

សម្រាប់អ្នកដែលមិនធ្លាប់ស្គាល់ Cryptocurrency ពីមុន វាអាចមើលទៅស្មុគស្មាញ។ ប៉ុន្តែប្រសិនបើយើងបំបែកវាជាផ្នែកៗ យើងអាចយល់ពីគោលការណ៍សំខាន់ៗបានយ៉ាងងាយ។ អត្ថបទនេះនឹងពន្យល់ពី Bitcoin, Cryptocurrency, Blockchain និងអ្វីដែលអ្នកថ្មីគួរដឹង ប្រសិនបើចង់ចាប់ផ្តើមវិនិយោគដោយផ្តោតលើ ការកាត់បន្ថយហានិភ័យជាអទិភាព។

ចំណាំ: Cryptocurrency មិនមែនជាការវិនិយោគដែលមានហានិភ័យទាបនោះទេ។ Bitcoin អាចមានការឡើងចុះតម្លៃខ្លាំង ហើយអាចបាត់បង់តម្លៃយ៉ាងច្រើន។ ដូច្នេះ “ហានិភ័យទាប” ក្នុងអត្ថបទនេះ មានន័យថា វិធីសាស្ត្រដែលកាត់បន្ថយហានិភ័យក្នុងការចូលទៅក្នុង Crypto មិនមែនមានន័យថាការវិនិយោគនេះគ្មានហានិភ័យឡើយ។

អត្ថបទនេះមានគោលបំណងផ្តល់ព័ត៌មានដ៏ត្រឹមត្រូវអំពីហានិភ័យនៃគ្រីបតូ តែមិនផ្តល់នូវដំបូន្មានស្តីអំពីការវិនិយោគណាមួយឡើយ។ ដោយសារវិស័យនេះកំពុងតែរីកដុះដាល និងមានអ្នកស្គាល់កាន់តែច្រើនក្នុងប្រទេសកម្ពុជា ដូចនេះការយល់ដឹងពីហានិភ័យ និងការជៀសឲ្យផុតពីការឆបោកនានាគឺជារឿងសំខាន់សំរាប់ប្រជាជនកម្ពុជា។ អត្ថបទនេះនឹងជួយឲ្យអ្នកយល់ដឹងបានសព្វជ្រុងជ្រោយលើវិស័យនេះ។

១. Bitcoin គឺជាអ្វី?

Bitcoin គឺជាទ្រព្យសកម្មឌីជីថលដែលអាចផ្ទេរពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមបណ្តាញ Bitcoin ដោយមិនចាំបាច់មានធនាគារកណ្តាលជាអ្នកគ្រប់គ្រងប្រព័ន្ធ។ Bitcoin ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2009 ហើយជាប្រព័ន្ធដែលប្រើបច្ចេកវិទ្យា Blockchain ដើម្បីកត់ត្រាប្រតិបត្តិការ។

ចំណុចសំខាន់មួយរបស់ Bitcoin គឺការផ្គត់ផ្គង់មានកំណត់។ ពិធីការរបស់ Bitcoin កំណត់ថា ចំនួន Bitcoin សរុបអតិបរមានឹងមានប្រហែល 21 លាន Bitcoin ហើយការបង្កើត Bitcoin ថ្មីត្រូវបានកាត់បន្ថយជាបន្តបន្ទាប់តាមយន្តការរបស់ប្រព័ន្ធ។ នេះជាមូលហេតុមួយដែលអ្នកគាំទ្រ Bitcoin មួយចំនួនប្រៀបធៀបវាទៅនឹង “មាសឌីជីថល” ព្រោះការផ្គត់ផ្គង់របស់វាមានកំណត់។

ប៉ុន្តែការប្រៀបធៀបនេះមិនមានន័យថា Bitcoin មានហានិភ័យដូចគ្នានឹងមាសនោះទេ។ តម្លៃ Bitcoin អាចប្រែប្រួលខ្លាំងជាងទ្រព្យសកម្មបែបប្រពៃណីជាច្រើន។

២. Cryptocurrency គឺជាអ្វី?

Cryptocurrency គឺជាពាក្យទូទៅសម្រាប់ទ្រព្យសកម្មឌីជីថលជាច្រើនដែលប្រើបច្ចេកវិទ្យា Blockchain ឬ Distributed Ledger Technology ដើម្បីបង្កើត ផ្ទេរ និងកត់ត្រាកម្មសិទ្ធិ។ Bitcoin គឺជា Cryptocurrency មួយប្រភេទ ប៉ុន្តែ Cryptocurrency មិនមែនមានតែ Bitcoin ទេ។

ឧទាហរណ៍មានដូចជា៖

  • Bitcoin (BTC)
  • Ethereum (ETH)
  • Solana (SOL)
  • XRP
  • និង Cryptocurrency ឬ Token ជាច្រើនទៀត

Cryptocurrency នីមួយៗអាចមានគោលបំណង និងបច្ចេកវិទ្យាខុសៗគ្នា។ ដូច្នេះ ការដែល Cryptocurrency មួយមានតម្លៃខ្ពស់ មិនមានន័យថា Cryptocurrency ផ្សេងទៀតនឹងមានតម្លៃដូចគ្នាឡើយ។

៣. Blockchain គឺជាអ្វី?

ដើម្បីយល់ពី Cryptocurrency យើងត្រូវយល់ពី Blockchain ជាមុនបន្តិច។ Blockchain អាចស្រមៃថាជា សៀវភៅកត់ត្រាឌីជីថល ដែលរក្សាទុកប្រវត្តិនៃប្រតិបត្តិការជាបន្តបន្ទាប់។ ជំនួសឱ្យការរក្សាទុកទិន្នន័យនៅលើកុំព្យូទ័ររបស់ស្ថាប័នតែមួយ Blockchain អាចចែករំលែកទិន្នន័យទៅកាន់បណ្តាញកុំព្យូទ័រជាច្រើន។

សម្រាប់ Bitcoin អ្នកចូលរួមក្នុងបណ្តាញអាចផ្ទៀងផ្ទាត់ប្រតិបត្តិការ និងរក្សាសុវត្ថិភាពនៃបណ្តាញតាមរយៈយន្តការរបស់ Bitcoin។ Bitcoin ប្រើយន្តការ Proof of Work ដែលពាក់ព័ន្ធនឹងការជីកកាក់ ឬ Mining ដោយប្រើប្រាស់កុំព្យូទ័រ និងអ៊ីនថឺណែត។ អ្នកជីកកាក់ប្រើឧបករណ៍កុំព្យូទ័រពិសេសដើម្បីដំណើរការប្រតិបត្តិការ និងជួយការពារបណ្តាញ ហើយប្រព័ន្ធផ្តល់រង្វាន់តាមច្បាប់របស់ពិធីការ។

៤. ហេតុអ្វីបានជា Bitcoin មានតម្លៃ?

នេះជាសំណួរដែលសំខាន់ណាស់។ Bitcoin មិនមានរោងចក្រដែលផលិតប្រាក់ចំណេញដូចក្រុមហ៊ុនមួយទេ។ ដូច្នេះ តម្លៃរបស់វាមិនដំណើរការដូចការវាយតម្លៃភាគហ៊ុនក្រុមហ៊ុនឡើយ។ តម្លៃ Bitcoin ត្រូវបានជំរុញដោយកត្តាជាច្រើន ដូចជា៖

  • តម្រូវការ និងការផ្គត់ផ្គង់
  • ការជឿជាក់របស់អ្នកប្រើប្រាស់
  • ការប្រើប្រាស់បណ្តាញ
  • ការចូលរួមរបស់ស្ថាប័ន
  • បរិយាកាសហិរញ្ញវត្ថុ និងសេដ្ឋកិច្ច
  • ច្បាប់ និងបទប្បញ្ញត្តិ
  • អារម្មណ៍របស់ទីផ្សារ
  • ការរំពឹងទុកអំពីអនាគត

និយាយឱ្យសាមញ្ញ៖ មនុស្សមានឆន្ទៈទិញ Bitcoin ក្នុងតម្លៃមួយ ព្រោះពួកគេជឿថាវាមានតម្លៃ ឬអាចមានតម្លៃខ្ពស់ជាងនេះនៅពេលអនាគត។ នេះក៏ជាមូលហេតុដែល Bitcoin អាចឡើង និងចុះយ៉ាងលឿន។

៥. Bitcoin ខុសពី Cryptocurrency ផ្សេងៗយ៉ាងដូចម្តេច?

Bitcoin គឺជា Cryptocurrency ដំបូង និងមានលក្ខណៈពិសេសមួយចំនួនដែលធ្វើឱ្យវាខុសពី Crypto ផ្សេងៗ។ ឧទាហរណ៍ Ethereum ត្រូវបានបង្កើតឡើងជាបណ្តាញដែលអាចដំណើរការ កិច្ចសន្យាឆ្លាតវ័យ (Smart Contracts) និងកម្មវិធីវិមជ្ឈការ (Decentralized Applications)។ Cryptocurrency ផ្សេងៗទៀតអាចផ្តោតលើការទូទាត់ ការផ្ទេរទិន្នន័យ DeFi Gaming, Tokenization ឬគោលបំណងផ្សេងៗ។ ដូច្នេះ វាមិនគួរយល់ថា “Crypto ទាំងអស់គឺដូចគ្នា” នោះទេ។

៦. តើ Cryptocurrency មានហានិភ័យអ្វីខ្លះ?

មុនពេលនិយាយពីការវិនិយោគ យើងគួរយល់ពីផ្នែកដែលមិនសូវគួរឱ្យចាប់អារម្មណ៍ជាមុន ហើយនោះគឺហានិភ័យ។ ហានិភ័យនៃការវិនិយោគលើ Cryptocurrency មានដូចខាងក្រោម៖

ហានិភ័យទី១៖ តម្លៃប្រែប្រួលខ្លាំង

Bitcoin និង Crypto អាចឡើង ឬចុះយ៉ាងខ្លាំងក្នុងរយៈពេលខ្លី។ អ្នកអាចទិញ Bitcoin ហើយឃើញតម្លៃធ្លាក់យ៉ាងខ្លាំងបន្ទាប់ពីនោះ។ ដូច្នេះ អ្នកដែលមិនអាចទ្រាំនឹងការធ្លាក់ចុះធំៗ គួរប្រុងប្រយ័ត្នខ្លាំង។ SEC ក៏បានព្រមានថា Crypto assets អាចមានភាពប្រែប្រួល និងការរំពឹងទុកខ្ពស់ ហើយហានិភ័យនៃការខាតបង់សម្រាប់អ្នកវិនិយោគអាចមានសារៈសំខាន់។

ហានិភ័យទី២៖ Scam និងការឆបោក

Crypto មានការឆបោកជាច្រើនប្រភេទ។

ឧទាហរណ៍៖

  • “វិនិយោគ $1,000 ហើយទទួលបាន 20% ក្នុងមួយខែ”
  • “ការធានាប្រាក់ចំនេញ”
  • “ការជួញដូរកាក់គ្រីបតូដោយបញ្ញាសិប្បនិម្មិត”
  • “ផ្ញើ Bitcoin មកខ្ញុំ ហើយខ្ញុំនឹងបង្កើនវាឱ្យទ្វេដង”
  • ទីផ្សារជួញដូរក្លែងក្លាយ (Fake exchange)
  • កម្មវិធីវិនិយោគក្លែងក្លាយ (Fake investment platform)
  • ការផ្តល់អំនោយក្លែងក្លាយ (Fake giveaway)

ការសន្យាថា ប្រាក់ចំណេញខ្ពស់ដោយគ្មានហានិភ័យ គឺជាសញ្ញាព្រមានដ៏សំខាន់។

ហានិភ័យទី៣៖ Private Key និង Seed Phrase

Crypto មិនដូចគណនីធនាគារធម្មតាទេ។ ប្រសិនបើអ្នកប្រើ កាបូបគ្រីបតូ (Crypto wallet) អ្នកត្រូវយល់ពី Private Key និង Seed Phrase។

វាជាគន្លឹះសំខាន់សម្រាប់ការគ្រប់គ្រងទ្រព្យសកម្មរបស់អ្នក។ បើអ្នកបាត់ Seed Phrase ឬប្រគល់វាទៅឱ្យអ្នកដទៃ អ្នកអាចបាត់បង់ការគ្រប់គ្រងលើ Crypto របស់អ្នក។ សម្រាប់អ្នកប្រើប្រាស់ អ្នកមិនគួរចែករំលែក Private Keys ឬ Seed Phrase និងគួរប្រើពាក្យសម្ងាត់ខ្លាំងៗ និង Multi-Factor Authentication។

ហានិភ័យទី៤៖ Exchange និង Platform

អ្នកអាចទិញ Crypto តាមរយៈ Exchange ប៉ុន្តែ Exchange ក៏មានហានិភ័យផងដែរ។ Platform អាចជួបបញ្ហាបច្ចេកទេស ត្រូវ Hack បិទដំណើរការ ឬមានបញ្ហាហិរញ្ញវត្ថុ។ អ្នកវិនិយោគក៏អាចមិនទទួលបានការការពារដូចគ្នានឹងគណនីធនាគារ ឬការវិនិយោគក្នុងប្រព័ន្ធហិរញ្ញវត្ថុដែលមានការគ្រប់គ្រងជាក់លាក់។

៧. តើអ្នកថ្មីគួរវិនិយោគ Bitcoin ឬ Crypto យ៉ាងដូចម្តេច?

ប្រសិនបើអ្នកជាអ្នកថ្មី គោលដៅដំបូងមិនគួរជា៖ “តើខ្ញុំអាចរកលុយបានលឿនប៉ុណ្ណា?” គោលដៅគួរតែជា៖ “តើខ្ញុំអាចចូលទៅក្នុងទីផ្សារនេះដោយមិនធ្វើឱ្យជីវិតហិរញ្ញវត្ថុរបស់ខ្ញុំខូចខាតបានយ៉ាងដូចម្តេច?”

ខាងក្រោមនេះជាវិធីសាស្ត្រដែលមានភាពអភិរក្សជាងសម្រាប់អ្នកចាប់ផ្តើម៖

ជំហានទី១៖ កុំយកប្រាក់ដែលអ្នកត្រូវការប្រើប្រាស់មកវិនិយោគ

សូមកុំប្រើ៖

  • ប្រាក់សម្រាប់បង់ថ្លៃផ្ទះ
  • ប្រាក់សម្រាប់អាហារ
  • ប្រាក់សម្រាប់ថ្លៃសិក្សា
  • ប្រាក់បន្ទាន់
  • ប្រាក់ដែលខ្ចីគេ
  • ប្រាក់ដែលអ្នកត្រូវការក្នុងពេលខ្លី

Crypto គួរតែជាប្រាក់ដែល ប្រសិនបើវាធ្លាក់ចុះយ៉ាងខ្លាំង អ្នកនៅតែអាចរស់នៅធម្មតាបាន។ សូម្បីតែអ្នកវិនិយោគដែលមានបទពិសោធន៍ក៏គួរយល់ថា Crypto ជាទ្រព្យសកម្មដែលមានហានិភ័យខ្ពស់ដែរ។

ជំហានទី២៖ ចាប់ផ្តើមតូចបំផុត

អ្នកមិនចាំបាច់មាន $10,000 ដើម្បីចាប់ផ្តើម Bitcoin ទេ។ អ្នកអាចចាប់ផ្តើមដោយចំនួនតូចមួយដែលមិនប៉ះពាល់ដល់ជីវភាពរបស់អ្នក។ ឧទាហរណ៍ ប្រសិនបើអ្នកកំណត់ថា Crypto គួរតែជាផ្នែកតូចមួយនៃទ្រព្យសម្បត្តិវិនិយោគរបស់អ្នក អ្នកអាចចាប់ផ្តើមពីចំនួនតូចជាងនេះ ហើយបង្កើនបន្តិចម្តងៗ ប្រសិនបើអ្នកយល់ពីហានិភ័យកាន់តែច្បាស់។ កុំចាប់ផ្តើមដោយគំនិតថា “ខ្ញុំត្រូវរកលុយឱ្យបានច្រើន”។ ចាប់ផ្តើមដោយគំនិតថា “ខ្ញុំកំពុងរៀន”។

ជំហានទី៣៖ ពិចារណា DCA ជំនួសការដាក់ទុនម្តងធំ

វិធីមួយដែលអ្នកថ្មីអាចប្រើដើម្បីកាត់បន្ថយហានិភ័យនៃការចូលទីផ្សារខុសពេល គឺ Dollar-Cost Averaging (DCA)។

ឧទាហរណ៍៖ ជំនួសឱ្យការយក $1,200 ទៅទិញ Bitcoin ក្នុងថ្ងៃតែមួយ អ្នកអាចបែងចែកជា $100 ក្នុងមួយខែរយៈពេល 12 ខែ។

អត្ថប្រយោជន៍គឺ អ្នកមិនចាំបាច់ទាយថា “តម្លៃថ្ងៃនេះជាតម្លៃទាបបំផុតឬអត់?”។ ប៉ុន្តែ DCA ក៏មិនធានាប្រាក់ចំណេញទេ។ ប្រសិនបើ Bitcoin ធ្លាក់ចុះយូរ អ្នកនៅតែអាចខាតបាន។ DCA គ្រាន់តែជាវិធីគ្រប់គ្រងពេលវេលាចូលទីផ្សារ មិនមែនជាវិធីលុបបំបាត់ហានិភ័យឡើយ។

ជំហានទី៤៖ ប្រសិនបើអ្នកថ្មី សូមកុំប្រញាប់ទៅរក Altcoins

នេះជាចំណុចដែលអ្នកថ្មីជាច្រើនធ្វើខុស។ ពេលឃើញ Bitcoin មានតម្លៃខ្ពស់ ពួកគេចាប់ផ្តើមគិតថា៖ “Bitcoin ថ្លៃពេកហើយ។ ខ្ញុំទៅរក Coin ដែលមានតម្លៃ $0.01 វិញ ប្រហែលជាឡើង 100 ដងបាន!”

នេះជាការយល់ច្រឡំ។ តម្លៃ Coin មួយមិនអាចប្រាប់ថាវាថោក ឬថ្លៃបានទេ។ អ្នកត្រូវមើល Market Capitalization, Supply, Tokenomics, Technology, Adoption និងហានិភ័យរបស់គម្រោង។ សម្រាប់អ្នកថ្មីដែលចង់ផ្តោតលើការកាត់បន្ថយហានិភ័យ វាមានហេតុផលក្នុងការសិក្សា Bitcoin ជាមុនសិន មុនពេលចាប់ផ្តើមចូលទៅក្នុង Altcoins ជាច្រើន។

ជំហានទី៥៖ កុំប្រើ Leverage (ការខ្ចីលុយដើម្បីបង្កើនទុន)

នេះគឺជាច្បាប់សំខាន់មួយសម្រាប់អ្នកថ្មី។ កុំខ្ចីលុយដើម្បីទិញ Bitcoin។ ហើយជាពិសេស កុំប្រើ Futures ឬ Leverage ដោយគ្រាន់តែចង់បង្កើនប្រាក់ចំណេញ។

ឧទាហរណ៍ ប្រសិនបើអ្នកមាន $1,000 ហើយប្រើ 10x leverage អ្នកកំពុងគ្រប់គ្រង Position ដែលមានទំហំប្រហែល $10,000។ ការឡើងតិចតួចអាចធ្វើឱ្យប្រាក់ចំណេញធំ ប៉ុន្តែការធ្លាក់ចុះក៏អាចធ្វើឱ្យអ្នកបាត់បង់ប្រាក់យ៉ាងឆាប់រហ័ស។

សម្រាប់អ្នកថ្មី Spot ជាទូទៅមានរចនាសម្ព័ន្ធសាមញ្ញជាង Futures និងមិនមានការបង្ខំ Liquidation ដូច Position ដែលមាន Leverage ទេ។ ប៉ុន្តែ Spot Bitcoin នៅតែអាចធ្លាក់ចុះយ៉ាងខ្លាំង។

ជំហានទី៦៖ ជ្រើសរើស Platform ដោយប្រុងប្រយ័ត្ន

កុំជ្រើសរើស Exchange ដោយសារតែ YouTuber ឬ Influencer ម្នាក់និយាយថាល្អ។ ចូរពិនិត្យ៖

  • ប្រវត្តិរបស់ក្រុមហ៊ុន
  • សុវត្ថិភាពគណនី
  • 2FA​ Authentication
  • គោលនយោបាយដកប្រាក់
  • ថ្លៃឈ្នួល
  • ប្រទេសដែលវាអនុញ្ញាតឱ្យប្រើប្រាស់
  • ការគ្រប់គ្រង និងបទប្បញ្ញត្តិដែលពាក់ព័ន្ធ
  • ប្រវត្តិនៃការបាត់បង់ ឬបញ្ហាសុវត្ថិភាព

ហើយសាកល្បងដាក់ និងដកប្រាក់ចំនួនតូចជាមុនសិន។

៨. តើគួរទុក Bitcoin នៅ Exchange ឬ Wallet?

នេះជាសំណួរដែលអ្នកថ្មីជាច្រើនចាប់ផ្តើមសួរ។ វាមានពីរគំនិតធំៗ៖

១.​ Exchange custody៖ អ្នកទុក Crypto នៅ Platform ហើយ Platform គ្រប់គ្រង Private Keys សម្រាប់អ្នក។

២. Self-custody៖​ អ្នកប្រើ Wallet ដែលអ្នកគ្រប់គ្រង Private Keys ដោយខ្លួនឯង។

Self-custody អាចផ្តល់ការគ្រប់គ្រងខ្ពស់ជាង ប៉ុន្តែវាក៏មានទំនួលខុសត្រូវខ្ពស់ជាងផងដែរ។ ប្រសិនបើអ្នកបាត់ Seed Phrase អ្នកអាចមិនអាចចូលទៅកាន់ទ្រព្យសម្បត្តិរបស់អ្នកបាន។ ដូច្នេះ អ្នកថ្មីមិនគួរប្រញាប់ទិញ Hardware Wallet ដោយមិនយល់ពីរបៀបប្រើប្រាស់នោះទេ។ រៀនពីសុវត្ថិភាពជាមុន បន្ទាប់មកទើបបង្កើនទំហំទុន។

៩. តើអ្នកថ្មីគួរជ្រើសរើស Bitcoin ឬ Crypto ជាច្រើន?

ប្រសិនបើគោលដៅគឺ កាត់បន្ថយហានិភ័យ វាមិនចាំបាច់មានន័យថាត្រូវទិញ Crypto ច្រើនប្រភេទនោះទេ។ Crypto 20 ប្រភេទមិនមានន័យថាអ្នកមានការបែងចែកហានិភ័យល្អឡើយ ប្រសិនបើទ្រព្យសកម្មទាំងនោះសុទ្ធតែមានហានិភ័យខ្ពស់ និងអាចធ្លាក់ចុះជាមួយគ្នា។

អ្នកថ្មីអាចផ្តោតលើការយល់ដឹងពី Bitcoin ជាមុន ហើយសិក្សាពី Ethereum និង Altcoins ផ្សេងៗនៅពេលក្រោយ។ ការមិនទិញអ្វីដែលអ្នកមិនយល់ គឺជាវិធីការពារទុនមួយដែលល្អបំផុត។

១០. តើគួរវិនិយោគប៉ុន្មានភាគរយនៃទ្រព្យសម្បត្តិ?

មិនមានលេខមួយដែលសមស្របសម្រាប់មនុស្សគ្រប់គ្នាទេ។ មនុស្សដែលមានប្រាក់សន្សំច្រើន មានប្រាក់ចំណូលមានស្ថិរភាព និងអាចទ្រាំនឹងការធ្លាក់ចុះធំៗ អាចមានសមត្ថភាពទទួលហានិភ័យខុសពីមនុស្សដែលមានបំណុលច្រើន ឬមិនទាន់មាន ប្រាក់បំរុងសំរាប់ពេលអាសន្ន។

សម្រាប់អ្នកថ្មី គំនិតសំខាន់គឺ៖ Crypto គួរតែជាផ្នែកមួយដែលអ្នកអាចទទួលការខាតបង់បាន មិនមែនជាមូលដ្ឋានសម្រាប់ជីវិតហិរញ្ញវត្ថុរបស់អ្នកទេ។

មុនពេលចាប់ផ្តើម Crypto គួរពិចារណាបង្កើត ប្រាក់បំរុងសំរាប់ពេលអាសន្ន (Emergency Fund) និងដោះស្រាយបំណុលការប្រាក់ខ្ពស់ជាមុន។ SEC ក៏ណែនាំឱ្យអ្នកវិនិយោគពិចារណាបង់បំណុលការប្រាក់ខ្ពស់ និងរៀបចំការបែងចែកទ្រព្យសម្បត្តិឱ្យសមស្របនឹងកម្រិតហានិភ័យរបស់ខ្លួន។

១១. អ្វីដែលអ្នកថ្មីគួរជៀសវាង

ប្រសិនបើអ្នកចង់វិនិយោគ Crypto ដោយមានភាពអភិរក្ស សូមប្រយ័ត្នចំពោះ៖

❌ ការខ្ចីលុយមកទិញ Bitcoin

❌ Futures និង Leverage ខ្ពស់

❌ Meme Coins ដោយសារតែ FOMO

❌ ការទិញ Coin ព្រោះ Influencer ណាម្នាក់ណែនាំ

❌ ការជឿលើ “Guaranteed Return”

❌ ការផ្ញើ Crypto ទៅឱ្យមនុស្សដែលស្គាល់តាម Online

❌ ការប្រគល់ Seed Phrase ឬ Private Key

❌ ការដាក់ទុនទាំងអស់នៅក្នុង Crypto

❌ ការព្យាយាមចាប់ ចំនុចកំពូល និង ចំនុចបាតនៃតម្លៃ ជារៀងរាល់ថ្ងៃ

Crypto មានការឆបោកជាច្រើន ហើយការសន្យាផ្តល់ប្រាក់ចំណេញខ្ពស់ដោយមានហានិភ័យតិច ឬគ្មានហានិភ័យ គឺជាសញ្ញាព្រមានដែលគួរឱ្យប្រុងប្រយ័ត្ន។

១២. ចុះ Cryptocurrency នៅកម្ពុជា?

សម្រាប់អ្នករស់នៅប្រទេសកម្ពុជា ចំណុចសំខាន់មួយគឺ ត្រូវពិនិត្យច្បាប់ និងបទប្បញ្ញត្តិដែលកំពុងមានសុពលភាព មុនពេលប្រើប្រាស់សេវា Crypto។

ធនាគារជាតិនៃកម្ពុជា (NBC), គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីថ្លែងការណ៍រួមកាលពីឆ្នាំ 2018 ដោយព្រមានអំពីការផ្សព្វផ្សាយ ទិញ លក់ ជួញដូរ និងទូទាត់ Cryptocurrency ដោយគ្មានអាជ្ញាបណ្ណពីអាជ្ញាធរមានសមត្ថកិច្ច។

ទន្ទឹមនឹងនេះ ក្របខណ្ឌច្បាប់កម្ពុជា ក៏បានបន្តវិវត្ត។ ទំព័រច្បាប់របស់ធនាគារជាតិនៃកម្ពុជា បង្ហាញ ប្រកាសស្តីអំពីប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យគ្រីបតូ ចុះថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2024 ហើយឯកសារថ្មីៗរបស់ធនាគារជាតិនៃកម្ពុជា ក៏ពិពណ៌នាអំពីការគ្រប់គ្រង ប្រតិបត្តិការនៃទ្រព្យគ្រីបតូ និង ការកាន់កាប់ទ្រព្យគ្រីបតូ របស់ស្ថាប័នហិរញ្ញវត្ថុផងដែរ។

ដូច្នេះ អ្នកមិនគួរសន្មត់ថា “Crypto គឺស្របច្បាប់គ្រប់ប្រភេទ និងអាចប្រើបានគ្រប់របៀបនៅកម្ពុជា” ឡើយ។ ត្រូវពិនិត្យបទប្បញ្ញត្តិថ្មីបំផុត និងលក្ខខណ្ឌរបស់ស្ថាប័នដែលអ្នកប្រើប្រាស់ជាក់ស្តែង។

គួរបែងចែកផងដែររវាង Bitcoin/Crypto និង បាគង។ បាគង គឺជាប្រព័ន្ធទូទាត់ដែលបង្កើត និងគ្រប់គ្រងក្រោមប្រព័ន្ធរបស់ធនាគារជាតិនៃកម្ពុជា ហើយវាប្រើបច្ចេកវិទ្យា Blockchain ប៉ុន្តែវាមិនមែនមានន័យថា បាគង គឺជា Bitcoin ឬ Cryptocurrency នោះទេ។

១៣. តើ Bitcoin សមស្របសម្រាប់អ្នកគ្រប់គ្នាឬទេ?

វាមិនមែនទេ។ Bitcoin អាចជាទ្រព្យសកម្មដែលគួរឱ្យចាប់អារម្មណ៍សម្រាប់មនុស្សមួយចំនួន ប៉ុន្តែមិនមែនជាទ្រព្យសកម្មដែលមនុស្សគ្រប់គ្នាត្រូវតែមានឡើយ។ ប្រសិនបើអ្នកមិនអាចទ្រាំនឹងការធ្លាក់ចុះ 30% 40% ឬច្រើនជាងនេះបាន អ្នកគួរគិតឱ្យបានម៉ត់ចត់មុនពេលវិនិយោគក្នុង Bitcoin។

ប្រសិនបើការធ្លាក់ចុះរបស់ Bitcoin ធ្វើឱ្យអ្នកគេងមិនលក់ ឬប៉ះពាល់ដល់ការចំណាយប្រចាំថ្ងៃ នោះមានន័យថាទំហំវិនិយោគរបស់អ្នកប្រហែលជាធំពេកសម្រាប់កម្រិតហានិភ័យរបស់អ្នក។

សេចក្តីសន្និដ្ឋាន៖ ចាប់ផ្តើមដោយការពារខ្លួន មិនមែនដោយការដេញតាមប្រាក់ចំណេញ

Bitcoin និង Cryptocurrency គឺជាបច្ចេកវិទ្យា និងប្រភេទទ្រព្យសកម្មថ្មីដែលគួរឱ្យសិក្សា។ វាអាចផ្តល់ឱកាស ប៉ុន្តែវាក៏មានហានិភ័យខ្ពស់ផងដែរ។ សម្រាប់អ្នកថ្មី វិធីសាស្ត្រដែលមានភាពអភិរក្សជាងគេ មិនមែនជាការស្វែងរក Coin ដែលអាចឡើង 100 គុណនោះទេ។ តែវាគឺជា៖

  • សិក្សាមុនពេលទិញ
  • ចាប់ផ្តើមដោយទុនតូច
  • ប្រើតែប្រាក់ដែលអាចទទួលការខាតបង់បាន
  • ពិចារណា DCA ជំនួសការដាក់ទុនធំម្តង
  • កុំប្រើ Leverage
  • កុំដេញតាម Altcoins ដោយសារតែខ្លាចខកខានការចំនេញ
  • ការពារ Account, Private Key និង Seed Phrase ឱ្យបានល្អ
  • កុំជឿលើការសន្យាថាប្រាក់ចំណេញត្រូវបានធានា
  • ពិនិត្យច្បាប់ និងបទប្បញ្ញត្តិក្នុងប្រទេសរបស់អ្នក
  • ចងចាំថា ការមិនវិនិយោគ ក៏ជាជម្រើសមួយដែរ។

ការវិនិយោគដ៏ល្អមិនមែនជាការវិនិយោគដែលអាចធ្វើឱ្យអ្នកមានលុយលឿនបំផុតទេ។ វាគឺជាការវិនិយោគដែលអ្នកអាចយល់បាន គ្រប់គ្រងហានិភ័យបាន និងអាចរស់នៅជាមួយវាបានក្នុងរយៈពេលវែង។

សម្រាប់អ្នកថ្មីក្នុង Bitcoin និង Crypto គោលដៅដំបូងគួរតែជា “កុំបាត់បង់ទុនដោយសារអ្វីដែលខ្លួនមិនយល់” មុននឹងគិតអំពី “តើខ្ញុំអាចរកបានប៉ុន្មាន?”

Leave a Comment

Your email address will not be published. Required fields are marked *